ជាតិ
វត្តឧត្តមមានជ័យ ធ្វើខ្លាចំបើងមួយគូ ​ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ
14, Apr 2022 , 9:39 am        
រូបភាព
វត្តឧត្តមមានជ័យ ហៅវត្តពាម ស្ថិតក្នុងភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បានយកចំបើងធ្វើជារូបខ្លា ដើម្បី​អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសានេះ។ ក្រៅពីរូបខ្លាចំបើងញីឈ្មោលមួយគូ វត្តឧត្តមមានជ័យ ក៏បានរៀបចំកម្មវិធីកម្សាន្ត និងការលេងល្បែងប្រជាប្រិយជាច្រើនផងដែរ។


 
ព្រះតេជគុណ ជិន វាសនា ចៅអធិការវត្តឧត្តមមានជ័យ បានមានសង្ឃដីកាសារព័ត៌មានថ្មីៗ២៥ថា ជារៀងរាល់ឆ្នាំព្រះអង្គ តែងតែច្នៃចំបើងឬឧបករណ៍ផ្សេងៗ ធ្វើជារូបសត្វតំណាងឆ្នាំនីមួយៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ រូបសត្វខ្លានេះ មាន២ គឺញី និងឈ្មោល ដែលមានទំហំ ៦ម៉ែត្រ និងកម្ពស់ជាង២ម៉ែត្រ។ ព្រះអង្គ ជិន វាសនា មានសង្ឃដីកាបន្តថាថា  មកដល់ពេលនេះ ​រូបខ្លាញីមួយក្បាល ផ្ទះស្បូវ និងរោងសង្រ្កាន្ត បានធ្វើរួចរាល់ ខណៈខ្លាឈ្មោល និងទង់ជាតិខ្មែរ ទំហំ៧ម៉ែត្រ ដែលធ្វើពីរនាបឫស្សី កំពុងដំណើរការ។
 
ចៅអធិការវត្តឧត្តមមានជ័យ មានសង្ឃដីកាដូច្នេះថា៖«ចូលឆ្នាំខ្មែរយើង គឺសត្វតំណាងឆ្នាំនីមួយៗ អ៊ីចឹង យើងធ្វើនេះ គឺដើម្បីទទួលទេវតាឆ្នាំថ្មី «ជិះខ្លា»។ មិនតែប៉ុណ្ណោះ ការធ្វើរូប និងតុបតែងទាំងនេះ ក៏ជាការលម្អវត្តរបស់យើងដែរ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ មានការគាំទ្រ និងប្រជាពលរដ្ឋមកលេងច្រើន»។
 
មិនតែប៉ុណ្ណោះ វត្តឧត្តមមានជ័យ ក៏បានរៀបចំល្បែងប្រជាប្រិយ ដូចជាបោះអង្គញ់ ទាញព្រ័ត្រ និងល្បែងកម្សាន្តជាច្រើនទៀត ពិសេសការដាក់តាំងបង្ហាញនូវឧបករណ៍នេសាទ និងសម្ភារប្រើប្រាស់មួយចំនួន ដូចជាកញ្ច្រែង ឈ្នាង អង្រុត ដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។ នេះជាសង្ឃដីកាបន្ថែមរបស់ព្រះអង្គ ជិន វាសនា៕

រូបភាពផ្ដល់ដោយ ព្រះតេជព្រះគុណ ជិន វាសនា៖










 

Tag:
 វត្តឧត្តមមានជ័យ
  ​ចូលឆ្នាំខ្មែរ
 សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com