ជាតិ
សេដ្ឋកិច្ច
៣ខែ កម្ពុជានាំចេញកសិផលជាង ១ពាន់លានដុល្លារ
06, Apr 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ កម្ពុជា បាន​នាំចេញ​កសិផលជាង ៣លានតោន ទៅកាន់ប្រទេសចំនួន ៥៧ ដោយកើនឡើង១១,១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ​២០២១។ បើតាមលោក វេង សាខុន ការនាំចេញកសិផលទាំងនេះ គិតជាទឹកប្រាក់មានចំនួន ១ ២៦៨ ៥៩៣ ៧៨០,៧៣ដុល្លារ។

 
ទោះស្ថិតក្នុងបរិបទកូវីដ-១៩ក្ដី ក៏កម្ពុជាអាចនាំចេញកសិផលទៅក្រៅប្រទេសបានយ៉ាងរលូន។ របាយការណ៍ដែលបង្ហោះដោយលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម បង្ហាញថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសកើនឡើងចំនួន ១១,១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ​២០២១។ លោក វេង សាខុន បន្ថែមថា កសិផលសរុប ៣ ៤៣៤ ០៧០,៦៣តោន ត្រូវបាននាំចេញទៅកាន់ទិសដៅ ៥៧ប្រទេស រួមមានអង្ករ, ស្រូវ និង​កសិផលក្រៅពីស្រូវ-អង្ករជាច្រើនទៀត។
 
ទាក់ទងនឹងការនាំចេញអង្ករ កម្ពុជាបាននាំចេញចំនួន ១៧០ ៥៣៩តោន កើនឡើងចំនួន ១៦ ៨៥១តោន ស្មើនឹង១០,៩៦ភាគរយ។ ក្នុងចំណោមតួលេខនាំចេញអង្ករនេះ មានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១២០ ៤២២តោន, អង្ករសគ្រប់ប្រភេទមានចំនួន ៤៨ ៨២៧តោន និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន ១ ២៩០តោន។
 
របាយការណ៍ដដែល បន្តថា រយៈពេល៣ខែការនាំចេញស្រូវទៅកាន់ប្រទេស វៀតណាមមានចំនួន ១ ៣៩០ ១៨១តោន ដែលកើនឡើងចំនួន ១៦៨ ៥៣៦តោន។ ជាមួយគ្នានេះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ២ ៣៥៤ ៩០៦,៦៣តោន កើនឡើង ៣,៤១ភាគរយ។ កសិផលក្រៅពីស្រូវ-អង្ករ រួមមាន ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម៉្សៅដំឡូងមី, កាកសំណល់ដំឡូងមី, គ្រាប់ស្វាយចន្ទីឆៅ, គ្រាប់ស្វាយចន្ទីកែច្នៃ, គ្រាប់ពោត, គ្រាប់សណ្តែកបាយ, គ្រាប់សណ្តែកសៀង, ផ្លែចេកស្រស់, ផ្លែក្រូចថ្លុង, ផ្លែស្វាយស្រស់, តំណាប់ស្វាយ, ទឹកស៊ីរ៉ូស្វាយ, ដូងប្រេង, ម្រេច, ថ្នាំជក់, បន្លែចម្រុះ, ម្ទេសស្រស់, ម្ទេសក្រៀម និងផលិតផលចំនួន ៤៤មុខ ផ្សេងទៀត។
 
ការនាំចេញកសិផលក្នុងរយៈពេល៣ខែឆ្នាំ២០២២នេះ ទទួលបានចំណូលចំនួន ១ ២៦៨ ៥៩៣ ៧៨០,៧៣ដុល្លារ ក្នុងនោះ ការនាំចេញអង្ករមានចំនួន ១៤៥ ៨១០ ៨៤៥ដុល្លារ, ការនាំចេញស្រូវមានចំនួន ២៤៨ ៨៤២ ៣៩៩ដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៨៧៣ ៩៤០ ៥៣៦,៧៣ ដុល្លារអាមេរិក។ នេះបើតាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ៕​
 

Tag:
 កសិកម្ម
  កសិផល
  នាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com