ជាតិ
​​​ន​យោ​បាយ​ជាតិ​
និន្នាការនយោបាយ ការលាបពណ៌ និងមិនទុកចិត្តគ្នា នាំឲ្យបាត់បង់មិត្តភាព និងរើសអើង!
29, Mar 2022 , 7:59 pm        
រូបភាព
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុសុ្សកម្ពុជា(ពាក់អាវពីក្រៅពណ៌ផ្កាឈូក) ថតជាមួយលោកស្រី មូរ សុខហួរ មន្រី្តនយោបាយនៃអតីតគណបក្សប្រឆាំង។ រូបពីហ្វេសប៊ុករបស់លោកស្រី ចក់ សុភាព
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុសុ្សកម្ពុជា(ពាក់អាវពីក្រៅពណ៌ផ្កាឈូក) ថតជាមួយលោកស្រី មូរ សុខហួរ មន្រី្តនយោបាយនៃអតីតគណបក្សប្រឆាំង។ រូបពីហ្វេសប៊ុករបស់លោកស្រី ចក់ សុភាព
ភ្នំពេញ៖ «រូបថតជុំគ្នានេះ កុំបង្ហោះជាសាធារណៈឲ្យសោះ ព្រោះខ្លាចមេ ឬថ្នាក់ដឹកនាំស្ថាប័នឃើញ វាយតម្លៃលើការងាររបស់ខ្ញុំ»។ នេះជាសម្តីរបស់ពលរដ្ឋខ្មែរខ្លះ ដែលជាមិត្តភក្តិគ្នា ហើយបម្រើការងារនៅក្នុងស្ថាប័នដែលមាននិន្នាការផ្សេងគ្នា ជាពិសេសមន្រី្តរដ្ឋាភិបាល ក្រុមសង្គមស៊ីវិល និងអ្នកនយោបាយ។ បញ្ហានេះ អ្នកតាមដានសង្គម ព្រួយបារម្ភពីការបែកបាក់សាមគ្គី និងមិត្តភាព ដោយសារនិន្នាការនយោបាយ និងបម្រើការនៅក្នុងស្ថាប័នខុសគ្នា។

 
និន្នាការនយោបាយ ការលាបពណ៌ និងមិនទុកចិត្តគ្នា នាំឲ្យបាត់បង់មិត្តភាព និងរើសអើងនៅក្នុងសង្គម។ សូម្បីតែមិត្តភក្តិ ដែលធ្លាប់តែជិតស្និទ និងល្អូកល្អិនគ្នា បែរជាលែងហ៊ានសូវជួបគ្នា ដោយសាររវល់បំពេញភារកិច្ចនៅស្ថាប័នរៀងខ្លួន ឬមាននិន្នាការនយោបាយផ្សេងគ្នា។ ពេលខ្លះ ពួកគេមានពេលជួបគ្នាហើយ ប៉ុន្តែមិនហ៊ានបង្ហាញរូបភាពជួបជជែកគ្នាលេង នៅលើបណ្ដាញសង្គមជាសាធារណៈឡើយ ដោយសារតែបារម្ភពីការវាយតម្លៃពីមជ្ឈដ្ឋានជុំវិញខ្លួន ពិសេសមិត្តរួមការងារនៅក្នុងស្ថាប័នជាដើម។
 
 
ការរើសអើង និងបាត់បង់មិត្តភាព ព្រោះម្នាក់ជាមន្រី្តសង្គមស៊ីវិល ហើយម្នាក់ទៀតជាមន្រី្តរដ្ឋាភិបាល
 
លោក ស៊ឹង សែនករុណា អ្នកឃ្លាំងមើលសិទ្ធិមនុស្ស និង​អ្នក​នាំ​ពាក្យ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ថ្លែងថា មិនមែនតែអ្នកនយោបាយឡើយ ដែលរងបញ្ហារើសអើង សូម្បីតែក្រុមសង្គមស៊ីវិល ក៏រងការរើសអើង និងលាបពណ៌ដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ស៊ឹង សែនករុណា បញ្ជាក់ថា លោកជាជនរងគ្រោះម្នាក់ ដែលជារឿយៗជួបការរើសអើង គ្មានសេរីភាព និងមានការយល់ខុសពីមជ្ឈដ្ឋានទូទៅ ព្រោះតែការងារជាមន្រី្តសង្គមស៊ីវិល។ 
 

