ជាតិ
សេដ្ឋកិច្ច
ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប តម្លៃ១៥០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​
04, Apr 2022 , 2:45 pm        
រូបភាព
ផ្លូវមួយខ្សែក្នុងចំណោមផ្លូវ៣៨នៅក្រុងសៀមរាប ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លួវការ នាថ្ងៃទី៤មេសា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន​
ផ្លូវមួយខ្សែក្នុងចំណោមផ្លូវ៣៨នៅក្រុងសៀមរាប ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លួវការ នាថ្ងៃទី៤មេសា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន​
ដោយ ៖ ធន់ សេងហុង 
 
ផ្លូវចំនួន៣៨ខ្សែ ដែលមានប្រវែងសរុប១០៨,៧៤គីឡូម៉ែត្រ នៅក្រុងសៀមរាប​ ត្រូវបាន​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៤​ ខែមេសា។ ផ្លូវទាំង៣៨នេះ រដ្ឋាភិបាលបានចំណាយថវិកាជាតិ អស់១៥០លានដុល្លារ ដោយប្រើប្រាស់ពេលសាងសង់ជាងមួយឆ្នាំ។

 
ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ជាហេដ្ឋារចនាសម្ព័ន្ធមួយយ៉ាងសំខាន់ សម្រាប់ជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត ។ ផ្លូវនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់ តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២០មក ដែលមានសម្តេច ទៀ បាញ់ ជាប្រធានគណៈកម្មការអន្តរក្រសួងស្ថាបនាផ្លូវទាំងនេះ។ 
 
នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣៨ខ្សែនេះ សម្តេច ទៀ បាញ់ បានលើកឡើងថា ខ្សែផ្លូវទាំងនេះត្រូវបានសាងសង់ឡើង ដោយគិតគូរយ៉ាងល្អិតល្អន់ពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្ម ,ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម ,មានមេត្រីភាពនឹងទឹក ព្រៃឈើនិងប្រាសាទបុរាណ ជាពិសេសស្របតាមប្លង់គោលនៃការប្រើប្រាស់ដីតំបន់បុរាណមួយនេះ និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប តាមចក្ខុវិស័យឆ្នាំ២០៣៥។ 


សម្តេច ទៀ បាញ់​ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប។

បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្លូវទាំងនេះត្រូវបានសាងសង់ ដោយអនុលោមទៅតាមប្រភេទខ្សែនីមួយៗ រួមមាន៖ ផ្លូវប្រភេទទីមួយ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវបានជួសជុលឡើងវិញ ដោយអ៊ុតក្រាលបេតុងកៅស៊ូACកម្រាស់ពី ៥ ទៅ ៧សង់ទីម៉ែត្រ។
 
ផ្លូវប្រភេទទីពីរ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រពីលើ។ រីឯផ្លូវប្រភេទទីបី គឺជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន ដែលត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ខណៈផ្លូវប្រភេទទីបួន ជាផ្លូវវាងក្រុងដោយកំណាត់ផ្លូវ ត្រូវបានជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ។ ចំណែកកំណាត់ផ្លូវវាងក្រុង ដែលមានតួផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ។ 
 
​ការសាងសង់ហេដ្ឋាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានអនុវត្តដោយអង្គភាពរដ្ឋចំនួន៨ក្រុម។ ក្នុងនោះមាន កងវិស្វកម្មលេខ១៧៨ ស្ពាន ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ, កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រុះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់, និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។ 


ផ្លូវមួយខ្សែក្នុងចំណោមផ្លូវ៣៨នៅក្រុងសៀមរាប ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លួវការ នាថ្ងៃទី៤មេសា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន​

គម្រោងនេះ ត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការងារ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន៩ក្រុមទៀត ដែលប្រចាំការនៅតាមការដ្ឋានផ្ទាល់។ នេះជាការរៀបរាប់បន្ថែមរបស់សម្តេច ទៀ បាញ់ ដោយបានបញ្ជាក់ថា៖« រដ្ឋាភិបាលបានចំណាយកញ្ចប់ថវិកាអស់ជិត១៥០លានដុល្លារ ដើម្បីស្ថាបនាផ្លូវទាំងនេះឡើង»។
 
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធទាំងលើ  រដ្ឋាភិបាលក៏មានការរៀបចំនូវការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋជាង១,២ម៉ឺនគ្រួសារ ដែលរស់នៅតាមបណ្តោយលូមេនៃខ្សែផ្លូវទាំង៣៨ខ្សែផងដែរ។ លើសពីនេះ ក្រុមការងារ ក៏បានស្ថាបនាចំណតរថយន្តសងខាងផ្លូវជាតិលេខ៦ ប្រវែង២១៩០ម៉ែត្រ ដោយបានចំណាយថវិកាជិត៤លានដុល្លារទៀត ដែលផ្ដល់ដោយសម្តេច ហ៊ុន សែន ដើម្បីបញ្ចប់គម្រោងការសាងសង់ផ្លូវ៣៨ខ្សែ និងជួយសម្រួលការចំណាយរបស់ពលរដ្ឋ នៃអន្តរកាលវិបត្តិជំងឺកូវីដ-១៩។
 
គម្រោងនេះ ក៏បានរៀបចំបន្ថែមនូវប្រព័ន្ធការពារទឹកជំនន់ បញ្ចៀសការជន់លិចទីក្រុង , រៀបចំខឿនចិញ្ចើមផ្លូវ ,បង្គោលភ្លើងបំភ្លឺផ្លូវ ,ភ្លើងសញ្ញាចរាចរណ៍ ,បណ្តាញខ្សែកាប ,ប្រព័ន្ធបញ្ជូនអគ្គិសនី ,ផ្លូវថ្មើរជើង ,ផ្លូវសម្រាប់ជនពិការ ,ផ្លូវជិះកង់ ,ចំណតរថយន្ត ,ផ្លាកសញ្ញា ,គំនូសសញ្ញាចរាចរណ៍ ,ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ,សួនច្បារ និងការដាំដើមឈើលម្អតាមដងផ្លូវ ផងដែរ។
 
សម្តេច ទៀ បាញ់ បានអះអាងថា ផ្លូវទាំង៣៨ខ្សែនេះ កំពុងដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជនទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា។​ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជួយជំរុញកំណើនដឹកជញ្ជូនគ្រប់ប្រភេទ ,កាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ,ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ។ ជាពិសេសគឺប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងទំនើប ស្រស់ស្អាត ស័ក្ដិសមជាទីក្រុងឆ្លាតវៃ (Smart City) និងជាតំបន់ស្នូលនៃប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល និងជាគោលដៅទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រនិងធម្មជាតិដ៏មានប្រជាប្រិយភាព៕ 
 

Tag:
 ថវិកាជាតិ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com