អត្ថបទពាណិជ្ជកម្ម
សហគ្រិន​បច្ចេកវិទ្យាខ្មែរ​រូបនេះ ​មានមហិច្ឆតា​ធ្វើឌីជីថលភាវូបនីយកម្ម​សហគមន៍នៅកម្ពុជា
02, Apr 2022 , 12:08 pm        
រូបភាព
ដោយ: ថ្មីៗ
ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា នឹងមានសក្ដានុពលដ៏អស្ចារ្យ សម្រាប់ភាពជោគជ័យ ខណៈដែលវិស័យ​ភស្តុភារ (Logistics) នៅក្នុងប្រទេសកម្ពុជា បានងាកទៅរក​ប្រព័ន្ធឌីជីថល។ នេះ​បើ​តាម​ការបញ្ជាក់ ​របស់​សហគ្រិន​បច្ចេកវិទ្យា​មួយរូបនេះ ​ដែល​បាន ​និងកំពុង​ធ្វើ​នវានុវត្តន៍​កម្មវិធីបច្ចេកវិទ្យា​ទំនើប​នៅក្នុងវិស័យ ​ភស្តុភារ (Logistics)​ នេះ ​អស់រយៈពេល​ជាង​មួយទសវត្សរ៍​មក​ហើយ។ ​
 
លោក កែវ រស្មី គឺជាស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន ឧទ័យ ថេកណឡជី (UDAYA Technology) ដែល​លោកបាន​បង្កើតឡើង​តាំងពីឆ្នាំ២០១០ មកម្ល៉េះ។ លោកជានិស្សិតដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក កែវ រស្មី បានប្រឡូក​ក្នុងវិស័យការងារ​នៅស្ថាប័ន​   ឯកជន​ពីឆ្នាំ​២០០២ ដល់​ឆ្នាំ២០០៦។ ប៉ុន្តែដោយសារតែលោកជាមនុស្សម្នាក់ដែលចូលចិត្តស្វែងរកមធ្យោបាយនានាដើម្បីចូលរួមចំណែកដល់សង្គម លោក​ក៏បានក្លាយជាសហគ្រិន រហូតឈានដល់ការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា ឧទ័យ នេះឡើងក្នុងឆ្នាំ ២០១០។
 
លោក កែវ រស្មី បានរៀបរាប់ពីដំណើរដ៏វែងឆ្ងាយ នៃការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យានេះឡើង ជាមួយនឹងបេសកកម្ម ក្នុងការក្លាយជាដៃគូទំនើបកម្មបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍សម្រាប់ទាំងអស់គ្នា។​ លោក មានប្រសាសន៍ថា៖ «អ្វីៗទៅមុខ​ដូចដែលយើងបានធ្វើតាមផែនការ ប៉ុន្តែនៅពេលយើងដំណើរការ​ វាលំបាកខ្លាំងណាស់ ដោយសារដំបូង​ៗ យើងមាន​បុគ្គលិកតិចនាក់បំផុត យើង​ខំទាំង​ត្រដាប​ត្រដួស ដោយសារតែពេលនោះវាជាលើកដំបូង ដែលយើងឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យា ហើយយើងក៏មិនសូវទទួលបានអតិថិជន​ច្រើនប៉ុន្មានដែរ​​។»


 
ដំបូងឡើយ ក្រុមហ៊ុន ឧទ័យ ថេកណឡជី មានបុគ្គលិកត្រឹមតែ ១២នាក់ប៉ុណ្ណោះ ដោយលោក រស្មី គឺជាអ្នកគ្រប់គ្រងទូទៅ ដែលសកម្មក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន រីឯ​ស្ថាបនិក ​និង​វិនិយោគិន​ផ្សេងទៀត​ជា «ដៃគូមិនចេញមុខ»។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ឧទ័យ ថេកណឡជី បានពង្រីកប្រតិបត្តិការរបស់ខ្លួន រហូតមានបុគ្គលិកជិត៧០នាក់ ដែលភាគច្រើនជាយុវជន​វ័យក្មេងៗ មានទេពកោសល្យ និង​ប្រកប​ដោយថាមពល ឧទ័យ ថេកណឡជី ក៏មានការិយាល័យកណ្តាលធំទូលាយសមរម្យ ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
 
