ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ជាង៥ឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៧០លានដុល្លារ ពីការលក់លេខពិសេស
26, Mar 2022 , 7:59 pm        
រូបភាព
រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន។
រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន។
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបាន ៧០ ១៨២ ០៥៧ដុល្លារអាម៉េរិក ពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ស្មើនឹង ២០១ ៩៨០លេខ គិតចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។


 
បើតាមក្រសួងសាធារណការដដែល ចំណូលបានពីការលក់លេខចុះពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ក្នុងឆ្នាំ២០២១កន្លងទៅនេះ ទទួលបានចំណូលថវិកាសរុបជាង ១៧លានដុល្លារ កើនឡើងប្រមាណ ៩ភាគរយ ធៀបនឹងឆ្នាំ ២០២០។ 
 
នាកិច្ចប្រជុំជជែកពិភាក្សា ពីរបាយការណ៍សកម្មភាពការងារលក់លេខចុះបញ្ជីរថយន្ត បានលើកឡើងពីការជ្រើសរើសក្រុមហ៊ុនគោលដៅចំនួន១៤ ដែលជំរុញការលក់លេខពិសេសផ្ទាល់ខ្លួន ក្នុងតម្លៃឯកតា ព្រមព្រៀងណាមួយ។
 
ជាមួយគ្នានេះ នាកិច្ចប្រជុំនោះ ក៏បាននិយាយពីការ ពិនិត្យលើបញ្ជីឈ្មោះម៉ាកកម្មសិទ្ធិបញ្ញា ដែលទទួលបានពីក្រសួងពាណិជ្ជកម្ម មានជាង៦ម៉ឺន ដើម្បីដាក់បញ្ជូលក្នុងប្រព័ន្ធគោលការណ៍ ក្នុងការចាប់សញ្ញាចុច (DOT) ក្នុងការគណនាតម្លៃលេខទាំងឡាយណាដែលមានតួលេខ១៦៨។ ជាពិសេសការកែសម្រួលរូបមន្តដែលទើបបង្កើតថ្មីជាង ៦០០រូបមន្ត និងបញ្ជីឈ្មោះ ក្រុមហ៊ុនពីពាណិជ្ជកម្មផងដែរ។ 
 
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការបង្កើតឱ្យមានលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គឺដើម្បីបន្ថែមជម្រើសដល់ពលរដ្ឋ និងរកចំណូលជូនរដ្ឋ។ ស្លាកលេខនេះ មានតម្លៃចាប់ពី ២លានរៀល ដល់ ១ ពាន់លានរៀល ប៉ុន្តែសម្រាប់ការដេញថ្លៃស្លាកលេខពិសេស អាចមានតម្លៃខ្ពស់ជាងនេះ។ 
 
ម្យ៉ាងទៀត តម្លៃស្លាកលេខទាប ឬខ្ពស់ អាស្រ័យលើប្រភេទលេខ ឬតួអក្សរផងដែរ។ សូមជម្រាបផងដែរថា ស្លាកលេខចុះបញ្ជីពិសេសនេះ ជាស្លាកលេខដែលអាចដាក់ឈ្មោះ ជាអក្សរឡាតាំង ឬលេខ មិនលើសពី៨ខ្ទង់ ដោយផ្នែកខាងលើមានពាក្យកម្ពុជា និងផ្នែកខាងក្រោមមានពាក្យ Cambodia។ ចំណែកម្ចាស់យានយន្តក៏អាចរក្សាទុកស្លាកលេខនេះបានផងដែរ ពេលផ្ទេរកម្មសិទ្ធិរថយន្ត សម្រាប់ទុកប្រើជាមួយរថយន្តថ្មី៕

Tag:
 លេខពិសេស
  ក្រសួងសាធារណការ និងដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com