ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកវិភាគ៖ មុនបោះឆ្នោត អ្នកនយោបាយ គួរប្រើយុទ្ធសាស្រ្តផ្ដោតលើសេដ្ឋកិច្ច ដើម្បីប្រកួតប្រជែង
01, Apr 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកវិភាគយល់ថា អ្នកនយោបាយគួរផ្លាស់ប្តូរយុទ្ធសាស្រ្តប្រកួតគ្នា នាពេលបោះឆ្នោតឃុំសង្កាត់ និងជ្រើសរើសតំណាងរាស្ត្រ ខាងមុខនេះ។ បើតាមអ្នកវិភាគ អ្នកនយោបាយគួរផ្ដោតលើវិស័យសេដ្ឋកិច្ច ក្នុងគោលនយោបាយ ដើម្បីប្រកួតប្រជែងដណ្ដើមសំឡេងគាំទ្រពីមហាជន ។ ប៉ុន្តែ អ្នកនយោយបាយហាក់ពុំទាន់ត្រៀមខ្លួន ចាប់យកឱកាសនេះនៅឡើយទេ។

 
ជាច្រើនអាណត្តិមកហើយ គេសង្កេតឃើញអ្នកនយោបាយ តែងតែដាក់គោលនយោបាយ ពីបញ្ហាដីធ្លី ព្រំដែន ជនអន្តោសប្រវេសន៍ និងអភិបាលកិច្ចល្អជាដើម សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោត។ ជាពិសេសការប្រើប្រាស់យុទ្ធសាស្រ្តរិះគន់គ្នាទៅវិញទៅមក។ សម្រាប់គោលនយោបាយទាំងនេះ សុទ្ធតែបង្ហាញពីឧត្តមគតិត្រឹមត្រូវ ក្នុងការជួយដោះស្រាយបញ្ហាជាតិ និងប្រជាពលរដ្ឋ។
 
ប៉ុន្តែដោយសារប្រទេសជាតិ កំពុងឈានជើងក្លាយទៅជាប្រទេសអភិវឌ្ឍន៍កម្រិតខ្ពស់ជាបន្តបន្ទាប់នោះ វាក៏ទាមទារឱ្យអ្នកនយោបាយទាំងអស់ ក្រៅគណបក្សកាន់អំណាច គួរតែងាកចេញពីគំនិតនយោបាយចាស់របស់ខ្លួន ហើយប្រើប្រាស់យុទ្ធសាស្រ្តថ្មី ដែលផ្ដោតលើវិស័យសេដ្ឋកិច្ច ក្នុងគោលនយោបាយ ឱ្យស្របតាមបរិបទ និងកាលៈទេសៈជាក់ស្ដែងវិញ។
 
 ការប្រកួតប្រជែងនយោបាយ គួរតែផ្ដោតលើការស្ដារសេដ្ឋកិច្ច ក្នុងវិបត្តិកូវីដ-១៩ 
 
ការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុននេះ ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនឹងរៀបចំឡើងនៅឆ្នាំ២០២៣។ ទន្ទឹមនឹងការបោះឆ្នោតកាន់តែខិតជិតមកដល់ អ្នកតាមដានសង្គមឃើញគណបក្សនយោបាយភាគច្រើន ហាក់ពុំទាន់បានត្រៀមខ្លួន និងយុទ្ធសាស្រ្តក្នុងប្រកួតប្រជែងគ្នានៅឡើយទេ។ 
 
លោក មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម អង្កេតឃើញថា ក្រៅពីគណបក្សកាន់អំណាច មិនទាន់មានគណបក្សណាមួយ បញ្ចេញយុទ្ធសាស្រ្តគួរឲ្យកត់សម្គាល់ឡើយ ។ ប៉ុន្តែបែរជាគណបក្សតូចៗខ្លះ ហាក់មានទំនោលចងក្រងគ្នា ដើម្បីប្រមូលកម្លាំងប្រជាធិបតេយ្យឲ្យបានធំ សម្រាប់ការប្រកួតប្រជែងទៅវិញ។ ប៉ុន្តែការប្រមូលកម្លាំងបែបនេះ មិនប្រាកដថា អាចទទួលបានលទ្ធផលជោគជ័យទេ បើសិនជាគ្មានយុទ្ធសាស្រ្តច្បាស់លាស់។ 

