ជាតិ
សេដ្ឋកិច្ច
World Bank ផ្តល់ថវិកាជិត១០ម៉ឺនដុល្លារ ដល់សហគមន៍មួយ ដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្មទឹកឃ្មុំសុទ្ធ
07, Apr 2022 , 9:51 am        
រូបភាព
សកម្មភាពចុះហត្ថលេខារវាងសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យនិងតំណាងធនាគារពិភពលោក ។ រូបភាព ៖ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម
សកម្មភាពចុះហត្ថលេខារវាងសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យនិងតំណាងធនាគារពិភពលោក ។ រូបភាព ៖ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម
ដោយ ៖ ធន់ សេងហុង​
 
ធនាគារពិភពលោក(World Bank) សម្រេចផ្តល់ជំនួយឥតសំណងជិត១០ម៉ឺនដុល្លារ ដល់សហគមន៍កសិកម្ម​ស្ទឹងត្រង់មានជ័យ ដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្មទឹកឃ្មុំសុទ្ធ ប្រកបដោយគុណភាព។ 

 
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ​នៅខេត្តកំពង់ចាម នឹងកែលម្អខ្សែច្រវ៉ាក់ផលិតកម្មទឹកឃ្មុំសុទ្ធ ប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គត់តម្រូវការទីផ្សារក្នុងស្រុកក្នុងបរិមាណ៤,៨ម៉ឺនលីត្រ ក្នុងរយៈពេល៦ខែសម្រាប់ឆ្នាំនីមួយៗ។ លោក វេង សាខុន បានបញ្ជាក់ថា ការកែលម្អខ្សែច្រវ៉ាក់ផលិតកម្មទឹកឃ្មុំសុទ្ធនេះ ដើម្បីបង្កើនប្រាក់ចំណូលដល់សហគមន៍ និងសមាជិកជាមធ្យមចំនួន៦ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។
 
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៦មេសា ថា គម្រោងនៃអាជីវកម្មនេះ គ្រោងចំណាយសរុប២៤៩ ២០០ដុល្លារ ដោយក្នុងនោះមានថវិកាចំនួន ៩៧ ៥៧០ដុល្លារ គឺជាជំនួយឥតសំណងបំពេញបន្ថែមលើទុនវិនិយោគពីធនាគារពិភពលោក។ ថវិកា ១២៥ ០០០ដុល្លារទៀត ជាកម្ចីពីធនាគារឯកទេស ​ខណៈ ២៦ ៦៣០ដុល្លារទៀត ជាថវិកាបដិភាគបានពីសហគមន៍កសិកម្ម និងសមាជិក។ 
 

លោក វេង សាខុន  រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ជាមួយគ្នានេះ លោកស្រី Maryam Salim នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា​ បានលើកឡើងថា​ កញ្ចប់ថវិកាដែលធនាគារពិភពលោកផ្តល់ឱ្យសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យនេះ គឺជាការចូលរួមចំណែកជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈវិស័យកសិកម្ម។ កញ្ចប់ជំនួយនេះ គឺសំដៅទៅលើសហគមន៍នៅជនបទ ដែលប្រកាន់ខ្ជាប់នូវរបរគោលគឺផលិតកម្មកសិកម្ម (មាន់ ជ្រូក គោ ចំណីសត្វ ជីកសិកម្ម បន្លែ ដំណាំ ឃ្មុំ និងត្រី) ដោយផ្តោតជាសំខាន់លើការលើកកម្ពស់តម្លៃខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ ការធ្វើកសិធុរៈកិច្ច ឥណទាន ការចងក្រងបណ្តុំអាជីវកម្ម ការចាប់យកឱកាសទីផ្សារ និងការផ្តល់សេវាផ្គត់ផ្គង់ធាតុចូលកសិកម្ម តាមរយ:វិស័យឯកជន។
 
នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា​រូបនេះ មានប្រសាសន៍ដូច្នេះ៖ «​​ ការជួយសហគមន៍ គឺជួយសមាជិកសហគមន៍ ហើយការជួយសមាជិកសហគមន៍ គឺការជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះជាការចាំបាច់ក្នុងការស្តារសេដ្ឋកិច្ចគ្រួសារសហគមន៍នៅជនបទ ឲ្យបានប្រសើរឡើងវិញ និងប្រកបដោយនិរន្តរភាព»។
 

លោកស្រី Maryam Salim នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា

ជុំវិញនៃកញ្ចប់ជំនួយរបស់ធនាគារពិភពលោកនេះ លោក វេង សាខុន បានអះអាងថា វាប្រាកដជានឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសហគមន៍កសិកម្ម និងភាពជាដៃគូប្រកបដោយផ្លែផ្កា នៅក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ស្របតាមអភិក្រម«រដ្ឋ-ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ជាពិសេសសហគមន៍ស្ទឹងត្រង់សែនជ័យ នឹងមានការរីកចម្រើនថែមទៀត តាមរយ:ការពង្រីកផលិតកម្មចិញ្ចឹមឃ្មុំ និងផលិតជីសរីរាង្គ។ 
 
បើតាមលោក វេង សាខុន កញ្ចប់ជំនួយដែល​សហគមន៍ស្ទឹងត្រង់សែនជ័យ ទទួលបាននេះគឺស្ថិតនៅក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Sector Diversification Project-CASDP) ក្រោមហិរញ្ញប្បទានឥណទានផ្ទាល់ពីធនាគារពិភពលោក ដែលកំពុងរួមចំណែកយ៉ាងសកម្ម និងឆ្លើយតបបានសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 
 

Tag:
 កសិកម្ម
  ទឹកឃ្មុំ
  លោក វេង សាខុន World Bank
© រក្សាសិទ្ធិដោយ thmeythmey.com