ជាតិ
សេដ្ឋកិច្ច
កម្ពុជា រកបានចំណូលជាង៤០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល៣ខែ
06, Apr 2022 , 5:19 pm        
រូបភាព
សកម្មភាពកសិករកំពុងរៀបចំស្រូវដាក់ក្នុងរថយន្តធំនៅទីតាំងមួយកន្លែងនៅខេត្តព្រះវិហារ។ រូបថត៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
សកម្មភាពកសិករកំពុងរៀបចំស្រូវដាក់ក្នុងរថយន្តធំនៅទីតាំងមួយកន្លែងនៅខេត្តព្រះវិហារ។ រូបថត៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ដោយ ៖ ធន់ សេងហុង  
 
ភ្នំពេញ៖ ត្រីមាសទីមួយនៃឆ្នាំ២០២២ កម្ពុជានាំចេញអង្ករ ទៅកាន់៤៩ប្រទេស​ និងតំបន់ស្វយ័ត បានជាង១៧ម៉ឺនតោន ខណៈការនាំចេញស្រូវទៅប្រទេសវៀតណាម មានរហូតដល់ជិត១,៤លានតោន។ បើតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា​ ការ​នាំចេញអង្ករ ​និងស្រូវនេះ គឺមានទំហំទឹកប្រាក់ ​៤១៣លានដុល្លារ។

 
អង្ករចំនួន១៧០ ៥៣៩តោន ដែលកម្ពុជានាំចេញទៅទីផ្សារពិភពលោក ក្នុងរយៈពេល៣ខែមកនេះ មានតម្លៃជាង ១០០,៤៧ លានដុល្លារ។ ប្រទេសចិន និងតំបន់ស្វយ័តដែលមាន ហុងកុង ម៉ាកាវ គឺជាទីផ្សារធំរបស់កម្ពុជា ដោយបានទិញអង្ករពីកម្ពុជា ក្នុងបរិមាណ ៨៨​ ៦៤៦តោន ស្មើនឹង៥២ភាគរយ នៃទីផ្សារសរុប។  នេះបើយោងតាមទិន្នន័យ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយ នៅថ្ងៃទី៥ ខែមេសា។ 

ទិន្នន័យដដែលបន្តបង្ហាញថា ប្រទេសនៅតំបន់អឺរ៉ុប បានទិញអង្ករពីកម្ពុជា ក្នុងទំហំ៥២ ២២២តោន ស្មើនឹង៣១ភាគរយ, ប្រទេសនៅតំបន់អាសា៊ន ទិញអង្ករពីកម្ពជា ចំនួន ១៧ ៣១០តោន​ស្មើនឹង១០ភាគរយ​ ខណៈ​ប្រទេសគោលដៅផ្សេងៗទៀត ទិញអង្ករពីកម្ពុជា ក្នុងបរិមាណ ១២ ៣៦១តោន ដែលស្មើនឹង៧ភាគរយនៃទីផ្សារអង្ករសរុបរបស់កម្ពុជា។ 
 
ក្រៅពីការនាំចេញអង្ករនេះ កម្ពុជា ក៏បាន​នាំចេញស្រូវទៅប្រទេសវៀតណាមក្នុងចំនួន ១ ៣៩០ ១៨១តោន​ដែរ នារយៈពេល៣ខែមកនេះ។ ចំនួននេះបើគិតជាទំហំទឹកប្រាក់គឺមានប្រ​មាណ ៣១៣លានដុល្លារ ដែលកើន ១៣,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០​២​១​។ 
 
សូមជម្រាបថា​ ឆមាសទីមួយ ឆ្នាំ២០២១ កម្ពុជា សម្រេចការនាំចេញអង្ករបាន ១៥៣ ៦៨៨តោន ដែលមានទំហំទឹកប្រាក់ចំនួន ១០៩,៧៣ លានដុល្លារ៕
 
 

Tag:
 សហព័ន្ធស្រូវអង្ករ នាំចេញអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com