ជាតិ
សង្គមជាតិ
ប្រជានេសាទនៅខេត្តស្ទឹងត្រែង រអ៊ូថា ត្រីក្នុងទន្លេមេគង្គផ្នែកខាងលើ ធ្លាក់ចុះយ៉ាងគំហុក នៅឆ្នាំ២០២២
05, Apr 2022 , 9:29 am        
រូបភាព
ដោយ:
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទ នៅតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងមួយចំនួន បានត្អូញត្អែរពីផលនេសាទកាន់តែថយចុះពីមួយថ្ងៃទៅថ្ងៃ។ ជុំវិញបញ្ហាត្រីនៅដងទន្លេមេគង្គកាន់តែខ្សត់នេះ ត្រូវបានអ្នកនេសាទទាំងនេះ សន្និដ្ឋានថា អាចបណ្ដាលមកពីបទល្មើសខុសច្បាប់ ស្របពេលស្ថានភាពទឹកឡើងចុះមិនទៀងទាត់។ ចំនួនពលរដ្ឋក្នុងតំបន់នោះកើនឡើង ក៏ជាកត្តាគួបផ្សំដែលធ្វើឱ្យបរិមាណត្រីថយចុះដែរ។

 
ដងទន្លេមេគង្គលើ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ត្រូវបានពលរដ្ឋចាត់ទុកជា ជាជម្រកនៃមច្ឆជាតិដ៏មានសក្ដានុពលខ្លាំង និងជាទីតាំងដ៏សំខាន់សម្រាប់ការបន្តពូជរបស់ត្រីកម្រជាច្រើនប្រភេទ។ បច្ចុប្បន្ន មានអ្នកនេសាទភាគច្រើន ត្អូញត្អែរថា ត្រីនៅក្នុងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ធ្លាក់ចុះគំហុកនៅឆ្នាំនេះ ជាហេតុធ្វើឱ្យពួកគេ ពិបាកប្រកបរបរនេះ។ 
 
អ្នកស្រី ប៉ុន សុផាន ប្រធានសមាគមន៍អេកូទេសចរណ៍កោះហាន បានប្រាប់សារព័ត៌មានថ្មីៗអំឡុងពេលធ្វើដំណើរតាមទូកលើដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងថា ប្រជាពលរដ្ឋរស់នៅលើកកោះហាន មានប្រមាណ៣០០គ្រួសារ ហើយភាគច្រើនអាស្រ័យលើរបរនេសាទ និងដាំបន្លែ។ បើតាមលោកស្រី ប៉ុន សុផាន ឆ្នាំនេះ ប្រជាពលរដ្ឋ ហាក់មិនកាក់កបនឹងរបរនេសាទនោះឡើយ ដោយសារតែទិន្នផលនេសាទធ្លាក់ចុះជាគំហុក។ «ឆ្នាំនេះមិនដឹងយ៉ាងម៉េចទេ អ្នកនេសាទ រកត្រីមិនសូវបាន។ ចម្លែកកាលមុនក្នុងមួយថ្ងៃ ពួកគាត់អាចរកត្រីបានតិចណាស់ ក៏២ ទៅ៣គីឡូក្រាមដែរ។ ប៉ុន្ដែបច្ចុប្បន្ន ត្រីពិបាករក ជួនថ្ងៃខ្លះ នេសាទមិនបានសោះក៏មាន»។ នេះជាការលើកឡើងរបស់អ្នកស្រី សុផាន។ 
 
ក្រៅពីនេសាទមិនសូវបានផលត្រីហើយនោះ ដំណាំតាមមាត់ទឹករបស់ពលរដ្ឋនៅលើកោះហាន ក៏ត្រូវខូចខាតជាបន្តបន្ទាប់ ដោយសារទឹកឡើងចុះខុសប្រក្រតី ហើយពលរដ្ឋសម្របខ្លួនមិនទាន់។ បញ្ហានេះ បន្ថែមបន្ទុកមួយកម្រិតទៀតដល់ជីវភាពរបស់ពលរដ្ឋ។ 
 
អ្នកស្រី ប៉ុន សុផាន រៀបរាប់បណ្តើរ និងចោលក្រសែភ្នែកទៅមើលច្រាំងទន្លេ ដែលនៅឆ្វេងដៃបណ្តើរថា៖ «មើលទៅតាមមាត់ច្រាំងនៅខាងឆ្វេងដៃយើង កាលពីមុនមិនមែនបែបនេះទេ គឺមានសុទ្ធតែបន្លែដែលពលរដ្ឋដាំដុះ មើលទៅខៀវស្រងាត់។ ពលរដ្ឋ មិនដែលខ្វះបន្លែបរិភោគឡើយ តែឆ្នាំនេះប្លែកណាស់ ដីជាប់មាត់ទឹកត្រូវទុកចោល ព្រោះតែទឹកឡើងចុះៗ មិនអាចដាំអ្វីបាន»។ 
 