លោក កែវ រស្មី មានប្រសាសន៍ថា ខណៈពេលដែលបច្ចេកវិទ្យាបានក្លាយជាផ្នែកមួយដ៏សំខាន់នៃសង្គម​​​​ កម្ពុជា សក្ដានុពលមានគ្រប់ទិដ្ឋភាព និងគ្រប់វិស័យ ដូច្នេះ "ចក្ខុវិស័យរបស់យើងគឺរួមចំណែកធ្វើឱ្យសង្គម និងជីវិតសហគមន៍កាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យាទំនើប"។
 
ដោយមានបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងទីផ្សារ គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងរយៈពេលមួយទស្សវត្សកន្លងមកនេះ ក្រុមហ៊ុន ឧទ័យ ថេកណឡជី ជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមតាមរយៈសមាហរណកម្មនៃបច្ចេកវិទ្យាដែលអាចជួយឱ្យសង្គមទទួលបានអត្ថប្រយោជន៍ អតិបរមាពីសម័យឌីជីថលរូបនីយកម្ម។ លោកនាយកគ្រប់គ្រងបានបន្ថែម​ទៀតថា៖ «ឌីជីថរូបនីយកម្ម គឺ​ផ្ដល់​ប្រយោជន៍​ច្រើន​ណាស់​ដល់​យើង​ទាំងអស់គ្នា ហើយនេះគឺជាអ្វីដែល​យើងកំពុងធ្វើ​សព្វថ្ងៃនេះ ហើយវាក៏ជា​ទស្សនវិស័យ​រៀងរាល់ថ្ងៃរបស់​យើង​ផងដែរ។» 
 
ក្របខណ្ឌសេដ្ឋកិច្ចឌីជីថល និងគោលនយោបាយសង្គម (២០២១-២០៣៥) របស់រាជរដ្ឋាភិបាល មានសារសំខាន់ក្នុងការលើកទឹកចិត្ត​ឱ្យ​ប្រជាជនកម្ពុជាធ្វើសមាហរណកម្មនៅក្នុងសង្គមឌីជីថល ហើយដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បានរំខានដល់មជ្ឈដ្ឋានសង្គមកន្លងមក ការប្រើប្រាស់បច្ចេកវិទ្យាបានក្លាយជាផ្នែកដ៏សំខាន់នៅគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត និងនិន្នាការឆ្ពោះទៅរកបច្ចេកវិទ្យាដែលកំពុងបង្កើនល្បឿន និងលើសពីការរំពឹងទុក។
 
ក្រុមហ៊ុន ឧទ័យ ថេកណឡជី កំពុងផ្តោតសំខាន់​ទៅលើ​ការច្នៃប្រឌិតនិងធ្វើទំនើបកម្មកម្មវិធីឌីជីថល ដើម្បីបម្រើវិស័យផ្សេងៗ និងធ្វើការផ្សព្វផ្សាយឱ្យប្រជាជនកាន់តែយល់ដឹងកាន់តែច្បាស់អំពីបច្ចេកវិទ្យា។


 
ជាមួយនឹងកម្មវិធីវេជ្ជសាស្ត្រ​អេឡិចត្រូនិក​របស់ខ្លួន ឧទ័យ ថេកណឡជី សង្ឃឹមថានឹងជួយជំរុញវិស័យ   សុខាភិបាលឱ្យមានសក្ដានុពលពេញលេញ ដោយ​មានការគាំទ្រពីកម្មវិធីឌីជីថលរបស់ខ្លួន។ នៅពេល​កកើត​ដំបូងៗ ឧទ័យ ថេកណឡជី ផ្តោតសំខាន់ទៅលើវិស័យសុខាភិបាល ដោយសារសក្តានុពល​ដ៏ខ្លាំងក្លានៃវិស័យនេះ ហើយនៅពេលនោះ លោក​ កែវ រស្មី បានតាំងចិត្តយ៉ាងមុតមាំថា នឹង​ធ្វើ​ឱ្យ​វិស័យនេះ​មាន​ការផ្លាស់ប្ដូរ។
 
