ជាតិ
សង្គមជាតិ
តើហេតុអ្វីលោក-លោកស្រីគួរចូលរួមទិញសៀវភៅ«អ្នកថែអង្គរ»?
03, Apr 2022 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សៀវភៅ«អ្នកថែអង្គរ»នឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។ អាជ្ញាធរជាតិ​អប្សរា និងសារព័ត៌មានថ្មីៗ (Thmeythmey.com) បានសហការគ្នា​ផលិត​ឯកសារជាសំណេរ និងជាវីដេអូជាច្រើនរួចមកហើយ។ គោលបំណងរួម គឺសរសេរ​ចងក្រងគ្រប់​រឿងរ៉ាវកាល​ពីអតីត​កាល និងបច្ចុប្បន្នកាលនៅតំបន់អង្គរជាភាសាខ្មែរ និង​ភាសា​អង់គ្លេស។ ឯកសារជា​សំណេរ និងជាវី​ដេអូស្តីពីរមណីយដ្ឋានអង្គរ គឺជាឧបករណ៍​ផ្សព្វផ្សាយ​ដ៏មាន​ប្រសិទ្ធភាពក្នុង​ការទាក់​ទាញ​ទេសចរ​ជាតិ និងអន្តរជាតិ។


 
សៀវភៅ«អ្នកថែអង្គរ»នឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។ បន្ទាប់ពីសៀវភៅនេះ ថ្មីៗ និងអាជ្ញាធរជាតិអប្សរា នឹងបោះពុម្ពផ្សាយសៀវភៅស្តីពីតំបន់អង្គរបន្ថែមទៀត។ សៀវភៅបន្ត​អាចមានចំណងជើងថា«លើសពីអង្គរ»។ ការចូលរួមទិញសៀវភៅស្តីពីតំបន់អង្គរ គឺជាការចូល​រួម​ថែរក្សា អភិរក្សបេតិកភណ្ឌជាតិ និងជាការចូលរួម​អភិវឌ្ឍវិស័យទេសចរណ៍។ 
 
ជាការពិត គេត្រូវតែអរគុណ និងដឹងគុណអ្នកកសាងប្រាសាទ​ដែលមាន​អាយុច្រើន​រយ​ពាន់ឆ្នាំកន្លងមក។ ប៉ុន្តែ ការងារ​អ្នកថែអង្គរ ឬអ្នកថែប្រាសាទ ក៏មិនត្រូវមើលរំលងឡើយ។ អ្នកថែ​អង្គរខ្លះ បានចំណាយពេលស្ទើរមួយជីវិតរបស់ពួកគេដើម្បីមើលថែកេរដំ​ណែលដូន​តាមួយនេះ។ 
 
សៀមរាបអង្គរ គឺជាឈ្មោះដែលបានដក់ជាប់នៅក្នុងបេះដូងពលរដ្ឋខ្មែរគ្រប់រូប។ ខេត្ត​សៀមរាប ឬបុរីប្រាសាទ មានប្រាសាទបុរាណ វត្តបុរាណ និងទួលបុរាណចំនួនរាប់រយ។ ឧទ្យាន​​អង្គរ ឬរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌរបស់មនុស្សជាតិទទួលបានការគាំទ្រ និង​អនុញ្ញាត​ឲ្យចុះ​ឈ្មោះ​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូក្នុងឆ្នាំ​១៩៩២។ 
 
ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋនៅលើពិភពលោក​ផ្តល់តម្លៃយ៉ាងធំធេង​ចំពោះ​សំណង់​ប្រាសាទដ៏​ល្អឯកក្នុងលោកមួយនេះ ជាពិសេស បុព្វបុរសខ្មែរអ្នកសាងសង់ និងអ្នកថែអង្គរ​​ជា​បន្ត​បន្ទាប់។ ជាការតបស្នងសងគុណដល់អ្នកសាងសង់ និងថែអង្គរ អាជ្ញាធរជាតិអប្សរា និង​សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) បានសហការរួម​គ្នា​សរសេរចង ក្រង​ប្រវត្តិអ្នកថែអង្គរ។ តើតួ​អង្គរណាខ្លះជាអ្នកថែអង្គរ? ស្នាដៃនេះ នឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ៕ 
 
តម្លៃកក់មុន៖ ៤ដុល្លារ
 
លេខទំនាក់ទំនង និងTelegram: 010 567 505 / 085 680 864
 

© រក្សាសិទ្ធិដោយ thmeythmey.com