 លោក ស៊ឹង សែនករុណា អ្នកឃ្លាំងមើលសិទ្ធិមនុស្សនិង​អ្នក​នាំ​ពាក្យ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក។ រូបពីហ្វេសប៊ុករបស់លោក ស៊ឹង សែនករុណា 

«សង្គមស៊ីវិលយើងធ្វើការក្នុងវិជ្ជាជីវៈមួយដែលឯករាជ្យ ដើម្បីជួយដល់សង្គមជាតិក៏រងការរើសអើងដែរ មិត្តធ្លាប់រៀនឬរៀប(កម្មវិធី)ជុំគ្នា អ្នកខ្លះគាត់មានឋានៈធំ(ក្នុងជួររដ្ឋាភិបាល) គ្រាន់តែហៅយើងទៅលេងជួបជុំ ក៏មិនហ៊ានអង្គុយកន្លែងសាធារណៈ ដែលគេអាចមើលយើង ហើយអ្នកខ្លះជួបយើងថតរូបជុំគ្នាហើយ ក៏សុំមិនឲ្យផុស(post) ឬមិនឲ្យថតរូបជាមួយក៏មាន»។ នេះជាការលើកឡើងរបស់ លោក ស៊ឹង សែង ករុណា ដោយយល់ថា ការភ័យខ្លាចទាំងនេះ ទំនងកើតចេញពីការលាបពណ៌លើសង្គមស៊ីវិលថា ​ជាក្រុមគណបក្សប្រឆាំង។ 
 
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុសុ្សកម្ពុជា(CCHR) មើលឃើញដែរថា បញ្ហាបាត់បង់មិត្តភាព និងសាមគ្គីភាពនេះ កើតឡើងដោយសារភាពមិនទុកចិត្តគ្នា និងមាននិន្នាការនយោបាយផ្ទុយគ្នា។ តាមការអង្កេត របស់លោកស្រី សុភាព ឃើញថា អ្នកមាននិន្នាការនយោបាយផ្ទុយគ្នានៅកម្ពុជា មិនងាយនឹងធ្វើការរួមគ្នា និងមានរូបថតជុំគ្នាឡើយ។ «ព្រោះបើគេប្រទេះឃើញ ឬមានរូបភាពជាមួយគ្នា អាចត្រូវបានអ្នកគាំទ្រ ឬសមាជិតរបស់ខ្លួនយល់ថា ខ្លួនបានចុះចូលឬពាក់ព័ន្ធជាមួយបក្សម្ខាងទៀត»។ នេះបើតាមលោកស្រី សុភាព។
 
ត្រង់ចំណុចនេះ លោកស្រី ចក់ សុភាព បង្ហាញការហួសចិត្តថា បច្ចុប្បន្នជនជាតិខ្មែរតែមួយ ថតរូបរួមគ្នា តែមិនអាចបង្ហាញជាសាធារណៈបាន ។ នាយិការមជ្ឈមណ្ឌលសិទ្ធិមនុសុ្សកម្ពុជា ធ្លាប់បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«ហេីយក៏មានមិត្តជាមន្ត្រីបានថតជាមួយគ្នាដែរ​ តែអ្នកខ្លះបានស្នេីសូមកុំបង្ហោះ​ ដោយសារតែគេបារម្ភពីការចោទពាក់ព័ន្ធថា ស្និទស្នាលជាមួយអង្គការសង្គ​មស៊ីវិល​ ហេីយខ្ញុំក៏គោរពសេចក្តីសម្រេចរបស់មិត្ត ដែលបារម្ភនោះដែរ​ ហេីយក៏ចាប់ផ្តេីមយល់ពីសេចក្តីបារម្ភរបស់ពួកគាត់​ ដោយហេតុថា​ យូរៗទៅ​ខ្មែរថតរូបជាមួយខ្មែរ​​ អាចយកទៅបកស្រាយពន្លាតនិងចោទប្រកាន់គ្រប់បែបយ៉ាង»។ 
 
