ជាតិ
សេដ្ឋកិច្ច
ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា គាំទ្រការជំរុញការប្រើប្រាស់លុយរៀល
02, Apr 2022 , 10:29 pm        
រូបភាព
ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ ខណៈកម្ពុជា កំពុងអំពាវនាវឲ្យប្រជាជនប្រើលុយរៀល ដើម្បីលើកកិត្តិយស និងចំណេញសេដ្ឋកិច្ចជាតិ លោក Pablo Kang បានបង្ហាញការគាំទ្រ និងកោតសរសើរចំពោះការខិតខំធនាគារជាតិ រួមទាំងការប្រារព្ធទិវាប្រាក់រៀលផងដែរ។


 
លោក Pablo Kang បានទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន តបតាមការអញ្ជើញរបស់លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងយល់អំពីដំណើរវិវត្តន៍នៃរូបិយវត្ថុកម្ពុជា។ ក្នុងដំណើរទស្សកិច្ចសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ឯអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជារូបនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផលិតរូបិយវត្ថុរបស់កម្ពុជា តាំងពីសម័យហ្វូណន រហូតដល់បច្ចុប្បន្ន។ 

សកម្មភាពលោក Pablo Kang ទស្សនាសារមន្ទីរ ស.ស.រ ជាមួយលោកស្រី ជា សិរី និងលោក ប្លែស គីលីយ៉ង។  រូបភាពពីហ្វេសប៊ុកលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា
 
នៅក្នុងដំណើរទស្សនកិច្ចប្រមាណ២ម៉ោង ក្នុងសារមន្ទីរ ស.ស.រ របស់លោក Pablo Kang មានការអមដំណើរដោយ លោកស្រី ជា សិរី និងលោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ រួមជាមួយមន្រ្តីជាន់ខ្ពស់ ដែលទទួលបន្ទុកផ្នែកពាណិជ្ជកម្មអូស្រ្តាលីទូទៅផងដែរ។ លោក ប្លែស គីលីយ៉ង់ បានប្រាប់សារព័ត៌មានថ្មីៗ២៥ដឹងថា៖«លោកឯអគ្គរដ្ឋទូតអូស្រ្តាលីចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះពិព័រណ៍អចិន្ត្រៃយ៍ នៃសារមន្ទីរព្រះស្រីឦសានវរ្ម័ន ក្រោយលោកបានចំណាយពេល២ម៉ោង នៅក្នុងសារមន្ទីរ»។ 
 
សហប្រធានសារមន្ទីរ ស.ស.រ រូបនេះ បានបន្ថែមថា លោកឯអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានសួរសំណួរជាច្រើន ទាក់ទងទៅនឹងប្រវត្តិរូបិយវត្ថុនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងសម័យហ្វូណន សម័យអង្គរ។ ចំណែក សម័យបច្ចុប្បន្ន លោកបានចាប់អារម្មណ៍ទៅលើការបោះពុម្ពក្រដាសប្រាក់រៀល។ លោកបានចាប់អារម្មណ៍ ទៅលើគុណភាព ប្រព័ន្ធសុវត្ថិភាពប្រាក់រៀល ដែលបោះពុម្ពនៅក្នុងប្រទេសខ្មែរ ដោយធនាគារជាតិផងដែរ។ 
 
លើសពីនេះ លោកឯអគ្គរដ្ឋទូតអូស្រ្តាលី ក៏បានបង្ហាញការគាំទ្រចំពោះកម្ពុជា លើការជំរុញឱ្យពលរដ្ឋប្រើប្រាស់ប្រាក់រៀល នៅក្នុងសេដ្ឋកិច្ចកម្ពុជា នៅពេលដែលប្រាក់ដុល្លារកំពុងតែមានការចរាចរណ៍យ៉ាងខ្លាំង នៅក្នុងសេដ្ឋកិច្ចជាតិ។  លោក ប្លែស គីលីយ៉ង់ បានលើកឡើងថា៖« លោកឯអគ្គរដ្ឋទូតអូស្រ្តាលី បានចាប់អារម្មណ៍ទៅលើយុទ្ធសាស្រ្ត នៃការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀល និងជំរុញការជឿទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ទៅលើការប្រើប្រាស់ប្រាក់រៀល ក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា»។ 

រូបភាពពីហ្វេសប៊ុកលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា  
 
ជាការពិតណាស់ នៅពេលដែលសេដ្ឋកិច្ចជាតិពឹងពាក់ទៅលើរូបិយវត្ថុ ដែលមិនមែនជារូបិយវត្ថុរបស់ជាតិ វានឹងនាំឱ្យគោលនយោបាយនៃរូបិយវត្ថុថយចុះទៅវិញ។ រូបិយវត្ថុជាផ្នែកមួយសំខាន់នៃអធិបតេយ្យភាពរបស់កម្ពុជា។ ដូច្នេះនៅពេលដែលមានការជំរុញឱ្យប្រើប្រាស់លុយរៀល វានឹងផ្តល់ឱកាសឱ្យរូបិយវត្ថុរបស់ជាតិអាចមានឥទ្ធិពលកាន់តែខ្ពស់។ លោក ប្លែស គីលីយ៉ង់ បានលើកឡើងថា៖«នៅពេលដែលយើងពឹងពាក់លុយបរទេស វានឹងធ្វើឱ្យបាត់បង់អធិបតេយ្យជាតិមួយផ្នែក រួមទាំងធ្វើឱ្យមានការថយគុណភាពនៃនយោបាយរូបិយវត្ថុជាតិ»។ 
 
គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ នៃការអញ្ជើញទៅទស្សនកិច្ច របស់ លោក Pablo Kang ឯអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នៅសារមន្ទីរ ស.ស.រ។ ដោយឡែក កន្លងមកសារមន្ទីរ ស.ស.រ ក៏ធ្លាប់មានឯអគ្គរដ្ឋទូតជាច្រើន អញ្ជើញទៅទស្សនាដូចជា ឯករដ្ឋទូតជប៉ុន អាល្លឺម៉ង់ បារាំង និងទូតអាម៉េរិកជាដើម។ ក្រៅពីនេះ ក៏មានមន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជាជាច្រើនផងដែរ។ 


រូបភាពពីហ្វេសប៊ុកលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា 
 
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ជាសារមន្ទីរបែបទំនើបមួយនៅកម្ពុជា ដែលនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុជាច្រើនសម័យកាលរហូតមកដល់បច្ចុប្បន្ន។ សារមន្ទីរ ស.ស.រ មានភាពសម្បូរបែបដ៏អស្ចារ្យជាច្រើន ដែលប្រជាជនខ្មែរ ជាពិសេសយុវជន គួរទៅទស្សនា និងឈ្វេងយល់។ 
 
បើសិនជាលោកអ្នកចង់ដឹងកាន់តែច្បាស់អំពី ប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន៕
 

Tag:
 ប្រាក់រៀល
  ទូតអូស្រ្តាលី
  សារមន្ទីរ ស.ស.រ
© រក្សាសិទ្ធិដោយ thmeythmey.com