ជាតិ
ក្រសួង សម្រេចបង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិជាអចិន្ត្រៃយ៍ និងស្រាវជ្រាវរកបទល្មើសនេសាទ នៅបឹងទន្លេសាប
27, Mar 2022 , 4:37 pm        
រូបភាព
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាប ត្រង់ចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ (រូបពីហ្វេសប៊ុកលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា)
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាប ត្រង់ចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ (រូបពីហ្វេសប៊ុកលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា)
ភ្នំពេញ៖ ថ្នាក់ដឹកនាំអន្តរក្រសួង បានព្រមព្រៀងគ្នា សម្រេចបង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិជាអចិន្ត្រៃយ៍ និងកំណត់ឧបករណ៍នេសាទនៅបឹងទន្លេសាប ទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់ ក្រោយពីមានបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

 
កិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយលោក វេង សាខុន រដ្ឋមន្រ្តីមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចជាឯកច្ឆ័ន ក្នុងការប្រគល់ភារកិច្ចឱ្យអភិបាលខេត្តទាំង៦ នៅជុំវិញបឹងទន្លេសាប សហការជាមួយប្រធានតុលាការ និងព្រះរាជអាជ្ញា ត្រួតពិនិត្យ និងស្រាវជ្រាវរាល់សំណុំរឿងបទល្មើសនេសាទ នៅក្រោមដែនសមត្ថកិច្ចខ្លួន យកចាត់ការតាមផ្លូវច្បាប់ ដើម្បីពង្រឹងប្រសិទ្ធភាពច្បាប់ និងការពារធនធានធម្មជាតិ ។ ជាពិសេសធនធានជលផល នៅតំបន់បឹងទន្លេសាប។
 
ជាមួយគ្នានេះ មេដឹកនាំអន្តរក្រសួងទាំងនោះ ក៏សម្រេចបង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិជាអចិន្ត្រៃយ៍ នៅទីតាំងសំខាន់ៗចំនួន០២កន្លែងជាបឋម ក្នុងចំណាម ៥កន្លែង នៅបឹងទន្លេសាប ដើម្បីតាមដានត្រួតពិនិត្យរាល់សកម្មភាពល្មើសជលផលជាប្រចាំ និងធ្វើអន្តរាគមន៍តាមការចាំបាច់។ ក្រៅពីនេះ ក៏មានការកំណត់ឧបករណ៍សំខាន់មួយចំនួន ដែលជនល្មើសប្រើប្រាស់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល ដើម្បីបង្ក្រាបជាបន្ទាន់។


 
ចំណែកគណៈបញ្ជាការឯកភាពថ្នាក់ខេត្តទាំង៦ ត្រូវបង្កើតទីបញ្ជាការស្រាល នៅតាមបណ្តាទីតាំងចំបាច់សំខាន់ៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាពិសេសចាត់តាំងមន្រ្តីក្រោមឱវាទរបស់ខ្លួន ឱ្យផ្សព្វផ្សាយជាបន្ទាន់នូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បទល្មើសជលផល តាមរយៈការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព។
 
អភិបាលខេត្តជុំវិញបឹងទន្លេសាប ក៏ត្រូវចាត់មន្រ្តី​ឱ្យធ្វើជំរឿន និងការស្រាវជ្រាវរកឧបករណ៍ និងមធ្យោបាយដែលប្រព្រឹត្តបទល្មើសជាបន្ទាន់ រួមទាំងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ចំពោះបទល្មើសនេសាទ និងជនល្មើសនេសាទ ដែលបំផ្លិចបំផ្លាញធនធានជលផលនៅតំបន់បឹងទន្លេសាប។
 
បន្ថែមពីនេះ អភិបាលខេត្ត ក៏ត្រូវផ្តល់ការគាំទ្រ កិច្ចសហការ និងសម្របសម្រួលចាំបាច់នានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់ក្រុមការងារថ្នាក់ជាតិ និងសមត្ថកិច្ចអនុវត្តច្បាប់ ក្នុងការចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងសមត្ថកិច្ចនៃបណ្តាខេត្ត ដែលជាប់នឹងបឹងទន្លេសាប។ នេះបើតាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម ដែលដឹកនាំកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី ២៤ មីនា។


 
ក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ រួមមាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោក ម៉ៅ ហាក់ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម, លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមទាំងអភិបាល និងថ្នាក់ដឹកនាំខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ និងកំពង់ឆ្នាំង។
 
នាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប។ បញ្ជារបស់សម្ដេច ហ៊ុន សែន ធ្វើឡើងក្រោយទទួលបានរបាយការណ៍ពីអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា ជុំវិញករណីបទល្មើសនេសាទត្រីខុសច្បាប់ ដែលអាចបំផ្លិចបំផ្លាញត្រីក្នុងបឹងទន្លេសាប។
 
សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យលោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បញ្ចេញឧទ្ធម្ភាគចក្រ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ធំៗ ឱ្យបាន។ ជាពិសេសដាក់កងកម្លាំងបង្ក្រាបជាប្រចាំ។
 
 

Tag:
 វេង សាខុន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com