ជាតិ
សេដ្ឋកិច្ច
៣ខែ កម្ពុជានាំចេញស្វាយស្រស់, តំណាប់ស្វាយ និងទឹកស៊ីរ៉ូស្វាយ ទៅក្រៅប្រទេស ធ្លាក់ចុះ
07, Apr 2022 , 7:59 am        
រូបភាព
ភ្នំពេញ៖ ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២២នេះ ការនាំចេញស្វាយស្រស់ តំណាប់ស្វាយ និងទឹកស៊ីរ៉ូស្វាយទៅក្រៅប្រទេស ត្រូវបានធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយ​លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ។


កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន ៨១ ៤១៨,០៧តោន ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២២នេះ ដោយបរិមាណនេះធ្លាក់ចុះ​ ២០,៧៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងចំណោមស្វាយស្រស់ទាំងនោះ ត្រូវបាននាំចេញទៅវៀតណាមចំនួន ៤០ ៨៤៩,៧២តោន, ចិនចំនួន ២២ ២៤៤,៦៨តោន, ថៃចំនួន ១៨ ១៨១,១២តោន និងកូរ៉េចំនួន ១៤២,៥៥តោន។
 
បើតាមរបាយការណ៍ដែលបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក វេង សាខុន តំណាប់ស្វាយចំនួន ៥ ១៣៦,២៧តោន ត្រូវបាននាំចេញ ប៉ុន្តែបរិមាណនេះធ្លាក់ចុះ ១៣,៤៣ភាគរយ។ តំណាប់ស្វាយខាងលើ បាននាំចេញទៅចិនចំនួន ៤ ៤១៤,១១តោន, ថៃចំនួន ២៨៨,៤៤តោន, វៀតណាមចំនួន ២០០តោន, ហ្វីលីពីនចំនួន ១៩២,៥៥តោន, ជប៉ុនចំនួន ២៥តោន, ចក្រភពអង់គ្លេសចំនួន ៩,៧៨តោន, កូរ៉េចំនួន ៣,៨៧តោន និងអ៊ីតាលីចំនួន ២,៥២តោន។
 
ក្រៅពីការនាំចេញផ្លែស្វាយស្រស់ និងតំណាប់ស្វាយធ្លាក់ចុះ ទឹកស៊ីរ៉ូស្វាយក៏មានការធ្លាក់ចុះក្នុងរយៈពេល៣ខែនេះផងដែរ។ របាយការណ៍ដដែល បង្ហាញថា ការនាំចេញទឹកស៊ីរ៉ូស្វាយ មានត្រឹម ៤០៣,៤២តោនប៉ុណ្ណោះ ដោយធ្លាក់ចុះដល់ ៧៥,៦៧ភាគរយ។ ទឹកស៊ីរ៉ូស្វាយ ត្រូវបាននាំចេញទៅចិនចំនួន ២៤៦តោន និងហ្វីលីពីនចំនួន ១៥៧,៤២តោន។
 
គួររម្លឹកថា ក្នុងរយៈពេលជាង១ខែចុងក្រោយនេះ តម្លៃស្វាយកែវរមៀតហាក់ធ្លាក់ថ្លៃខ្លាំងពី៥០០រៀល មកត្រឹម១៥០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ជុំវិញបញ្ហានេះ បានធ្វើឱ្យកសិករមួយចំនួន ត្អូញត្អែរថាលក់មិនចំណេញ​ មិនរួចថ្លៃដើមដែលពួកគេចំណាយ ខណៈជី និងថ្នាំកសិកម្មបន្តឡើងថ្លៃ៕
 

Tag:
 ស្វាយ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com