លោក ប៉ូយ ជាពលរដ្ឋរស់នៅកោះហាន ដែលប្រកបរបរនេសាទនៅតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ប្រមាណ៥ឆ្នាំមកហើយ បានរៀបរាប់ថា ការនេសាទ គឺជាប្រភពចំណូលដ៏ចម្បងមួយសម្រាប់គ្រួសារខ្លួន។ អង្គុយលើទូកដែលសំចតប្របច្រាំងទន្លេ បុរសរូបនេះ អះអាងថា បរិមាណត្រីក្នុងខេត្តស្ទឹងត្រែង ធ្លាក់ចុះប៉ុន្មានឆ្នាំហើយ ប៉ុន្តែឆ្នាំ២០២២នេះ គឺធ្លាក់ចុះគំហុក រហូតដល់នេសាទមិនបានត្រីតែម្តង។ រកត្រីមិនបាន ឯដំណាំតាមច្រាំងទន្លេ ក៏ដាំមិនបានទៀត វាធ្វើឱ្យលោក ប៉ូយ ព្រួយចិត្តជាខ្លាំង។ 
 

 លោក ប៉ូយ ជាអ្នកនេសាទម្នាក់នៅក្នុងខេត្តស្ទឹងត្រែង

អ្នកនេសាទរូបនេះ បន្តទាំងទឹកមុខស្រពោន ថា៖ «ត្រីពីមួយឆ្នាំ ទៅមួយឆ្នាំ តែងធ្លាក់ចុះ។ អ្នកនេសាទប្រើឧបករណ៍ធម្មតាដូចជា មង សន្ទូច ដូចពួកខ្ញុំ ពិបាករកណាស់។  ជាក់ស្ដែង ដូចកាលពីបួនឆ្នាំមុន ខ្ញុំគិតថា ជាឆ្នាំទី១ ខ្ញុំអាចរកត្រីបាន៩០ភាគរយ ។ ឆ្នាំទី២ ត្រីរកបានត្រឹម៨០ភាគរយ ហើយបន្តបន្ទាប់ចុះតាមហ្នឹង។ នៅដើមឆ្នាំ២០២២ មកដល់ពាក់កណ្ដាលខែបីនេះ ពួកយើងរកត្រីមិនបានទេ»។
 
លោក ប៉ែល ពុន ជាអ្នកនេសាទម្នាក់ទៀតនៅតាមដងទន្លេមេគង្គផ្នែកខាងលើ នៃខេត្តស្ទឹងត្រែងនេះ ជាង២០ឆ្នាំហើយ បានបន្ថែមថា ឆ្នាំនេះខ្លួនពិបាករកចំណូលពីការនេសាទនេះណាស់។ ដ្បិតពិបាករកត្រី ប៉ុន្តែបុរសរូបនេះ ថាមិនចោលរបរនេសាទនោះឡើយ។ 
 


ប៉ែល ពុន ជាអ្នកនេសាទជាង២០ឆ្នាំនៅតាមដងទន្លេមេគង្គផ្នែកខាងលើនៃខេត្តស្ទឹងត្រែង

កំពុងអង្គុយពរទូក (លាបបូកព្រលាំងដោយជ័រឱ្យក្រាស់ជិតសាច់ពុំឱ្យជ្រាបទឹកបាន) នៅជាប់មាត់ទន្លេ លោក ប៉ែល ពុន ដែលមានសម្តីរដឺន លាយឡំភាសាឡាវខ្លះផង បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ទោះជាមិនបាន ខ្ញុំនៅតែនេសាទ ដោយសារនេះជារបរខ្ញុំ។ ថ្ងៃខ្លះចេញ ថ្ងៃខ្លះអត់ទៅ ព្រោះត្រូវមើលកម្ពស់ទឹក។ ឥឡូវស្ថានភាពត្រី ដែលធ្វើចរាចរនៅទឹកទន្លេ ខ្សត់ខ្លាំង និងមិនអាចប្រៀបធៀប នឹងប៉ុន្មានឆ្នាំមុនទេ។ នៅទីនេះ បើទឹកទន្លេស្រក រកបានគ្រាន់ដែរ តែបែរឡើងលឿន ចុះលឿន មិនបាច់រំពឹង»។
 
