កីឡាជាតិ
ជាតិ
ក្រុមបាល់ទាត់នារីភ្នំពេញក្រោន លើកពានរដូវកាលទី២ ឆ្នាំ២០២១
28, Mar 2022 , 4:28 pm        
រូបភាព
រូបលើកពានរង្វាន់ជើងឯក របស់កីឡាការិនី ភ្នំពេញក្រោន រូបពី Cambodian Women
រូបលើកពានរង្វាន់ជើងឯក របស់កីឡាការិនី ភ្នំពេញក្រោន រូបពី Cambodian Women's League
ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯក លីគបាល់ទាត់នារីកម្ពុជា​ សម្រាប់រដូវកាលទី២ ឆ្នាំ២០២១ ខណៈណាហ្គាវើលដ៍កំពង់ស្ពឺ បានត្រឹមជើងឯករង និងក្រុមបាល់ទាត់នារីខេត្តសៀមរាប ទទួលជ័យលាភីលេខ៣ កាលពីថ្ងៃទី២៧ ខែមីនា ។

 
១៤ប្រកួត នៃបាល់ទាត់លីគនារីកម្ពុជានេះ ភ្នំពេញក្រោន ធ្វើបានល្អដោយចាញ់តែមួយប្រកួត និងឈ្នះ១៣ប្រកួត ។ អ្នកគ្រូ ម៉ៅ សាវីន គ្រូបង្វឹកភ្នំពេញក្រោន បានប្រាប់មកកាន់សារពត៌មានថ្មីៗថា ជ័យជម្នះនេះ កើតចេញពីការសាមគ្គី និងយល់ចិត្តរបស់ក្រុម។ «យើង ព្យាយាមរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកយើង ។ យើង បានរកឃើញនូវអ្វី ដែលជាចំណុចខ្វះខាតរបស់ក្រុម ហើយក្រុមទាំងមូលបានព្យាយាមបំពេញ នៅក្នុងពេលហ្វឹកហាត់ ក៏ដូចជាការប្រកួតជាក់ស្ដែង ។ កីឡាការិនី ទាំងអស់មានគោលដៅរួមសម្រាប់ជ័យជំនះនេះ ហើយបានលះបង់ពេលវេលាជាច្រើនរបស់ពួកគេ សម្រាប់គោលដៅរួម»។ នេះបើតាមអ្នកគ្រូ សាវីន។
 
ជាមួយនឹងជ័យលាភីជើងឯកនេះ ភ្នំពេញក្រោន ក៏ទទួលបានរង្វាន់ជាច្រើនផងដែរ ។ គ្រូបង្វឹក ម៉ៅ សាវីន ទទួលបានជាគ្រូបង្វឹកល្អជាងគេ ។ កីឡាការិនី មាក់ ស្រីរ័ត្ន អ្នកចាំទីភ្នំពេញក្រោន ជាប់ជាអ្នកចាំទីល្អប្រចាំរដូវកាល ខណៈ បាន ជាវៃ ខ្សែប្រយុទ្ធក្លិបនេះ ជាប់ជា កីឡាការិនីស៊ុតបញ្ចូលទីច្រើនជាងគេ ។
 
ណាហ្គាវើលដ៍ ជាប់ជាជើងឯករងរដូវកាល២០២១ ហើយក៏ជាក្រុម Fair Play ។ ស្របពេលជាមួយគ្នានេះ កីឡាការិនី យ៉ុន យ៉ើន របស់ណាហ្គាវើលដ៍ ជាប់ជាកីឡាការិនីល្អជាងគេ ។
ក្រុមបាល់ទាត់នារី ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះ មន្ទីរ អ.យ.ក ខេត្តកណ្ដាល ក្នុងលទ្ធផល ៧-០ ដែលនាំឲ្យក្រុមនេះ មានពិន្ទុលើព្រះខ័នរាជ ស្វាយរៀងតែមួយពិន្ទុប៉ុណ្ណោះ ។
 
គួរបញ្ជាក់ថា រដូវកាល២០២០ ភ្នំពេញក្រោន បានត្រឹមចំណាត់ថ្នាក់លេខបី ប៉ុណ្ណោះ ខណៈ ជើងឯក បានទៅលើ ព្រះខ័នរាជ ស្វាយរៀង និង ណាហ្គាវើលដ៍ ។ ក្រុមទាំងពីរ ក្លាយជាម្ចាស់ជើងឯកស្ទួន នៃលីគនារីកម្ពុជា។ មូលហេតុកាលណោះ ការប្រកួតជើងឯកនេះ ប្រើរូបមន្ដប្រកួតសន្សំពិន្ទុ ក្នុងចំណោមក្រុមទាំង១០ ដែលចូលរួម ហើយសម្រេចយកបួនក្រុម ដែលមានពិន្ទុច្រើនជាងគេប្រកួតគ្នាទៀត ។ 
 
សម្រាប់ការប្រកួត៤ក្រុមចុងក្រោយនេះ មិនបានគិតពីពិន្ទុទេ តែគិតពីលទ្ធផល ដោយ តម្រូវឲ្យក្រុមចំណាត់ថ្នាក់លេខ៤ប្រកួត ជាមួយក្រុម៣ផ្សេងទៀត ។ គ្រានោះ ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ៤ បានប្រកួតឈ្នះ បាត់ដំបង ចំណាត់ថ្នាក់លេខ៣ និងឈ្នះភ្នំពេញក្រោន ។ ជ័យជម្នះនេះ សម្រូវឲ្យព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍ ដែលឈរចំណាត់ថ្នាក់លេខ១ នៅវគ្គផ្ដាច់ព្រ័ត្រ ។ ប៉ុន្តែដោយសារផ្ទុះកូវីដ-១៩ កាន់តែធ្ងន់ធ្ងរនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចលុបការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ដោយឲ្យក្រុមទាំងពីរ ក្លាយជាជើងឯកស្ទួន នៃលីគបាល់ទាត់នារី ២០២០ នៅរដូវកាលដំបូងតែម្ដង ៕

Tag:
 បាល់ទាត់នារី
  Cambodian Women’s League
© រក្សាសិទ្ធិដោយ thmeythmey.com