មូលហេតុដែលមិត្តភក្តិគ្នា នៅក្នុងជួររដ្ឋាភិបាល បក្សនយោបាយ និងសង្គមស៊ីវិល មិនចង់បង្ហាញទំនាក់ទំនងពួកគេជាសាធារណៈនេះ ដោយសារពួកគេទំនងរងសម្ពាធ ឬការរើសអើងបន្តនៅស្ថាប័នការងារ និងបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ណាមួយរបស់ខ្លួន ទាក់ទងនឹងតួនាទី ឬមុខតំណែងជាដើម។ ម្យ៉ាងទៀត បរិបទសង្គមកម្ពុជា ភាគច្រើនតែងតែយករូបភាពបុគ្គល ទាញភ្ជាប់ទៅរឿងនយោបាយ ដោយមិនបានវែកញែកពីឫសគល់ឲ្យបានត្រឹមត្រូវឡើយ។ 
 
ជាក់ស្ដែង មេសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ កាលពីដើមឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយរងការចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ភស្តុតាងមួយ ដែលអាជ្ញាធរលើកយកមកសំអាង គឺរូបថតរបស់របស់កញ្ញា ឈឹម ស៊ីថរ ថតជាមួយលោកស្រី មូរ សុខហួរ ដែលជាមន្រី្តនយោបាយនៃអតីតគណបក្សប្រឆាំង។ 
 
 
ជុំវិញករណីនេះ លោកស្រី ចក់ សុភាព ហួសចិត្តយ៉ាងខ្លាំង ចំពោះការយករូបកញ្ញា ឈឹម ស៊ីថរ ថតជាមួយលោកស្រី មូរ សុខហួរ មកសំអាងបែបនេះ។ ជាឆ្លើយតបនឹងករណីនេះ លោកស្រី សុភាព ក៏បានបង្ហោះរូបខ្លួនដែលធ្លាប់ថតជាមួយអ្នកនយោបាយដទៃទៀត រួមមានលោកស្រី មូរ សុខហួរ លោក កឹម សុខា លោក សម រង្ស៊ី ជាដើម ដើម្បីចង់ឲ្យអាជ្ញាធរលុបបំបាត់ចរិតទាញភ្ជាប់រូបបុគ្គល ទៅរឿងនយោបាយ តាមរយៈរូបថតនេះ។ 
 
នាយិការមជ្ឈមណ្ឌលសិទ្ធិមនុសុ្សកម្ពុជា(CCHR) រូបនេះ បានសរសេរអមជាមួយរូបភាពទាំងនោះ លើហ្វេសប៊ុកថា៖ «បើគ្រាន់តែរូបបែបនេះ(រូបថតជាមួយអ្នកនយោបាយនៅគណបក្សប្រឆាំង) អាចជាប់ចោទនិងចាប់ខ្លួនមែន​ តើអាចមានមនុស្សប៉ុន្មាននាក់អាចជាប់(គុក)ដែរ?»។ 
 
 
ថ្មីនេះ កម្មវិធីជ្រើសរើសស្រី្តមានឥទ្ធិពលនៅកម្ពុជាចំនួន១០រូប របស់អង្គការតម្លាភាពកម្ពុជា ត្រូវបានផ្អាក ដោយសារបេក្ខជនពីររូប គឺលោកស្រី កែ ឡេង វីរៈកីឡាការិនីប៉េតង់កម្ពុជា ដែលកំពុងបម្រើការងារក្នុងក្របខណ្ឌរាជការ និងលោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុននំស្រួយ លីលី និងជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា សុំដកខ្លួនចេញនិងស្នើសុំមិនឲ្យបង្ហាញវីដេអូរបស់ពួកគេ ក្រោម​ហេតុផលថា ក្នុងចំណោមស្រី្ត១០រូបនោះ មានវត្តមានលោកស្រី មូរ សុខហួរ។ បញ្ហានេះ អ្នកស្រី ចក់ សុភាព ក៏បានប្រតិកម្មដែរថា ស្រី្តដែលមានឥទ្ធិពលនៅកម្ពុជាពិតជាលំបាក ដោយសារទិដ្ឋភាពនយោបាយ គឺជាដើមចមនៃហេតុការណ៍នេះ។ លោកស្រីបញ្ជាក់ថា៖ «នយោបាយស្រុកខ្មែរបានធ្វើឱ្យមានការចែកបក្សពួក រហូតដល់ការបង្ហាញពីភាពលេចធ្លោរបស់ស្ត្រីដូចគ្នា នៅក្នុងវីដេអូតែមួយ មិនអាចធ្វើបានឡើយ»។
 
