ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អាជ្ញាធរ៖ មិនត្រូវទុកឲ្យមានបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ឡើយ
07, Apr 2022 , 2:43 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់សម្តេច។
សម្តេច ស ខេង ថ្លែងក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់សម្តេច។
ធ្វើជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍មួយចំនួន ដល់អាជ្ញាធរមានសមត្ថកិច្ច អំពីការគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា។



សម្តេច ស ខេង ប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចយ៉ាងដូច្នេះថា៖«ទី២ គឺការគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលបានទទួលបណ្ណស្នាក់នៅអចិន្រ្តៃយ៍ឲ្យបានហ្មត់ចត់ ហើយមានវិធានការម៉ឺងម៉ាត់ជាប់ជាប្រចាំ ហើយមិនទុកឲ្យមានអ្នក ដែលលួចចូលមករស់នៅមិនស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ នេះ ជាបញ្ហាមួយសំខាន់ណាស់ ព្រោះកន្លងទៅ យើង ហាក់ដូចជា បានបើកយុទ្ធនាការដោះស្រាយបញ្ហានេះ»។  
 
សម្តេចរដ្ឋមន្រ្តី បន្តថា ជនបរទេស ដែលចូលមកកម្ពុជា ដោយគ្មានក្រដាសស្នាម គឺជាជនបរទេសខុសច្បាប់ ហើយអាជ្ញាធរ ត្រូវបណ្តេញចេញតាមច្បាប់កម្ពុជា។ សម្តេច បញ្ជាក់ថា ជនជាតិណាក៏ដោយ ឲ្យតែខុសច្បាប់ អាជ្ញាធរ នឹងអនុវត្តច្បាប់លើពួកគេដូចគ្នា ដោយមិនប្រកាន់ និងបែងចែកឡើយ។ សម្តេច បានដាស់តឿនអាជ្ញាធរ មិនឲ្យគប់គិតជាមួយជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ។ 
 
ជាមួយគ្នានេះ រដ្ឋមន្រ្តីមហាផ្ទៃ បានណែនាំសមត្ថកិច្ចតាមព្រំដែន ឲ្យក្តាប់ស្ថានការណ៍ឲ្យបានជាប់អំពីជនបរទេសក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដឹងថា ក្នុងមូលដ្ឋានរបស់ខ្លួន មានជនបរទេសស្របច្បាប់ប៉ុន្មាននាក់ និងជនបរទេសមិនស្របច្បាប់ប៉ុន្មាននាក់។ សម្តេច បញ្ជាក់ម្តងទៀតថា បើរកឃើញជនបរទេសមិនស្របច្បាប់ក្នុងមូលដ្ឋាននោះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវដោះស្រាយ ឬបណ្តេញពីកម្ពុជាទៅតាមនីតិវិធី៕ 
 

Tag:
 ស ខេង
  បរទេសខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com