ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀនចាត់ទុកការសម្រេចរបស់ គ.ជ.ប ជារឿងនយោបាយ ប៉ុន្តែ គ.ជ.ប ច្រានចោល
05, Apr 2022 , 8:59 pm        
រូបភាព
លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន(ពាក់អាវក្រៅពណ៌ខ្មៅ ខាងឆ្វេង)។ Thmey Thmey
លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន(ពាក់អាវក្រៅពណ៌ខ្មៅ ខាងឆ្វេង)។ Thmey Thmey
ភ្នំពេញ៖ បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ជិត២០០នាក់របស់គណបក្សភ្លើងទៀន ត្រូវបាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះចេញ ដោយសារពិនិត្យឃើញភាពមិនប្រក្រតី។

 
ការសម្រេចលុបបេក្ខជន និងលុបបញ្ជីបេក្ខជននេះ ត្រូវបានគណបក្សភ្លើងទៀន ចាត់ទុកថា ជាការសម្រេចបែបនយោបាយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មិនបានពិនិត្យឲ្យបានច្បាស់លាស់។ លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន បានឲ្យដឹងថា គ.ជ.ប បានលុបបញ្ជីឈ្មោះឃុំសង្កាត់ប្រមាណ១០កន្លែង ដោយក្នុងមួយឃុំ-សង្កាត់ មានបេក្ខជនពី១០ទៅ២០នាក់ ហើយទីតាំងខ្លះ បានលុបបេក្ខជនមួយចំនួនតាមពាក្យបណ្ដឹង។ ក្រៅពីលុបឈ្មោះ ក៏មានបេក្ខជនខ្លះបានសុំដកខ្លួនចេញវិញ ព្រោះការកោះហៅសួរនាំ ដែលធ្វើឲ្យពួកគេរងសម្ពាធ និងការបំភិតបំភ័យ។ 
 
បើតាមលោក ថាច់ សេដ្ឋា គ.ជ.ប បានសម្រេចលុបបេក្ខជនបក្សខ្លួនជិត២០០នាក់ហើយ មកដល់ពេលនេះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ (Thmey Thmey) លោក ថាច់ សេដ្ឋា បានថ្លែងយ៉ាងដូច្នេះ៖ «ការសម្រេចរបស់ គ.ជ.ប គ្មានសុចរិតភាព ហើយធ្វើឡើងមានលក្ខណៈនយោបាយ… លុបបញ្ជីបេក្ខជនតាមឃុំសង្កាត់ គឺស្មើនឹងរំលាយបក្សយើងក្នុងឃុំសង្កាត់នោះ»។ 
 
ជុំវិញបញ្ហានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបដិសេធការចោទប្រកាន់របស់គណបក្សភ្លើងទៀន ដែលថា​ គ.ជ.ប ធ្វើសេចក្ដីសម្រេចចិត្តមាននិន្នាការនយោបាយ។ លោកបកស្រាយថា គ.ជ.ប ដោះស្រាយតាមពាក្យបណ្ដឹង ហើយពិនិត្យមើលសំណុំរឿងតាមទិដ្ឋភាពជាក់ស្ដែង ឥតមានលម្អៀងឡើយ។ 
 
«បណ្ដឹងប្ដឹងលើបេក្ខជន យើងពិនិត្យដោះស្រាយតាមបុគ្គល ហើយបណ្ដឹងប្ដឹងលើការលុបបញ្ជីបេក្ខជននៃឃុំសង្កាត់ យើងពិនិត្យឆ្ពោះទៅរកការលុបបញ្ជី។ ហើយការលុបបញ្ជីទាំងនេះ គឺដោយសាររកឃើញថា តំណាងបក្សភ្លើងទាន បានជ្រោមជ្រែងបំពេញឯកសារឲ្យអ្នកមិនចេះអក្សរចូលរួមជាបេក្ខជនឈរឈ្មោះបោះឆ្នោត»។ នេះជាការបកស្រាយរបស់លោក ហង្ស ពុទ្ធា ដែលបានបន្ថែមថា មូលហេតុនេះហើយ ដែល គ.ជ.ប សម្រេចលុបបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន ។ 
 