លោក មាស នី អ្នកវិភាគនយោបាយ និងជាអ្នកតាមដានការអភិវឌ្ឍសង្គម។ 
 
សម្រាប់លោក មាស នី កត្តាចម្បងដើម្បីទាញយកការគាំទ្រពីពលរដ្ឋ ឲ្យបានផុសផុលនាពេលបោះឆ្នោតនោះ គណបក្សនីមួយៗត្រូវផ្ដោតលើការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និងពង្រឹងកម្លាំងពលកម្មក្នុងស្រុក។ អ្នកវិភាគរូបនេះ ពន្យល់មូលហេតុថា ១៥ឆ្នាំចុងក្រោយនេះ កម្លាំងពលរដ្ឋ ដែលជាកម្លាំងពលកម្មនោះ បានងាកទៅផ្នែកកសិកម្ម និងឧស្សាហកម្ម ដូច្នេះអ្នកនយោបាយចាំបាច់ត្រូវតែផ្ដោតលើការលើកស្ទួយផ្នែកសេដ្ឋកិច្ចនេះ។ បើតាមលោក មាស នី វិស័យទាំងពីនេះ បានជួបបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ គឺកសិផលគ្មានទីផ្សារ ហើយកម្មកររោងចក្រជាច្រើនជួបទុក្ខលំបាក រួមទាំងការរំលោភសិទ្ធិការងារផងដែរ។
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក មាស នី ថ្លែងយ៉ាងដូច្នេះថា៖ «បក្សនយោបាយត្រូវពង្រឹងគោលនយោបាយផ្ទៃក្នុង គិតគូរថាដោះស្រាយបញ្ហាសង្គមបែបណា ជាជាងចាំតែរិះគន់នយោបាយបច្ចុប្បន្ន។ យើងឃើញហើយថា ដំណាំកសិផលស្ទើរគ្រប់មុខ តែងធ្លាក់តម្លៃដល់បាត ហើយកម្លាំងពលកម្មក្នុងស្រុកក៏ជួបទុក្ខលំបាក រហូតមានការចំណាកស្រុកទៅក្រៅ។ ដូច្នេះ ត្រូវប្រមូលនិងពង្រីកកម្លាំងពលកម្ម និងធនធានមនុស្ស ហើយរៀបយុទ្ធសាស្រ្តសេដ្ឋកិច្ចឡើងវិញ»។ 
 
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា ក៏យល់ឃើញដូចលោក មាស នី ដែរថា ក្នុងបរិបទវិបត្តិកូវីដ-១៩នេះ អ្នកនយោបាយពីគ្រប់គណបក្ស គួរគិតគូរលើការស្ដារសេដ្ឋកិច្ចឡើងវិញ។ ត្រង់ចំណុចនេះ លោក ប៊ុនណា ជំរុញឲ្យអ្នកនយោបាយ ងាកទៅប្រជែងគ្នាលើគោលនយោបាយសេដ្ឋកិច្ច នៅអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ ដែលជាចំណុចមួយទាក់ទាញពលរដ្ឋ ឲ្យមើលឃើញនូវការប្រកួតប្រជែងបែបថ្មី។
 
«ឱកាសល្អនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ ដែលអ្នកនយោបាយនីមួយៗគិតដល់គុណតម្លៃសារនយោបាយ ឈ្លោះគ្នាលើគោលនយោបាយជាជាងលើបញ្ហាបុគ្គល ទើបជាការល្អនៃគណបក្សនយោបាយជំនាន់ថ្មី និងបន្តដល់ជំនាន់ក្រោយផងដែរ»។ នេះបើតាមការលើកឡើងរបស់លោក ប៊ុនណា ។


លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ។ រូបពីហ្វេសប៊ុកលោក ប៊ុនណា
 
បើតាមអ្នកស្រាវជ្រាវរូបនេះ មានតែការប្រកួតប្រជែងសន្លឹកឆ្នោត តាមរយៈយុទ្ធសាស្រ្ត និងគោលនយោបាយផ្នែកសេដ្ឋកិច្ចទេ ដែលជាជម្រើសល្អប្រសើរ សម្រាប់ប្រយោជន៍សង្គមជាតិ។ ជាពិសេសការទាញយកប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)មកវិញ។ 
 
«បច្ចុបន្បសព្វថ្ងៃ ពលរដ្ឋ កសិករ កម្មករជាច្រើនរងផលប៉ះពាល់និងបាត់បងការងារ។ ដូច្នេះ មានតែប្រកួតគ្នា(គណបក្សនយោបាយ)លើការស្ដារសេដ្ឋកិច្ច ស្វែងរកការងារ ទីផ្សារកសិផល ហើយអ្នកឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ទាំងនោះ អាចទាញអ្នកវិនិយោគមកដល់មូលដ្ឋានទៀត គឺជាចំណុចល្អ»។ នេះជាការលើកឡើងរបស់លោក វណ្ណ ប៊ុនណា ។
 
យ៉ាងណាក៏ដោយ លោកក៏មើលឃើញពីទិដ្ឋភាព និងផ្នត់គំនិតពលរដ្ឋក្នុងសង្គមខ្មែរដែរថា
ទោះបីជាកត្តាប្រកួតប្រជែងគោលនយោបាយគ្នា ដោយគុណតម្លៃអហិង្សានេះល្អយ៉ាងណាក្តី ក៏មិនប្រាកដថា ទទួលបានការគាំទ្រច្រើនលើសលុបនោះដែរ។ នោះក៏ព្រោះតែពលរដ្ឋខ្លះ ដក់ជាប់វប្បធម៌នយោបាយចាស់ ដោយបោះឆ្នោតតាមការស្រលាញ់គណបក្ស និងមេបក្ស ជាងការពិនិត្យមើលគោលនយោបាយនិងរបៀបនៃការដឹកនាំ។ 
 
គណបក្សនយោបាយ២ បានត្រៀមយុទ្ធសាស្រ្ត ក្នុងបោះឆ្នោតខាងមុខ 
 
គណក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បានដាក់ចេញគោលនយោបាយ១២ចំណុច ដោយផ្ដោតសំខាន់លើទីផ្សារកសិកម្ម និងសិប្បកម្ម, ទុននិងបំណុល រួមទាំងភាពរើសអើងនយោបាយ។ សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ គឺជាបុគ្គលមានសមត្ថភាព សុចរិតភាព និងសកម្មភាព។ នេះជាគោលនយោបាយ និងយុទ្ធសាស្រ្តសម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ ដែលលោកលោក ឡឹក ទឹតសុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យGDP អះអាងប្រាប់សារព័ត៌មានថ្មីៗ។ 


លោក ឡឹក ទឹតសុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ 
 
អ្នកនាំពាក្យរូបនេះ បរិយាយបន្តថា គោលការណ៍ទីផ្សារកសិកម្ម និងសិប្បកម្ម នឹងជំរុញពលរដ្ឋឲ្យផលិត កែច្នៃ រួមទាំងស្វែងរកទីផ្សារដល់ពលរដ្ឋផងដែរ។ GDP ក៏ចងក្រងក្រុមសមាជនកសិករ ដើម្បីចែករំលែកចំណេះដឹង និងជួយគ្នាទៅវិញទៅមក រួមទាំងគិតគូរពីគម្រោងរៀបចំដើមទុន និងប្រព័ន្ធធារាសាស្រ្តផងដែរ។ ជាមួយគ្នាដែរ GDP នឹងជួយជ្រោមជ្រែងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ ជនងាយរងគ្រោះ រួមទាំងជនចាស់ជរា។ 
 
