កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Barcelona៖ ការវិលត្រលប់របស់ Messi មិនស្ថិតក្នុងការពិចារណាឡើយ
× ការវិលត្រលប់មកកាន់ក្លិបចាស់ Barcelona ពីសំណាក់កីឡាករខ្សែប្រយុទ្ធ Lionel Messi មិនស្ថិតក្រោមការពិចារណាឡើយ។ ប្រធានក្លិប Barcelona លោក Joan Laporta បញ្ជាក់បែបនេះ។
ប្រធានក្លិបលោក Joan Laporta នាថ្ងៃទី២៨ ខែមីនា បានបញ្ចេញមតិពីស្ថានភាពរបស់ខ្សែប្រយុទ្ធ Lionel Messi បន្ទាប់ពីកីឡាករខ្សែការពារ Dani Alves និងខ្សែបម្រើវ័យក្មេង Pedri បង្ហាញអារម្មណ៍ស្វាគមន៍រូបគេទៅកាន់ទឹកដីកីឡដ្ឋាន Camp Nou វិញ។
ខ្សែប្រយុទ្ធ Messi បានចាកចេញពីក្លិប Barca បន្ទាប់ពីរដូវកាល ២០២០-២០២១ កន្លងផុតទៅ។ការចាកចេញនេះ ដោយសារតែក្លិបស្ថិតនៅតំបន់ Catalonia ជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយក៏ត្រូវរងពិន័យពីក្របខណ្ឌលីគកំពូល La Liga ដែលបង្ខំឱ្យក្លិបត្រូវស្វែងរកផ្លូវកាត់បន្ថយប្រាក់ចំណាយយ៉ាងធំមួយ។
និយាយប្រាប់ទៅកាន់ វិទ្យុ RAC 1 លោក Laporta បានអះអាងយ៉ាងច្បាស់ៗថា លោកមិនបានស្ថិតក្នុងទំនាក់ទំនងណាមួយជាមួយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនឡើយ។
«ពេលនេះគឺគ្មានទំនាកទំនងណាមួយបានធ្វើឡើងឡើយជាមួយគាត់ ហើយក៏គ្មានកិច្ចសន្យាជាឯកជនណាមួយឡើយ។ គាត់កំពុងនៅប៉ារីស ប៉ុន្តែខ្ញុំនឹកអាកប្បកិរិយារបស់គាត់ ហើយខ្ញុំស្រលាញ់គាត់ណាស់ ទោះខ្ញុំមិនបាននិយាយជាមួយគាត់ពេលនេះ។ ខ្ញុំក៏បានឮមនុស្សដែលស្ថិតនៅជិតខ្ញុំបំផុតពីគាត់។» លោក Laporta បាននិយាយបែបនេះ។
មិនត្រឹមតែប៉ុណ្ណោះ លោក Laporta ក៏បានអះអាងបន្ថែមថាលោកក៏មិនដែលបានទទួលការផ្ញើសារណាមួយពីសំណាក់ Messi ដែលចង់វិលត្រលប់មក Barca ឡើយ៕
Tag:
Joan Laporta
Lionel Messi
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com