ផលត្រីក្នុងដងទន្លេមេគង្គ កាន់តែខ្សត់ បានក្លាយជាកង្វល់សម្រាប់ពលរដ្ឋ ដែលអាស្រ័យផលលើរបរនេសាទ។  ជាអ្នកនេសាទរស់ក្នុងភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង លោក សាយ សុភាព បានពន្យល់ថា លោកត្រូវចេញទៅនេសាទកាន់តែឆ្ងាយជាងមុន ដែលអាចប្រឈមបញ្ហានៅលើផ្លូវទឹក។ បើតាមបុរសវ័យ៤២ឆ្នាំរូបនេះ ត្រីចាប់ផ្ដើមថយ ចាប់ពីឆ្នាំ២០១៥មក ហើយនៅឆ្នាំ២០២២នេះ ថយកាន់តែខ្លាំង ដោយសារកត្តាអាកាសធាតុ និងបទល្មើសនេសាទខុសច្បាប់។
 


សាយ សុភាព ជាអ្នកនេសាទរស់ក្នុងភូមិកោះស្នែង ក្នុងខេត្តស្ទឹងត្រែង

«បើតាមខ្ញុំគិត ការធ្លាក់ចុះចំនួនត្រី អាចបណ្ដាលមកពីកត្តាអាកាសធាតុ ដែលបូកផ្សំជាមួយការសាងសងទំនប់វារីអគ្គីសនី និងកំណើនប្រជាជនកើនឡើង រួមជាមួយបទល្មើសនេសាទ បានក្លាយជាផ្នែកមួយដែលបង្កឱ្យចំនួនត្រីធ្លាក់ចុះ»។ នេះជាការអះអាងរបស់ លោក សាយ សុភាព ដោយបានសំណូមពរឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជួយបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព ដើម្បីជួយរក្សាឬបង្កើនចំនួនត្រីនៅក្នុងតំបន់។  
 
ជុំវិញបញ្ហាប្រឈមនេះ លោក ចាន់ ធឿន ប្រធានស្នាក់ការរងបរិស្ថានកោះត្រែង ទទួលស្គាល់ថា ត្រីនៅក្នុងតំបន់នេះ ពិតជាធ្លាក់ចុះមែន។ លោក ចាន់ ធឿន ក៏ទទួលស្គាល់ថា បរិមាណត្រីថយចុះ មួយផ្នែកគឺមកពីការនេសាទខុសច្បាប់ដែរ។ តែទោះជាយ៉ាងណា ប្រធានស្នាក់ការរងបរិស្ថានកោះត្រែង អះអាងថា ក្រុមការងាររបស់ខ្លួនក៏តែងតែចុះល្បាតជាញឹកញាប់ ដើម្បីទប់ស្កាត់បទល្មើសនេសាទនេះ។  «មានបញ្ហាច្រើន ដែលធ្វើឱ្យចំនួនត្រីធ្លាក់ចុះ រហូតមានការត្អូញត្អែរពីអ្នកនេសាទ។ ក្រុមការងារ បានចុះល្បាតច្រើនដងហើយ ប៉ុន្ដែករណីនេសាទខុសច្បាប់ នៅតែបន្តកើតមាន។ ក្រុមការងាររបស់មន្ទីរបរិស្ថាន នៅតែបន្តធ្វើការងារនេះ ប៉ុន្ដែសូមឱ្យមានការចូលរួមជួយ ពីសហគមន៍»។ នេះបើតាម លោក ធឿន។


 រូបភាពពេលចុះបង្ក្រាបបទល្មើស នេសាទនៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង  រូបភាពដោយ លោក ចាន់ធឿង

ក្រៅពីសុំកិច្ចសហការពីពលរដ្ឋ ក្នុងការជួយទប់ស្កាត់បទល្មើសនេសាទ លោក ចាន់ ធឿន ក៏ស្នើឱ្យក្រសួងបរិស្ថាន ជួយទ្រទ្រង់លើការចំណាយលើថ្លៃសាំង ក្នុងពេលចុះល្បាត និងបង្ក្រាបបទល្មើស ខណៈបច្ចុប្បន្នមន្ទីរបរិស្ថានប្រចាំតំបន់កោះត្រែង ខ្វះលទ្ធភាពសម្រាប់ចំណាយលើបញ្ហានេះ៕
 
 
 

Tag:
 ស្ទឹងត្រែង
  មច្ឆជាតិ
  ត្រី
  អ្នកនេសាទ
  បទល្មើសនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com