លោក ឡឹក ទឹតសុធារ ថ្លែងយ៉ាងដូច្នេះថា៖ «គោលនយោបាយលើកនេះ មានខ្លះបានអនុវត្តរួចហើយ នៅឃុំ-សង្កាត់មួយចំនួនហើយ មានឃុំដំណាក់សុក្រំ ក្នុងខេត្តកំពត, ឃុំសាគ្រាម ខេត្តកំពង់ធំ និងឃុំប៉ាតេ រតនគិរី ក៏មានសមាជិកGDP ជាសមាជិកមន្រី្តឃុំ-សង្កាត់ដែរ»។ 
 
ប៉ុន្តែមន្ត្រីរបស់លោក នៅមូលដ្ឋានទាំងនេះ មិនមានលទ្ធភាពចូលរួមដឹកនាំ និងផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនោះទេ ដោយសារពួកគេទាំងនោះ ជាជំទប់ទី២ ឬក្រុមប្រឹក្សា ។ យ៉ាងណា GDP បានជំរុញឲ្យមានការអភិវឌន្ឍន៍ ប្រកបដោយសមភាពនិងតម្លាភាព ។ 
 
រីឯ គណបក្សហ៊្វុនស៊ិនប៉ិចវិញ ក៏បានដាក់ចេញគោលនយោបាយ៩ចំណុច សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតនេះដែរ។ បើតាមលោក ញឿន រ៉ាដែន គោលនយោបាយទាំងនេះ ផ្ដោតលើការបម្រើផលប្រយោជន៍រាស្រ្ត និងដោះស្រាយបញ្ហាប្រឈមក្នុងសង្គម។ អ្នកនាំពាក្យគណបក្សរាជានិយមមួយនេះ សុំមិនបកស្រាយលម្អិតពីគោលនយោបាយបក្សឡើយ ព្រោះក្រុមការងារកំពុងរៀបចំដាក់បន្ថែម ហើយគ្រោងដាក់ផ្សព្វផ្សាយ នៅដើមខែឧសភាខាងមុខនេះ។ 
 
គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានត្រៀមផ្សព្វផ្សាយគោលនយោបាយ តាមបណ្ដាញសង្គម ចុះឃោសនាតាមមូលដ្ឋាន ចែកខិតប័ណ្ណ រួមទាំងពន្យល់បង្ហាញគោលនយោបាយសំខាន់ ដល់អ្នកគាំទ្រនិងពលរដ្ឋទូទៅផងដែរ។ 
 
លោក ពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី២៩ មីនា យ៉ាងដូច្នេះ៖ «គណបក្សហ្វ៊ុនស៊ិនប៉ិចក្រោមការដឹកនាំរបស់ព្រះបុត្រារបស់សម្ដេចក្រុងព្រះ នរោត្តម រណឫទ្ធិ, យើងកំពុងបញ្ហាវត្តមានរបស់ព្រះអង្គ(នរោត្តម ចក្រា​វុធ) ក្នុងនោះលោកបានចុះជួបជាមួយសមាជិកនិងថ្នាក់ដឹកនាំហើយ។ ដោយឡែកប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតលោកអត់ទន់បានឃើញឡើយ ឃើញតែតាមការប្រព័ន្ធផ្ស្វផ្សាយ យើងកំពុងព្យាយាមដើម្បីឲ្យលោកចុះទៅដល់មូលដ្ឋានផ្ទះរបស់ប្រជាពលរដ្ឋ»។ 
 
