កីឡាជាតិ
ជាតិ
លឹម ពិសុទ្ធ ជាពីរបួស ខណៈការប្រកួតស៊ីហ្គេមនៅវៀតណាម ខិតជិតមកដល់
07, Apr 2022 , 5:29 pm        
រូបភាព
លឹម ពិសុទ្ធ ក្នុងពេលហ្វឹកហាត់ត្រៀម AFF U-23 Championship 2022 រូបពី លឹម ពិសុទ្ធ
លឹម ពិសុទ្ធ ក្នុងពេលហ្វឹកហាត់ត្រៀម AFF U-23 Championship 2022 រូបពី លឹម ពិសុទ្ធ
ខ្សែបម្រើឆ្នើមរបស់ភ្នំពេញក្រោន លឹម ពិសុទ្ធ បានជាសះស្បើយពីរបួសវិញហើយ បន្ទាប់រូបគេ បានអវត្តមានពីការប្រកួត AFF U-23 Championship 2022 នាអំឡុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ  ដោយសាបញ្ហារបួសក្នុងពេលហ្វឹកហាត់ ។ ការជាសះស្បើយរបស់កីឡាករវ័យក្មេងរូបនេះ ស្របពេលដែលការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ខិតជិតមកដល់។


រយៈពេលជិត២ខែហើយ ដែល លឹម ពិសុទ្ធ បានអវត្តមានពីវិស័យកីឡាបាល់ទាត់ ។ ពិសុទ្ធ ក៏មិនទាន់បានបង្ហាញខ្លួនឲ្យក្លិបភ្នំពេញក្រោន ក្នុងការប្រកួត Cambodian Premier League នោះឡើយ។ មន្ត្រីក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា លឹម ពិសុទ្ធ បានជាសះស្បើយ និងបានហ្វឹកហាត់ខ្លះៗហើយ នាចុងខែមីនា ។ 
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទង លឹម ពិសុទ្ធ ដើម្បីសាកសួរជុំវិញការវិលត្រឡប់ ចូលទីលានវាលស្មៅ បាននៅឡើយទេ។
 
លឹម ពិសុទ្ធ ត្រូវបានគេមើលឃើញថា ជាកីឡាករវ័យក្មេងមួយរូប ដែលកំពុងបង្ហាញសមត្ថភាពលេចធ្លោយ៉ាងខ្លាំង នៅក្នុងការប្រកួតក្នុងស្រុក និងអន្តរជាតិ នារយៈពេលចុងក្រោយនេះ។ កីឡាករវ័យ២១ឆ្នាំរូបនេះ តែងតែជាប់ជម្រើស១១នាក់ដំបូង ក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ សម្រាប់ក្រុមជម្រើសជាតិឈុតយុវជនកន្លងមក ។ តែយ៉ាងណាសមាសភាពកីឡាករជម្រើសជាតិបាល់ទាត់ សម្រាប់ចូលរូមប្រកួតស៊ីហ្គេមនៅវៀតណាមនោះ សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា ពុំទាន់បង្ហាញបញ្ជីឈ្មោះកីឡាករជាផ្លូវការនោះទេ ។
 
សម្រាប់ការប្រកួតកីឡាបាល់ទាត់ នៅស៊ីហ្គេម ប្រទេសវៀតណាមនេះ មាន១០ប្រទេសចូលរួម ហើយកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយ ថៃ ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ ខណៈពូល A មាន វៀតណាម ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និង ទីម័រខាងកើត ។
 
ជាមួយនឹងការត្រៀមប្រកួតស៊ីហ្គេមនេះ លោក Kaisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញពីការយល់ឃើញ និងការប្ដេជ្ញារបស់ខ្លួន នៅលើគណនីហ្វេសប៊ុកថា៖ «ពូលទាំងពីរមិនងាយស្រួលនោះទេ ។ យើង នឹងធ្វើឲ្យបានល្អបំផុត» ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ប្រព្រឹត្តទៅនៅថ្ងៃទី ១២ ដល់ថ្ងៃទី២៣ ខែឧសភា នៅទីក្រុងហាណូយ ៕
 

Tag:
 បាល់ទាត់
  Kaisuke Honda
  ស៊ីហ្គេម
  លឹម ពិសុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com