សហគ្រិនវ័យ៤០ឆ្នាំរូបនេះ បានថ្លែង​យ៉ាង​ដូច្នេះថា៖ «អ្វីដែលខ្ញុំ​មើលឃើញកាលពីឆ្នាំ២០១០ គឺថា មានការ​ត្អូញត្អែរ​ជាច្រើន​អំពី​វិស័យសុខាភិបាលនៅកម្ពុជា។ ខ្ញុំបានសួរខ្លួនឯងថា ក្នុងនាមជាសហគ្រិនម្នាក់ តើ​ខ្ញុំអាច​ប្រើ​ចំណេះដឹងរបស់ខ្ញុំ​យ៉ាងដូចម្ដេច ដើម្បី​រួមចំណែក​ជួយដល់​សង្គម​របស់យើង ? ដូច្នេះហើយទើបខ្ញុំ​ចាប់​ផ្ដើម​បេសកកម្ម​មួយដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ ដោយប្រើចំណេះដឹងរបស់ខ្ញុំ និង​បច្ចេកវិទ្យា​ ដើម្បី​បង្កើត​ប្រព័ន្ធ​កត់ត្រាវេជ្ជសាស្ត្រដ៏ល្អនិងរឹងមាំមួយ។» 
 
លោក រស្មី បាន​បន្ថែមថា៖ «ខ្ញុំ​ជឿជាក់ថា​ ប្រសិនបើ​មន្ទីរពេទ្យ​និងគ្លីនិក​ទាំងអស់​មាន​ប្រព័ន្ធគ្រប់គ្រង​ល្អ ពួកគេនឹងអាច​កែលម្អ​ប្រសិទ្ធភាព​និង​ប្រសិទ្ធផល​ការងាររបស់ខ្លួន ដោយសារវេជ្ជបណ្ឌិត​និង​បុគ្គលិក​ពេទ្យ​​នឹងមានភាពងាយស្រួល​ក្នុងការបំពេញការងាររបស់ខ្លួន។ យើង​នាំយក​បទពិសោធន៍ថ្មី​មកជូន​វេជ្ជបណ្ឌិត​និងបុគ្គលិកពេទ្យ​សម្រាប់ការបំពេញការងាររបស់ពួកគេ ព្រមទាំង​កែលម្អ​ប្រតិបត្តិការ​ធុរកិច្ច​របស់​មន្ទីរពេទ្យ​និងគ្លីនិក ឱ្យ​កាន់តែមានប្រសិទ្ធភាព​ ប្រសិទ្ធផល​ និង​លឿនរហ័សជាងមុន។» 
 
ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (EMR) របស់ ក្រុមហ៊ុន ឧទ័យ ថេកណឡជី ដែលដំបូងឡើយអាចកត់ត្រាត្រឹមតែឈ្មោះ និងអាយុរបស់អ្នកជំងឺប៉ុណ្ណោះ ឥឡូវនេះ ត្រូវបានធ្វើនវានុវត្តន៍កាន់តែទំនើប ហើយកំពុងត្រូវបានប្រើប្រាស់ដោយមន្ទីរពេទ្យ និងគ្លីនិកជាង៤០ (ទាំង​រដ្ឋ និងឯកជន) ដែលភាគច្រើនជាមន្ទីរពេទ្យ ដែលមានកេរ្តិ៍ឈ្មោះល្បី ស្ថិតនៅក្នុងទីក្រុងភ្នំពេញ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនកំពុងតែរៀបចំគម្រោង ពង្រីកការដាក់ពង្រាយកម្មវិធីឌីជីថលនេះ ទៅតាម​បណ្ដាខេត្តជាច្រើនទៀត ដើម្បីឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែមានភាពរីកចម្រើន ស្របតាមឌីជីថលភាវូបនីយកម្ម។


