អន្តរជាតិ
លោក ហ្សេលេនស្គី៖ បើគ្មានចំណាត់ការលើរុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខរំលាយខ្លួនចោលទៅ
06, Apr 2022 , 10:39 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៥ ខែមេសា បានជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឱ្យចាត់វិធានការលើរុស្ស៊ីភ្លាមៗ ដើម្បីបញ្ឈប់ការឈ្លានពាន និងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ ដែលត្រូវបានយោធារុស្ស៊ីសម្លាប់នៅតំបន់ជុំវិញក្រុងកៀវ។ បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ បើគ្មានចំណាត់ការផ្សេងលើរុស្ស៊ីទេ ក្រុមប្រឹក្សាសន្តិសុខគួរតែរំលាយខ្លួនចោល។ 

 
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី៥ ខែមីនា បានថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់ក្រុមប្រឹក្សាសន្តិសុខជុំវិញបញ្ហាអ៊ុយក្រែន នៅចំពោះមុខសមាជិកទាំង១៥ លោក ហ្សេលេនស្គី បានអំពាវនាវឱ្យបណ្តេញរុស្ស៊ីចេញពីក្រុមប្រឹក្សាដ៏មានឥទ្ធិពលមួយនេះ ដើម្បីកុំឱ្យរុស្ស៊ីអាចប្រើប្រាស់សិទ្ធិវេតូបានក្នុងការចាត់វិធានការប្រឆាំងរុស្ស៊ី។
 
«ប្រសិនបើគ្មានចំណាត់ការផ្សេង..‌‌.ជម្រើសបន្ទាប់ គួរតែរំសាយខ្លួនចោលជាមួយគ្នា»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តចោទសំណួរទៅតំណាងសមាជិកទាំង ១៥ នៅក្រុមប្រឹក្សាសន្តិសុខជុំវិញអសកម្មភាពរបស់អង្គការកំពូលមួយនេះ។ ក្នុងន័យនេះ ប្រមុខរដ្ឋអ៊ុយក្រែន បានបន្ថែមថា បើមិនចង់បិទអង្គការសហប្រជាជាតិទេ សមាជិកទាំងអស់ គួរតែចាត់វិធានការលើរុស្ស៊ីឥឡូវនេះ។ 
 
ក្នុងសម្លៀកបំពាក់អាវយឺតបែបទាហាន លោក ហ្សេលេនស្គី បានលើកឡើងពីអំពើឃោរឃៅរបស់យោធារុស្ស៊ីនៅជុំវិញក្រុងកៀវ ដោយបានសម្លាប់ប្រជាជនស៊ីវិលជាច្រើនរយនាក់ និងបានចាក់វីដេអូពីទិដ្ឋភាពនៅតំបន់នោះ។ បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ ពិភពលោកបានឃើញហើយពីអ្វីដែលកងទ័ពរុស្ស៊ីបានប្រព្រឹត្តឡើងនៅក្រុង Bucha ។
 
តាមរយៈប្រព័ន្ធវីដេអូក្នុងក្រុមប្រឹក្សាសន្តិសុខ មេដឹកនាំអ៊ុយក្រែន បានចាត់ទុកទង្វើរបស់រុស្ស៊ី ដែលជាសមាជិកអចិន្រ្តៃយ៍មួយរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ មិនខុសគ្នាពីភេរវករឡើយ។ ទាក់ទិននឹងបញ្ហានេះ លោក ហ្សេលេនស្គី បានទាមទាររកយុត្តិធម៌ និងការទទួលខុសត្រូវពីសំណាក់រុស្ស៊ី ដែលបានប្រព្រឹត្តិអំពើឃោរឃៅ និងការនិរទេសប្រជាជនខ្លួនទៅរុស្ស៊ី។ 
 
ជាការឆ្លើយតប តំណាងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ Vasily Nebenzya បានហៅការចោទប្រកាន់របស់មេដឹកនាំអ៊ុយក្រែនថា គ្មានមូលដ្ឋានច្បាស់លាស់។ លោក Nebenzya បាននិយាយការពារថា សមាជិកទាំងអស់ បានឃើញពីអ្វី ដែលអ៊ុយក្រែនចង់ឱ្យឃើញប៉ុណ្ណោះ។ តំណាងរុស្ស៊ីរូបនេះ ក៏បានបកស្រាយពីការជម្លៀសប្រជាជនអ៊ុយក្រែន ទៅរុស្ស៊ីផងដែរ ដោយអះអាងថា ប្រជាជន ៦០ម៉ឺននាក់ ដោយក្នុងនោះរួមទាំងក្មេងជាង ១០ម៉ឺននាក់ ត្រូវបានបញ្ជូនទៅរុស្ស៊ី។ ការជម្លៀសនោះ គឺផ្អែកតាមការស្ម័គ្រចិត្ត និងមិនមែនជាការបង្ខិតបង្ខំឡើយ។ 
 
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃដដែល លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីឱ្យបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដោយព្រមានថា សង្រ្គាមនៅអ៊ុយក្រែន នឹងជះឥទ្ធិពលអវិជ្ជមានដល់ពិភពលោក ក្នុងនោះរួមមានការកើនឡើងតម្លៃអាហារ ប្រេង ថាមពល និងជី ហើយប្រជាជន ១,២ពាន់លាននាក់ មកពីប្រទេសចំនួន ៧៤ នឹងរងផលអវិជ្ជមានទាំងនោះ៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com