កីឡាអន្តរជាតិ
អន្តរជាតិ
Eriksen រកបានមួយគ្រាប់ឱ្យជម្រើសជាតិដាណឺម៉ាក ក្រោយជំងឺបេះដូងធូរស្រាល
27, Mar 2022 , 5:37 pm        
រូបភាព
Christian Eriksen បានរកមួយគ្រាប់ឱ្យជម្រើសជាតិដាណឺម៉ាក នាជំនួបហូឡង់ កាលពីថ្ងៃទី២៦ មីនា។ ដាណឺម៉ាក បានចាញ់ហូឡង់ ដោយលទ្ធផល៤-២ នាជំនួបមិត្តភាពអន្តរជាតិ នៅទឹកដី Amsterdam ប្រទេសហូឡង់។


 
Eriksen បានប្ដូរចូលជំនួស Jesper Linstrom នៅដើមតង់ទី២ ហើយអាចសម្រេចគ្រាប់បាល់ នៅ២នាទីបន្ទាប់ ពីការបញ្ជូនបាល់ចេញពីស្លាបយ៉ាងល្អ របស់កីឡាករ Andreas Skov Olsen នៅនាទី៤៦ ដែលជួយឱ្យដាណឺម៉ាក តាមពីក្រោយហូឡង់ ២ ទល់៣។ ឈានចូលដល់នាទី៧៤ Eriksen ហៀបនឹងរកបានមួយគ្រាប់ទៀតហើយ ក្រោយស៊ុតបាល់ទៅប៉ះនឹងបង្គោលទី ខ្ទាតចេញទៅក្រៅ។
 
ដ្បិតរកបានមួយគ្រាប់ ហើយមិនអាចជួយក្រុមឱ្យទទួលបានជ័យជម្នះក្តី ប៉ុន្តែ Eriksen នៅតែសប្បាយចិត្តចំពោះគ្រាប់ដំបូងឱ្យក្រុមជម្រើសជាតិ បន្ទាប់ពីរូបគេបានធូរស្រាលពីបញ្ហាជំងឺបេះដូងនេះ។ «ខ្ញុំគិតថាវាជាការបញ្ចប់ទីដ៏គួរឱ្យពេញចិត្ត ហើយក៏ជាការចាប់ផ្តើមការវិលវិញ ក្នុងការប្រកួតលក្ខណៈអន្តរជាតិរបស់ខ្ញុំ។ នេះជាច្រកផ្លូវដ៏ល្អឥតខ្ចោះ»។ នេះបើតាម BBC ដែលបានស្រង់សម្តី Eriksen។
 
សម្រាប់ការប្រកួតនេះ Steven Bergwijn របស់ Tottenham រកបានពីរគ្រាប់ឱ្យហូឡង់ រួមជាមួយ Nathan Ake និង Memphis Depay ក៏ស៊ុតបញ្ចូលទីបានដែរ ខណៈដែល Jannik Vestergaard រកបានគ្រាប់ដំបូងឱ្យដាណឺម៉ាក។
 
ខ្សែបម្រើអន្តរជាតិដាណឺម៉ាក វ័យ៣០ឆ្នាំរូបនេះ បានដួលសន្លប់ក្នុងទីលានដោយសារបញ្ហាបេះដូង អំឡុងការប្រកួតទល់ហ្វាំឡង់នៃពានរង្វាន់ Euro 2020។ Eriksen មិនបានលេងចាប់តាំង ពីខែមិថុនា ឆ្នាំ២០២១មក។
 
បន្ទាប់ពីមានបញ្ហាបេះដូង Eriksen ត្រូវបានក្លិប Inter Milan បញ្ចប់កិច្ចសន្យាកាលពីខែធ្នូដោយសារច្បាប់នៅ Serie A មិនអនុញ្ញាតឱ្យកីឡាកររូបណាដែលមានបញ្ហាជំងឺ ជាពិសេសបេះដូងលេងនៅក្របខណ្ឌខ្លួនឡើយ។
 
យ៉ាងណាក៏ដោយ អតីតខ្សែបម្រើ Tottenham Hotspur រូបនេះ ត្រូវបាន Brentford សម្រេចយកទៅចួលរួមក្រុមសម្រាប់រដូវកាល ២០២១-២២ ដែលនៅសល់ ដ្បិត Premier League មិនកំណត់ច្បាប់ដូច Serie A។

© រក្សាសិទ្ធិដោយ thmeythmey.com