អន្តរជាតិ
លោក ប្រាយុទ្ធ ថា​ ថៃសុខចិត្តលុបកុងត្រាទិញនាវាមុជទឹកពីចិន បើមិនបានម៉ាស៊ីនអាល្លឺម៉ង់
05, Apr 2022 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
ដោយ:
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ព្រមាននៅថ្ងៃទី៤ ខែមេសាថា កិច្ចព្រមព្រៀងទិញនាវាមុជទឹករវាងរដ្ឋាភិបាលថៃ​ និងចិនអាចប្រឈមនឹងការរម្សាយចោល ប្រសិនបើនាវាមុជទឹកចិនមិនអាចបំពាក់ម៉ាស៊ីនម៉ាស៊ូតរបស់អាល្លឺម៉ង់ដូចដែលបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងនោះ។

 
កាលពីខែឧសភា ឆ្នាំ២០១៧ ថៃបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទិញនាវាមុជទឹកប្រភេទ S26T Yuan Class ចំនួន៣គ្រឿងពីចិនក្នុងតម្លៃ ៣៦ពាន់លានបាត។ ការទិញនាវាមុជទឹកទី១ សម្រេចបានយ៉ាងជោគជ័យ ខណៈ២ទៀតត្រូវបានពន្យាពេលអស់រយៈពេល៤ឆ្នាំ ដោយសារបញ្ហាហិរញ្ញវត្ថុរបស់ថៃអំឡុងវិបត្តិជំងឺកូវីដ-១៩។ 
 
យ៉ាងណាមិញ បញ្ហាម៉ាស៊ីនសម្រាប់នាវានេះ នៅមិនទាន់ដោះស្រាយនៅឡើយ៊ ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនគ្រប់គ្រងដោយរដ្ឋ CSOC ម៉ាស៊ីនរបស់នាវាមុជទឹកនេះ ជាប្រភេទម៉ាស៊ីនម៉ាស៊ូត MTU396 ដែលផលិតនៅក្រុមហ៊ុនអាល្លឺម៉ង់ Motor និង Turbine Union ។ ប៉ុន្តែអាល្លឺម៉ង់ បដិសេធលក់ម៉ាស៊ីនឱ្យក្រុមហ៊ុនចិន ព្រោះចិនស្ថិតក្នុងបញ្ជីហាមនាំចេញអាវុធ ឬបច្ចេកវិទ្យាណាដែលអាចប្រើបានក្នុងវិស័យយោធាចាប់តាំងពីការបង្រ្កាបនៅទីលានធានអានមិនឆ្នាំ១៩៨៩។ 
 
ឆ្លើយតបទៅនឹងសំណួរអ្នកកាសែតពាក់ព័ន្ធនឹងការបដិសេធរបស់ក្រុមហ៊ុនអាល្លឺម៉ង់ខាងលើនេះ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ដែលមានតួនាទីជារដ្ឋមន្រ្តីការពារជាតិថៃផងដែរនោះ បញ្ជាក់ថា លោកបានបញ្ជាឱ្យកងទ័ពជើងទឹកប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ ប្រសិនបើចិនមិនអាចបំពេញតាមកិច្ចព្រមព្រៀងនេះទេ កិច្ចសន្យានឹងត្រូវលុបចោល។ 
 
«តើយើងធ្វើអ្វីជាមួយនាវាមុជទឹកដែលគ្មានម៉ាស៊ីន? ហេតុអ្វីបានជាយើងគួរទិញវា? ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន យើងត្រូវតែរកដំណោះស្រាយ។ នេះក្រែងជាវិធីដែលយើងដោះស្រាយបញ្ហាឬ។» នេះបើតាមកាសែតបាងកកប៉ុស្តិ៍ស្រង់សម្តីលោក ប្រាយុទ្ធ ផ្សាយនៅថ្ងៃទី៤ ខែមេសា។ 
 
យ៉ាងណាមិញ បើតាមកាសែតបាងកកប៉ុស្តិ៍ដដែល លោក ប្រាយុទ្ធ សង្កត់ធ្ងន់ថា ការលុបចោលណាមួយនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងថៃ និងចិនទេ ហើយភាគីទាំងពីរបាននឹងកំពុងធ្វើការយ៉ាងជិតដិតដើម្បីដោះស្រាយបញ្ហានេះ។ 
 
កន្លងមក ក្រុមហ៊ុនចិន CSOC បានស្នើឱ្យកងទ័ពជើងទឹកកែប្រែកិច្ចសន្យាដោយជំនួសម៉ាស៊ីនម៉ាស៊ូតរបស់ចិនវិញដែលមានស្តង់ដារដូចគ្នាដូចជាប្រភេទ MWM 620 ជាដើម  ប៉ុន្តែទ័ពជើងទឹកថៃមិនយល់ព្រម។​ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ឧត្តមនាវី Pokkrong Monthatphalin អះអាងថា កងទ័ពជើងទឹកនឹងពិភាក្សាជាមួយក្រុមហ៊ុនចិន CSOC នៅខែនេះ ដើម្បីដោះស្រាយបញ្ហា ថ្វីបើខ្លួននៅប្រកាន់ខ្ជាប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងក៏ដោយ៕
 
 
 
 
 
 
 

Tag:
 ថៃ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com