ការប្រើប្រាស់យុទ្ធសាស្រ្ត«ពាក់ស្បែកខ្លា» ដើម្បីផលប្រយោជន៍ ហើយសុខចិត្តបាត់បង់មិត្តភាព
 
មនុស្សភាគច្រើន គិតពីផលប្រយោជន៍ជាធំ ហើយសុខចិត្តបាត់បង់មិត្តភាព និងសាមគ្គីភាព ជាមួយមិត្តភក្តិ។ លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ដែលបានសង្កេតឃើញពីបញ្ហានេះ នៅក្នុងសង្គម។
 
អ្នកជំនាញទស្សនវិជ្ជារូបនេះ មើលឃើញថា ពលរដ្ឋក្នុងសង្គមខ្មែរសព្វថ្ងៃ មានផ្នត់គំនិតមួយគឺ យុទ្ធសាស្ត្រ«ពាក់ស្បែកខ្លា»។ ក្នុងន័យនេះ លោក ប៉ា ច័ន្ទរឿន ចង់ពន្យល់ថា ពលរដ្ឋភាគច្រើន ចូលចិត្តថតរូបជាមួយមន្ត្រីអ្នកមានអំណាច និងអ្នកនយោបាយនៅគណបក្សកាន់អំណាច ដើម្បីបង្ហាញពីមុខមាត់ ឥទ្ធិពល និងការទាញផលប្រយោជន៍លើមុខជំនួញរកស៊ី និងការងារផ្ទាល់ខ្លួនរបស់ពួកគេ។ លោក ច័ន្ទរឿន បន្ថែមថា យុទ្ធសាស្ត្រ«ពាក់ស្បែកខ្លា»នេះ បានធ្វើឲ្យបុគ្គលខ្លះ ឈានទៅយករូបភាពមន្រី្តជាន់ខ្ពស់ ឬអ្នកនយោបាយក្នុងបក្សកាន់អំណាច មកកាត់ត ជាមួយរូបពួកគេ ​ដើម្បីដាក់តាំងបង្ហាញទៀតផង។ 


 លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុសុ្សកម្ពុជា(CCHR)។ រូបពីហ្វេសប៊ុករបស់លោកស្រី ចក់ សុភាព

ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជារូបនេះ បានបន្ថែមថា៖ «ការបែងចែកបក្ខពួកនយោបាយគ្នា ដោយសារការគាំទ្រ ឬជឿលើគណបក្សនយោបាយផ្សេងគ្នានេះ កើតមានយូរហើយ ហើយការដកខ្លួនចេញរបស់ស្រី្តឆ្នើមពីររូប(ពីកម្មវីធីស្ត្រីឆ្នើម ដោយសារវត្តមានមន្ត្រីបក្សប្រឆាំង) នាពេលកន្លងមកនេះ គ្រាន់តែជាឧទាហរណ៍​មួយ ក្នុងចំណោមករណីជាច្រើនទៀត ដែលសាធារណជនមិនសូវបានយកចិត្តទុកដាក់ប៉ុណ្ណោះ»។
 
ដោយសាតែការប្រើប្រាស់យុទ្ធសាស្រ្ត«ពាក់ស្បែកខ្លា» ដើម្បីទាញផលប្រយោជន៍នេះហើយ ទើបធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន សុខចិត្តបាត់បង់មិត្តភាព និងសាមគ្គីភាពជាមួយមិត្តភក្តិ ដែលបម្រើការងារនៅស្ថាប័នផ្សេងគ្នា និងមាននិន្នាការខុសគ្នា ដើម្បីចៀសវាងការលាបព័ណ៌ និងវាយតម្លៃណាមួយ ដែលនាំឱ្យពួកគេបាត់ប្រយោជន៍ទាំងនោះ។ ធ្លាប់ជាមិត្តភក្តិជិតស្និទ ប៉ុន្តែមាននិន្នាការផ្សេងគ្នា គឺពួកគេមិនហ៊ានបង្ហាញរូបភាពជួបជុំគ្នាជាសាធារណៈឡើយ។
 
