អន្តរជាតិ
តំបន់ប៉ូលខាងជើង និងខាងត្បូង ឡើងកម្តៅខ្លាំងខុសពីធម្មតា
03, Apr 2022 , 12:59 pm        
រូបភាព
ទ្វីបអង់តាក់ទិក។ រូបភាព៖ Unsplash
ទ្វីបអង់តាក់ទិក។ រូបភាព៖ Unsplash
ក្នុងឆ្នាំ ២០២២ តំបន់ទឹកកកនៅប៉ូលខាងជើង និងខាងត្បូងផែនដី មានសីតុណ្ហភាព​ក្តៅខ្លាំងខុសពីធម្មតា។ នៅពេលតំបន់អាក់ទិកចូលដល់រដូវផ្ការីក វាបានកើនកម្ដៅក្តៅជាង​ធម្មតា ៥០​ហ្វារិនហៃ ឬ១០អង្សាសេ។ ចំណែកឯពេលតំបន់អង់តាក់ទិកខិតជិតដល់រដូវស្លឹក​ឈើជ្រុះ វាមានកម្ដៅលើសពីធម្មតា ៧០ ហ្វារិនហៃឬ ២១អង្សាសេឯណោះ។ ការកើនឡើង​កម្ដៅបែបនេះ បណ្ដាលឱ្យទឹកកកតំបន់ប៉ូលរលាយយ៉ាងខ្លាំង ដែលធ្វើឱ្យកើន​ឡើងកម្ពស់ទឹកសមុទ្រសកល។

 
តំបន់ប៉ូលខាងជើង និងខាងត្បូង ត្រូវបានកត់ត្រាថាមានកម្ដៅកើនឡើងខ្លាំងខុសពីធម្មតា ​ចាប់ពីដើមខែមីនា ឆ្នាំ២០២២មក។ នៅពេលតំបន់អង់តាក់ទិក ខិតជិតដល់រដូវស្លឹកឈើ​ជ្រុះ វាមានកម្ដៅលើសពីធម្មតា ៧០​ហ្វារិនហៃ ឬ ២១អង្សាសេ​ឯណោះ។ នេះគឺជារឿងមិន​ប្រក្រតីមួយ ព្រោះជាធម្មតាតំបន់អង់តាក់ទិក មានសីតុណ្ហភាព​ត្រជាក់ខ្លាំងដល់ទាបជាង​សូន្យប្រហែល -៤៥ ទៅ -៥១អង្សា ហើយឥឡូវវាមានសីតុណ្ហ​ភាព​ឡើងដល់​ក្បែរសូន្យ។
 
ជាក់ស្ដែងនៅបឹងVostok នៃតំបន់អង់តាក់ទិកធ្លាប់តែមានសីតុណ្ហភាពប្រហែល -៥២អង្សា បានឡើងសីតុណ្ណភាពមកនៅ -១៧អង្សា ដែលជាកំណត់ត្រាខ្ពស់បំផុត។ ចំណែកនៅ​ស្ថានីយ៍ស្រាវជ្រាវ Concordia សីតុណ្ហភាពបានប្រែប្រួលមកនៅត្រឹម -១២អង្សា ខណៈ​កន្លងមក​តំបន់នេះមានសីតុណ្ហភាពត្រជាក់ដល់ -៤៨អង្សាឯណោះ។ នេះបើតាមរបាយ​ការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ស្របគ្នានេះ នៅពេលតំបន់អាក់ទិកចូលដល់រដូវផ្ការីក វាបានកើនកម្ដៅក្តៅជាងកម្រិត​សីតុណ្ហភាពធម្មតា ៥០ហ្វារិហៃ ឬ១០អង្សា។ តំបន់អាក់ទិកបានឡើងកម្ដៅលឿន​ជាងការប៉ាន់ស្មានជាមធ្យមរបស់​ពិភពលោកប្រហែល ២ទៅ៣ដងរួចមកហើយដោយសារ​វិបត្តិអាកាសធាតុ។ នៅមហាសមុទ្រ​អាត្លង់ទិកថ្មីៗនេះ ក៏បានរងឥទ្ធិពលខ្យល់ក្ដៅដែលផាត់​ចេញ​ពីកោះហ្គ្រោអង់ឡង់នៃតំបន់អាក់ទិក​ដែរ។ 
 
គួរបញ្ជាក់ថា ការកើនឡើងកម្ដៅខ្លាំងនៅតំបន់ប៉ូលទាំងពីនេះជាព្រឹត្តិការណ៍មិនធ្លាប់មាន ហើយវាជាលទ្ធផលនៃវិបត្តិបម្រែបម្រួលអាកាសធាតុ។ ការកើនឡើងកម្ដៅបែបនេះនឹងធ្វើ​ឱ្យទឹកកកតំបន់ប៉ូលរលាយលឿនជាងការរំពឹងទុក ហើយធ្វើឱ្យកម្ពស់ទឹកសមុទ្រកើនឡើង ដែលជាកត្តាបង្កើនហានិភ័យនៃទឹកជំនន់នៅក្នុងប្រទេសឆ្នេរសមុទ្រទូទាំងពិភព​លោក។ មិនត្រឹមតែបង្កើនកម្ពស់ទឹកសមុទ្រប៉ុណ្ណោះទេ ការរលាយទឹកកកក៏បានរំខានដល់​ប្រព័ន្ធជីវចម្រុះក្នុងមហាសមុទ្រទឹកកក ដែលជាប្រភពអាហាររបស់ជនជាតិដើមរស់នៅ​ទីនោះថែម​ទៀត៕ 
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com