 
ស្របពេលជាមួយគ្នានេះផងដែរ ជំងឺរាតត្បាតសាកលកូវីដ-១៩ ​បានជំ​រុញ​​កំណើន​យ៉ាងគំហុក​នៅក្នុង​ឧស្សាហកម្មភស្តុភារនៅកម្ពុជា ហើយ​ក្រុមហ៊ុន ឧទ័យ ថេកណឡជី ​បាន​ទាញ​យកអត្ថ​ប្រយោជន៍​ពីការរីកចម្រើនយ៉ាងឆាប់រហ័សនេះ តាមរយៈ​បច្ចេកវិទ្យា​របស់ខ្លួន ដោយ​ពង្រីក​វិសាលភាព​នៃការបម្រើ ​សេវាកម្ម​របស់ខ្លួនទៅក្នុង​វិស័យ​ភស្តុភារផងដែរ។ លោក កែវ រស្មី បាន​លើកឡើង​ថា៖ «សេវាកម្មនិងវិស័យ ភស្តុភារនៅក្នុងប្រទេសកម្ពុជា​ កំពុងរីកលូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​យើង​មានមោទកភាព ដែលបាន​ដើរតួនាទីសំខាន់ នៅក្នុងចំណែកនៃ​កំណើននេះ។ យើងមាន​សុទិដ្ឋិនិយម​ថា សង្គមកម្ពុជា ​នឹងងាកទៅរក​ការប្រើប្រាស់​បច្ចេកវិទ្យា​ច្រើនជាងនេះ​ថែមទៀត ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ហើយ​យើង​កំពុងខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីជំរុញ​និន្នាការនេះ។» 
 
សព្វថ្ងៃ ក្រុមហ៊ុន ឧទ័យ​ ថេកណឡជី កំពុងផ្ដល់​កម្មវិធីឌីជីថល ​និងជួយសម្រួល​ដល់​ចរាចរណ៍​កញ្ចប់​បញ្ញើ​ជាង ៣លាន​កញ្ចប់ ​តាមរយៈបច្ចេកវិទ្យាឌីជីថលភស្តុភាររបស់ខ្លួន ក្នុងមួយខែៗ ដែលជាតួលេខ​​បាន​កើនឡើង​បួនដង បើធៀបនឹងតួលេខក្នុងឆ្នាំ២០២០។ 
 
លោក រស្មី បានបន្ថែម​យ៉ាងដូច្នេះ​ថា៖ «ការចូលរួម​របស់ ឧទ័យ ថេកណឡជី នៅក្នុង​វិស័យ​សុខាភិបាល​ និង​វិស័យ​ភស្តុភារ មានតម្លៃ​យ៉ាងធំធេង មិនអាចកាត់ថ្លៃបាន ហើយថែមទាំង​​ផ្ដល់នូវ​គំនិតថ្មីៗ និងបទពិសោធន៍សំខាន់ៗ​​​ ដែល​អនុញ្ញាត​ឱ្យ​យើង អាច​នឹងពង្រីក​ទៅកាន់​វិស័យ​សក្ដានុពល​ផ្សេងទៀត។» 
 
លោកបានមានប្រសាសន៍ថា នៅពេលដែលក្រុមហ៊ុនបានចូលជ្រៅ ទៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ដោយការច្នៃប្រឌិត ប្រព័ន្ធគ្រប់គ្រងឌីជីថលទំនើបៗ និងសម្បូរបែប ដើម្បីផ្តល់សេវាកម្ម ទៅដល់​ក្រុមហ៊ុនអាជីវកម្មលើវិស័យជាច្រើនទៀត ដូចជា វិស័យការថែទាំសុខភាព ភស្តុភារ គណនេយ្យ អប់រំ បដិសណ្ឋារកិច្ច និងស្វ័យប្រវត្តិកម្មឧស្សាហកម្ម ព្រមទាំងប្រព័ន្ធផលិតបេតុងឆ្លាតវៃ (Smart Batching Plant) បន្ថែមទៀត​ផងដែរ៕



(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com