លោក ស៊ឹង សែនករុណា ក៏យល់ថា បញ្ហាសង្គមមួយនេះ ដោយសារបុគ្គលទាំងនោះ គិតលើផលប្រយោជន៍និយម និងបក្ខពួកនិយមជ្រុល ទើបធ្វើឲ្យសង្គមមានការបែងចែក។ ដោយសារភាពចង់មានបាន និងជ្រុលនិយមបែបនេះ ទើបបុគ្គលខ្លះតែងបង្ហាញរូបថតជាមួយអ្នកធំ អ្នកនយោបាយក្នុងបក្សកាន់អំណាច រដ្ឋមន្រី្ត និងនាយករដ្ឋមន្រី្តជាដើម។ 
 
មន្ត្រីសិទ្ធិមនុស្សអាដហុករូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «កុំថាឡើយអ្នកធ្វើការក្នុងជួររដ្ឋាភិបាល សព្វថ្ងៃអ្នកជំនួញរកស៊ី យើងកត់សម្គាល់ឃើញថា តាមភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្តធំៗជាដើម ក៏ព្យាយាមរករូបថតរបស់ខ្លួនឬរឿងរ៉ាវផ្សេងទៅភ្ជាប់ជាមួយអ្នកមានតួនាទីធំៗ ហើយយករូបទីតាំង ដើម្បីគេចពីបញ្ហាណាមួយក្នុងការរកស៊ី ពេលគេទៅឃើញរូបថត…»។ 
 
មន្រី្តសង្គមស៊ីវិលរូបនេះ ចង់ចែករំលែក និងជជែកពីបញ្ហារើសអើង ស្ដីពីការប្រកាន់បក្ខពួកនិយមជ្រុលនៅសង្គមឲ្យបានច្រើន ដើម្បីកុំឲ្យពលរដ្ឋមានផ្នត់គំនិត ខ្លាចបាត់បង់ផលប្រយោជន៍ហើយលែងរាប់អានគ្នា ដោយសារតែតួនាទី និងមាននិន្នាការ ឬទស្សនៈខុសគ្នា ព្រោះបញ្ហានេះ នឹងនាំឲ្យខ្មែរ​បែកបាក់ ហើយលែងមានទំនាក់ទំនងគ្នា។ 
 
ជាមួយគ្នានេះ អ្នកតាមដានរឿងរ៉ាវសង្គម លោក ប៉ា ច័ន្ទរឿន បន្ថែមថា បញ្ហាខាងលើកើតឡើង ព្រោះវប្បធម៌នៃការធ្វើនយោបាយចង្អៀត ហើយខ្វះការអត់ឱនគ្នា។ បញ្ហានេះ នឹងនាំឲ្យសកម្មភាពនយោបាយជួយសង្គមផ្សេងៗ បែរទៅជាទំនាស់បុគ្គលវិញ។ 
 
អ្នកនយោបាយត្រូវបើកលំហសេរីភាពនយោបាយ ហើយពលរដ្ឋត្រូវពិចារណា 
 
ដើម្បីដោះស្រាយបញ្ហាបែកបាកសាមគ្គីនៅក្នុងសង្គមនេះ គណបក្សនយោបាយ ត្រូវមានគោលការណ៍បើកទូលាយនូវផ្នត់គំនិតសេរី ហើយបញ្ឈប់ការសង្ស័យនិយម ចំពោះសមាជិក និងមន្ត្រីបក្ស និងជួររដ្ឋាភិបាលជាដើម។ បានន័យថា នៅពេលសមាជិក និងមន្ត្រីខ្លួន ជួបជាមួយមិត្តភក្តិ ដែលបម្រើការងារនៅក្នុងបក្ស ឬស្ថាប័នផ្សេងទៀត ដែលមាននិន្នាការ ឬទស្សនផ្ទុយពីបក្ស ឬស្ថាប័នខ្លួន គឺមិនវាយតម្លៃអវិជ្ជមាន ឬទម្លាក់ផលប្រយោជន៍ពួកគេ ដូចជា មិនដំឡើងឋានៈ ឬដកតួនាទី និងតំណែងចេញពីមុខងារ រួមទាំងកៀបសង្កត់ដល់មុខជំនួញ និងការរកស៊ីពួកគេឡើយ។
 