តែយ៉ាងណាអ្នកនាំពាក្យគណបក្សភ្លើងទៀន យល់ថា គ.ជ.ប មិនគួរសម្រេចបែបនេះឡើយ។ ត្រង់ចំណុចនេះលោក ថាច់ សេដ្ឋា លើកឡើងថា ក្នុងករណី គ.ជ.ប រកឃើញភាពមិនប្រក្រតីលើបេក្ខជនណាមួយ គួរលុបតែឈ្មោះបេក្ខជននោះចេញ ដោយមិនត្រូវលុបបញ្ជីបេក្ខជននៃឃុំសង្កាត់ទាំងស្រុងឡើយ។ 


 លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ រូបពីទំព័រហ្វេសប៊ុករបស់ គ.ជ.ប

ទាក់ទិនបញ្ហានេះ លោក ថាច់ សេដ្ឋា បានអះអាងថា បេក្ខជនបក្សភ្លើងទៀនម្នាក់ នៅខេត្តកំពង់ចាម រងពាក្យបណ្ដឹងថា មិនចេះអក្សរ និងមិនរស់នៅក្នុងឃុំដែលឈរឈ្មោះ។ ជាក់ស្ដែងបេក្ខជនរូបនោះ បានរៀនចប់បរិញ្ញាបត្រ​ហើយមានទីលំនៅ(ផ្ទះ)ក្នុងឃុំនោះ។ ប៉ុន្តែ គ.ជ.ប មិនបានស្រាវជ្រាវ បែរជា សម្រេចលុបបញ្ជីបេក្ខជនក្នុងឃុំទៅវិញ គឺស្មើនឹងលុបបេក្ខជនដទៃទៀត ឬបេក្ខជនត្រៀមបម្រុងរបស់បក្សភ្លើងទៀនក្នុងឃុំនោះទាំងស្រុង។ 
 
ចំណែក បេក្ខជនខ្លះ ត្រូវបានគេគំរាមមិនផ្ដល់ប័ណ្ណក្រីក្រ សេវាផ្សេងៗ រួមទាំងមានការចុះសួរនាំច្រើន ទើបបេក្ខជនទាំងនោះ សម្រេចសុំដកខ្លួនចេញ។ នេះជាការពន្យល់របស់លោក ថាច់ សេដ្ឋា ។
 
ចំពោះករណីលុបបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅក្នុងឃុំមួយនៅខេត្តកំពង់ចាមនេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា នៅតែអះអាងថា គ.ជ.ប បានរកឃើញបេក្ខជននោះ មិនមានទីលំនៅក្នុងឃុំ-សង្កាត់ ដែលរូបគេឈរឈ្មោះនេះឡើយ។
 
បច្ចុប្បន្ន គ.ជ.ប បានដោះស្រាយសំណុំរឿងឈរឈ្មោះបោះឆ្នោតរួចហើយ គឺគណបក្សភ្លើងទៀន មាន៩ឃុំ-សង្កាត់ ត្រូវបានលុបបញ្ជីបេក្ខជន, គណបក្សឆន្ទៈខ្មែរមាន១សង្កាត់ និងគណបក្សសម្បុកឃ្មុំ១ឃុំសង្កាត់។ ការសម្រេចលុបឈ្មោះបញ្ជីបេក្ខជននេះ ក្រោមហេតុផលថា ពួកគេមិនបានបំពេញតាមលក្ខខណ្ឌនិងពេលកំណត់ត្រឹមត្រូវ ខណៈតំណាងគណបក្សនីមួយៗ បានដឹងថា បេក្ខជនឈរឈ្មោះមិនចេះអក្សរ ប៉ុន្តែនៅតែជួយជ្រោមជ្រែងឲ្យឈរឈ្មោះ។ ​នេះបើតាមការបញ្ជាក់របស់លោក ពុទ្ធា។
 
ជុំវិញករណីលុបបញ្ជីឈ្មោះ និងបេក្ខជន ឈរឈ្មោះបោះឆ្នោតនេះ គណបក្សភ្លើងទៀន កំពុងរៀបចំសំណើជួបប្រជុំជាមួយ គ.ជ.ប ដើម្បីពិភាក្សាពីបញ្ហាខាងលើនេះ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com