ក្រោមការដឹកនាំរបស់ព្រះអង្គ នរោត្តម ចក្រា​វុធ ជាបញ្ញវន្តដែលបានសិក្សានៅប្រទេសបារាំង លោកនឹងដាក់ចេញគោលនយោបាយ ដោយផ្ដោតសំខាន់គិតគូរលើផ្នែកសេដ្ឋកិច្ចថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ កត្តាចម្បងគឺ ដោះស្រាយបញ្ហាកម្ចីប្រាក់ និងការខ្វះខាតដើមទុនប្រកបអាជីវកម្ម។ លើសពីនេះ នឹងគិតគូរពីការឡើងថ្លៃនៃអតិផរណា ដើម្បីដោះស្រាយទុក្ខលំបាកពលរដ្ឋក្រីក្រ។ នេះបើការលើកឡើងរបស់លោក រ៉ាដែន ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ។ រូបពីហ្វេសប៊ុកលោក រ៉ាដែន
 
អ្នកនាំពាក្យរូបនេះ ដោយសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «នៅដែលព្រះអង្គនិងគណបក្សហ្វ៊ុនស៊ិនប៉ិច មានសិទ្ធិអំណាច ក្នុងការដឹកនាំនឹងខិតខំដើម្បីចូលរួមដោះស្រាយបញ្ហាខាងលើនេះ»។ 
 
លោកអះអាងថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងអនុវត្តតាមគោលនយោបាយដាក់ចេញ ។ ប៉ុន្តែដោយសារប៉ុន្មានអាណត្តិនេះ ពុំមានសំឡេងនៅក្នុងរដ្ឋសភា​ជាតិ ទើបពិបាកក្នុងការតតាំងមតិ ។ អ្នកនាំពាក្យរូបនេះ បន្ថែមថា៖ «បើសិនយើងបានអំណាច(សំឡេងក្នុងរដ្ឋសភា) នោះយើងនឹងបានចូលរួមជួយកសាង និងធ្វើទៅតាមសន្យារ។ ហើយក៏មិនមែនព្រងើយកន្កើយ ក្រោយពេលបោះឆ្នោតនោះទេ‌! នេះដោយសារយើងមិនមានអំណាច សិទ្ធិអ្វី ក្នុងការចូលរួមជជែកក្នុងរដ្ឋសភា»។​
 
កាលដែលលើកឡើងថា គ្មានសំឡេងក្នុងរដ្ឋសភា មិនអាចមានសកម្មភាពក្រោយពេលបោះឆ្នោត មិនត្រឹមត្រូវទាំងស្រុងនោះទេ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា យល់ថា គណបក្សនយោបាយនីមួយ នៅតែខ្វះចន្លោះក្នុងការធ្វើសកម្មភាព និងខ្វះការទាមទារឲ្យរដ្ឋាភិបាលស្ដាប់ការលើកឡើងរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាសង្គម។ 
 
លោក ប៊ុនណា ថ្លែងយ៉ាងដូច្នេះ៖ «ទោះគ្មានសំឡេងក្នុងសភា ក៏នៅតែចន្លោះ ក្នុងការទាមទារឲ្យរដ្ឋាភិបាលធ្វើសកម្មភាព និងដោះស្រាយបញ្ហានានាក្នុងសង្គម  ហើយបក្សនយោបាយទាំងអស់ ក៏មិនចាំបាច់សកម្មតែមុនពេលបោះឆ្នោតដែរ គឺត្រូវពិនិត្យមើលបញ្ហារាស្រ្តហើយជួយជ្រោមជ្រែង និងអន្តរាគមន៍ឲ្យរដ្ឋនិងអ្នកពាក់ព័ន្ធដោះស្រាយជាប្រចាំបាន»។ 
 
ទន្ទឹងនឹងនេះ លោកមើលឃើញថា សំឡេងគណបក្សប្រឆាំង គឺសំខាន់ណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ ខណៈរដ្ឋសភាជាតិ មានសំឡេងបក្សនយោបាយតែមួយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com