លោកស្រី ចក់ សុភាព ចង់ឃើញគ្រប់គណបក្សនយោបាយទាំងអស់ គិតគូពីចំណុចនេះ ទើបចៀសផុតពីការរើសអើង និងបែកបាក់សាមគ្គីសង្គម។ «គណបក្សនយោបាយនីមួយៗ ត្រូវបើក(សេរីភាព)ទូលាយ ដើម្បីបង្កបរិយាកាសអំណោយផល សម្រាប់សមាជិករបស់ខ្លួន ហើយឈប់យល់ខុសថាគ្រាន់តែការជួបជជែក(មិត្តភក្តិរាប់អានគ្នា ដែលមានទស្សន ឬនិន្នាការនយោបាយផ្ទុយគ្នា) ការថតរូបរួមគ្នា និងទំនាក់ទំនងការងារជាមួយគ្នា ជាការចុះចូលឬមានបក្ខពួកជាដើម។ ផ្ទុយទៅវិញ ត្រូវបង្កបរិយាកាសឲ្យមានការប្រាស្រ័យទាក់ទងគ្នាដោយសេរី»។ នេះជាការលើកឡើងរបស់នាយិការមជ្ឈមណ្ឌលសិទ្ធិមនុសុ្សកម្ពុជា ដោយបន្ថែមថា ចំណុចសំខាន់មួយទៀត គឺមិនត្រូវរឹតត្បិតលំហសិទ្ធិសេរីភាពរបស់សង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន ព្រោះពួកគេក៏ជាផ្នែកមួយក្នុងលើកកម្ពស់ និងដោះស្រាយបញ្ហាសង្គម ពិសេសផ្នែកសិទ្ធិមនុស្ស។
 
ដោយឡែកលោក ប៉ា ច័ន្ទរឿន ក៏ទាមទារឱ្យពលរដ្ឋចេះពិចារណាពីគុណវិបត្តិនៃការរើសអើងនយោបាយ ដែលនាំឲ្យសង្គមជាតិកាន់តែបែកបាក់ ហើយចងគំនុំគ្នាដែរ។ បើតាមអ្នកជំនាញទស្សនវិជ្ជារូបនេះ ពលរដ្ឋត្រូវយល់ដឹងពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងពីសិទ្ធិសេរីភាពគាំទ្រលើគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត តាមបែបសេរីពហុបក្ស។ ដូច្នេះប្រសិនគ្រប់គ្នាយល់ពីចំណុចនេះ ហើយអនុវត្ត និងតម្ដល់ច្បាប់នេះ ពួកគេនឹងមានចិត្តបើកទូលាយ និងមិនប្រកាន់ ឬរើសអើងគ្នាឡើយ។ 


 លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា។ រូបពីហ្វេសប៊ុករបស់ ប៉ា ចន្ទរឿន

ចំណែករដ្ឋ ក៏ត្រូវពន្យល់យុវជនពីការចូលរួមសកម្មភាពនយោបាយ ដោយកុំឱ្យមានការរើសអើងគ្នាផងដែរ។ ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជារូបនេះ បានបន្ថែមថា៖ «រដ្ឋត្រូវបញ្ចូលការបញ្ឈប់ការរើសអើងផ្នែកនយោបាយចូលក្នុងកម្មវិធីសិក្សាដល់យុវជន ឲ្យបានយល់ដឹង និងកុំឲ្យជាប់អន្ទាក់នៃការរើសអើងនយោបាយនេះ»។ 
 
បើតាមលោក ច័ន្ទរឿន ការផ្លាស់ប្ដូរផ្នត់គំនិតពលរដ្ឋ គឺត្រូវការប្រើពេលវេលាយូរ និងត្រូវពឹងផ្អែកលើការពង្រឹងចំណេះដឹង ដល់ពលរដ្ឋផងដែរ៕ 
 
 

Tag:
 សង្គម
  នយោបាយ
  រើសអើង
© រក្សាសិទ្ធិដោយ thmeythmey.com