ជាតិ
សេដ្ឋកិច្ច
សមាគមចិញ្ចឹមសត្វកម្ពុជា ថា​ ការនាំចូលសាច់និងសត្វខុសច្បាប់មានរាល់ថ្ងៃ ខណៈមន្ត្រីជំនាញបង្ក្រាបហូរហែ
28, Mar 2022 , 9:29 am        
រូបភាព
សត្វទារស់ចំនួន៤ពាន់ក្បាល លួចនាំចូលតាមច្រកភ្នំដី ខេត្តបាត់ដំបង។ រូបភាព៖ គណនីហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់
សត្វទារស់ចំនួន៤ពាន់ក្បាល លួចនាំចូលតាមច្រកភ្នំដី ខេត្តបាត់ដំបង។ រូបភាព៖ គណនីហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់
ដោយ:
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ព្រួយបារម្ភពីការនាំចូលសត្វ និងសាច់បង្កកខុសច្បាប់ពីប្រទេសថៃ និងវៀតណាមដែលកើតឡើងរាល់ថ្ងៃ ធ្វើឱ្យប៉ះពាល់ដល់សុខភាពសត្វ និងអ្នកបរិភោគ។ យ៉ាងណាមិញ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថាមន្ត្រីក្រសួង បានខិតខំបង្រ្កាបករណីនាំចូលសត្វ និងសាច់ខុសច្បាប់ជាបន្តបន្ទាប់។

 
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងប្រាប់សារព័ត៌មានThmeyThmeyថា ករណីនាំចូលសាច់ និង សត្វខុសច្បាប់ពីប្រទេសថៃ និងវៀតណាម កើតឡើងជារៀងរាល់ថ្ងៃ តាមច្រករបៀង និងលួចនាំចូលតាមឡានក្រុង និងតាក់ស៊ី តាមច្រកទ្វារអន្តរជាតិ។ លោក​បន្តថា ភាគច្រើនឈ្មួញលួចនាំចូលជ្រូក មាន់ និងប្រភេទសាច់កែច្នៃបង្កក។ 
 
« សព្វថ្ងៃយើងអត់បើកនាំចូលជ្រូកផង ប៉ុន្តែមួយថ្ងៃៗមានរ៉ាប់រយក្បាលចូលមកកម្ពុជា ។ យើងមើលឃើញថាសាច់បង្កកមានចូលមករាល់ថ្ងៃ ហើយសត្វរស់មានពី ៥០០ទៅ៦០០ក្បាល ។ នេះតែប្រទេសវៀតណាមមួយទេ នៅតាមព្រំដែន ៥-៦ ខេត្តហ្នឹង។ តិចច្រើននៅតែមាននាំចូល »។ នេះជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ។

រូបភាពពី គណនីហ្វេសប៊ុកលោក ហ៊ុន សារ៉ាត់
 
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ ការនាំចូលសាច់ និងសត្វខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សុខភាពសត្វចិញ្ចឹមក្នុងស្រុក​ និង អ្នកបរិភោគសត្វនាំចូលដែលមានផ្ទុកជំងឺ ឬសារធាតុគីមី។ លោក​ក៏បានស្នើឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមទៀត លើការពិនិត្យសត្វនាំចូល ជាពិសេសសាច់បង្កក ដើម្បីធានាថាគ្មានហានិភ័យដល់អ្នកបរិភោគ។​
 
ជុំវិញបញ្ហាការនាំចូលសត្វ និងសាច់ខុសច្បាប់ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រាប់សារព័ត៌មានThmeyThmey ដែរថា មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រឹងប្រែងបង្រ្កាបករណីបទល្មើសនាំចូលសត្វ និង សាច់ខុសច្បាប់ជាប្រចាំ។​
 
លោក តាន់ ផាន់ណារ៉ា បញ្ជាក់ខ្លីដូច្នេះ៖ « កូនចៅខ្ញុំចាប់បាន ការនាំចូលវាមាន។  គាត់(សមាគមអ្នកចិញ្ចឹមសត្វ) ចង់ធ្វើអី ខាងខ្ញុំសហការជាមួយគាត់(សមាគមអ្នកចិញ្ចឹមសត្វ)។ ខ្ញុំមិននិយាយថាចាប់បានរហូតទេ តែយើងក៏ចាប់បាន ព្រោះខ្ញុំអត់ដឹងថាអ្នកណាលួចខ្លះទេ ។ ប៉ុន្តែយើងបានធ្វើការងារនេះហើយ »។
 
 
យ៉ាងណាមិញលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល បានសរសេរលើហ្វេសប៊ុកថា សត្វទារស់ចំនួន ៤ពាន់ក្បាល លួចនាំចូលពីប្រទេសថៃ ត្រូវបានមន្ត្រីបង្ក្រាបបាននៅច្រកទ្វាភ្នំដី ខេត្តបាត់ដំបង នៅថ្ងៃទី២៧មីនានេះ។ ចំណែក មន្ត្រីនៃនាយកដ្ឋានសត្វ បង្ក្រាបបានសត្វជ្រូករស់ ៣៧ក្បាល ដែលលួចនាំចូលពីប្រទេសថៃ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ មីនា។ មន្ត្រីក៏បានបង្រ្កាបករណីលួចនាំចូលគ្រឿងក្នុងមាន់បង្កក(កោះមាន់) ចំនួន ៣ ៩០០គីឡូក្រាម ពីប្រទេសថៃដែរ កាលពីថ្ងៃទី២៥​ មីនា៕ 

លោក ហ៊ុន សារ៉ាត់ រង់ចាំមើលការលួចនាំចូលសាច់ និង សត្វខុសច្បាប់ នៅតាមព្រំដែន។ រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
  
 

© រក្សាសិទ្ធិដោយ thmeythmey.com