ជាតិ
ថៃ ចិន វៀតណាម និងបរទេស ជាង៣ពាន់នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្នុងឆ្នាំ២០២១
07, Apr 2022 , 12:59 pm        
រូបភាព
សតម្ថកិច្ចកម្ពុជា បញ្ជូនជនបរទេសខុសច្បាប់ ទៅប្រទេសកំណើតរបស់ពួកគេវិញ នាពេលកន្លងមក។
សតម្ថកិច្ចកម្ពុជា បញ្ជូនជនបរទេសខុសច្បាប់ ទៅប្រទេសកំណើតរបស់ពួកគេវិញ នាពេលកន្លងមក។
របាយការណ៍ បង្ហាញថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បានបណ្តេញជនបរទេសសរុប៣៥៩៤នាក់ (៤៣សញ្ជាតិ) ដែលបានប្រព្រឹត្តិបទល្មើសផ្សេងៗនៅកម្ពុជា ដោយក្នុងនោះ ជនជាតិដែលច្រើនជាងគេ គឺថៃ ចិន និង វៀតណាម។ របាយការណ៍នេះ អានដោយលោកឧត្តមសេនីយ៍ឯក ពុំ វិទ្យា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។


លោក ពុំ វិទ្យា ពុំបានលម្អិតចំនួនជាក់លាក់នៃជនជាតិនីមួយៗ ដែលត្រូវបានបណ្តេញចេញពីកម្ពុជានោះទេ។ ប៉ុន្តែ ព្រឹត្តិបត្រប្រចាំ២០២១ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២ បង្ហាញថា ជនបរទេសទាំង៣៥៩៤នាក់ ដែលត្រូវបានបណ្តេញចេញ គឺជនជាតិថៃ២៨៩៩នាក់ ជនជាតិចិន២៦៦នាក់ ជនជាតិវៀតណាម១៩៤នាក់ ជនជាតិនីហ្សេរីយ៉ា១០១នាក់ ជនជាតិឥណ្ឌូណេស៊ី១៩នាក់ ជនជាតិហ្វីលីពីន១៦នាក់ ជនជាតិម៉ាឡេស៊ី៧នាក់ និងជនជាតិដទៃទៀត។ ផ្អែកលើព្រឹត្តិបត្រនេះ គិតចាប់តាំងឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បានបណ្តេញជនបរទេសខុសច្បាប់សរុបជាង២ម៉ឺននាក់ (១០៧សញ្ជាតិ)។ 
 
ក្រៅពីការបណ្តេញជនបរទេស របាយការណ៍របស់លោក ពុំ វិទ្យា បានបង្ហាញពីជនបរទេស ដែលរស់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។ បើតាមរបាយការណ៍របស់លោក ក្នុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា រកឃើញជនបរទេសសរុប២៧៤៩នាក់ (១១សញ្ជាតិ) ដែលស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។ 
 
របាយការណ៍ បានឲ្យដឹងថា ក្នុងចំណោមជនបរទេសទាំង២៧៤៩នោះ ជនជាតិថៃ មានច្រើនជាងគេ គឺមានដល់ទៅ២៦៣៦នាក់ ជនជាតិវៀតណាម មានត្រឹម៤៤នាក់ ជនជាតិចិន មានត្រឹម៣១នាក់ និង ជនជាតិផ្សេងៗទៀត។ របាយការណ៍ បានឲ្យដឹងទៀតថា ជនបរទេសទាំង២៧៤៩នាក់នោះ ត្រូវបានសមត្ថកិច្ច រកឃើញនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា រួមមាន កំពង់ចាម ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង មណ្ឌលគិរី។ 
 
សារព័ត៌មានថ្មីៗ បានចោទសួរទៅកាន់លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមបណ្តាញតេឡេក្រាម ថា តើជនជាតិវៀតណាម ដែលធ្វើការ និងស្នាក់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០២១ មានត្រឹម៤៤នាក់ពិតមែន ឬយ៉ាងណា? ប៉ុន្តែលោក ពុំទាន់ឆ្លើយតប។ 
 
របាយការណ៍របស់លោក ពុំ វិទ្យា ក៏បង្ហាញពីករណីជនបរទេស លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាផងដែរ។ របាយការណ៍ បង្ហាញថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា រកឃើញជនបរទេស១០២៣នាក់ (៧សញ្ជាតិ) ដែលលួចឆ្លងដែនចូលមកកម្ពុជាខុសច្បាប់ ដោយក្នុងនោះ ជនជាតិថៃ មាន៥៧៨នាក់ (ច្រើនជាងគេ) ជនជាតិវៀតណាម មាន៣០៥នាក់ ជនជាតិចិន មាន១៣៣នាក់ និងជនជាតិដទៃទៀត។ 
 
លោកឧត្តមសេនីយ៍ឯក ពុំ វិទ្យា ថ្លែងតាមរយៈការអានរបាយការណ៍ ដូច្នេះថា៖«ទោះបីយើង បានពង្រឹងវិធានការ លើកកម្ពស់ការត្រួតពិនិត្យ ផ្តល់ទិដ្ឋាការចូល និងផ្តល់ការអនុញ្ញាតបន្តការស្នាក់នៅ ក៏ដូចជាការត្រួតពិនិត្យ ការធ្វើដំណើរចូលតាមច្រកទ្វារយ៉ាងហ្មត់ចត់ក៏ដោយ ប៉ុន្តែ នៅតែលេចឡើងគួរឲ្យកត់សម្គាល់នូវការលួចជ្រៀតចូលដោយខុសច្បាប់ ការស្នាក់នៅគ្មានលិខិតឆ្លងដែន ស្នាក់នៅហួសពេលកំណត់ ព្រមទាំងធ្វើសកម្មភាពល្មើសច្បាប់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា»។  
 
ដើម្បីធានាថា វត្តមានរបស់ជនបរទេស មានផលវិជ្ជមានសម្រាប់ការអភិវឌ្ឍជាតិ សន្តិសុខ សុវត្ថិភាពសង្គម ស្ថាប័នមានសមត្ថកិច្ច បានប្រមូលផ្តុំវិធានការ ប្រមែលប្រមូលព័ត៌មាន ស្រាវជ្រាវ និង ស៊ើបអង្កេតជាប្រចាំ ក្នុងការស្វែងរកជនបរទេស ដែលល្មើសច្បាប់។ នេះជាការបញ្ជាក់របស់លោក ពុំ វិទ្យា៕ 
 

Tag:
 បណ្តេញបរទេសពីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com