ជាតិ
១០ឆ្នាំនេះ សត្វក្រចកជើងចំពាម បានធ្លាក់ចុះ ខណៈសត្វខ្លះទៀត បានផុតពូជ ដោយសារអន្ទាក់
07, Apr 2022 , 7:59 pm        
រូបភាព
ក្រសួងបរិស្ថាន បង្ហាញអន្ទាក់របស់ព្រានព្រៃក្នុងយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ រូបថត៖ ជឿន ស្រីណយ
ក្រសួងបរិស្ថាន បង្ហាញអន្ទាក់របស់ព្រានព្រៃក្នុងយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ រូបថត៖ ជឿន ស្រីណយ
ដោយ:
ស្ទឹងត្រែង៖ រយៈពេល១០ឆ្នាំចុងក្រោយ សត្វក្រចងជើងចំពាម ក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះ​ខ្លាំង។ សត្វកម្រមួយចំនួនទៀត បានផុតពូជតែម្ដង ដោយសារការដាក់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃ។

 
សត្វព្រៃកំពុងទទួលរងការគំរាមគំហែងពីការដាក់អន្ទាក់របស់ព្រានព្រៃនៅតាមតំបន់អភិរក្សនៅកម្ពុជា។ ជាលទ្ធផល សត្វមួយចំនួនត្រូវបានផុតពូជ ខណៈសត្វមួយចំនួនបន្តធ្លាក់ចុះ ។ បើតាមរបាយការណ៍ពីក្រសួងបរិស្ថាន សត្វដែលរកស៊ីលើដី មានហានិភ័យខ្ពស់ពីការជាប់អន្ទាក់ក្នុងព្រៃ។ ជាក់ស្ដែង​ចាប់តាំងពីឆ្នាំ​២០១០ ដល់ឆ្នាំ ២០២០ សត្វ​ក្រចងជើងជំពាមត្រូវបានធ្លាក់ចុះ ក្នុងនោះសត្វទន្សោងធ្លាក់ចុះជាង ៧០ភាគរយ និងសត្វឈ្លូសធ្លាក់ចុះប្រមាណ ៥០ភាគរយ។ ចំណែកសត្វខ្លាធំ និង សត្វគោព្រៃ ត្រូវបានផុតពូជតែម្ដង។​ ប៉ុន្តែសត្វស្វាត្រោស និងសត្វក្ងោក បានកើនឡើងក្នុងមួយទសវត្សនេះ។ 
 

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តស្ទឹងត្រែង បានអះអាងដូច្នេះ៖ «ការសិក្សាបានវាយតម្លៃថាប្រភេទសត្វព្រៃមួយចំនួនរក្សាបានស្ថេរភាពដូចជាប្រភេទស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ។  ប្រភេទសត្វព្រៃខ្លះកើនឡើងដូចសត្វក្ងោក ស្វាត្រោសជាដើម។ ប៉ុន្តែប្រភេទសត្វព្រៃខ្លះជាពិសេសប្រភេទសត្វក្រចកជើងចំពាម បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដូចជា សត្វទន្សោង សត្វខ្ទីង សត្វប្រើស សត្វឈ្លូស ក្តាន់ រមាំងជាដើម »។
 


ប្រភេទសត្វព្រៃមួយចំនួនត្រូវបានបាត់បង់ដោយសារការដាក់អន្ទាក់របស់ព្រានព្រៃ និងការប្រមាញ់ដោយកាំភ្លើងកែច្នៃ។ យ៉ាងណាមិញ លោក នេត្រ ភក្ត្រា ជឿជាក់ថា យុទ្ធនាការអន្ទាក់សូន្យ នឹងធ្វើឱ្យសត្វព្រៃនៅតាមតំបន់ការពារ និងដែនជម្រកនានាមានស្ថេរភាព និងកើនឡើងវិញក្នុងរយៈពេល៦ខែនៃយុទ្ធនាការនេះ។ 


 
«យើងសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាឱ្យនិយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស»។ នេះជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា។ 
 
សូមជម្រាបថាក្រសួងបរិស្ថាន និងអង្គការពាក់ព័ន្ធ បានយុទ្ធនាការ«អន្ទាក់សូន្យ» នៅតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីលុបបំបាត់ការបរបាញ់សត្វការដាក់អន្ទាក់ខុសច្បាប់ និងលុបបំបាក់ការជួញដូរសាច់សត្វព្រៃ។ យុទ្ធនាការនេះមានរយៈពេល៦ខែក្នុងខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ ដោយចាប់ផ្តើមពីថ្ងៃទី៣ខែមីនាតទៅ៕


 

Tag:
 ThmeyThmey25
  ស្ទឹងត្រែង
  យុទ្ធនាការអន្ទាក់សូន្យ
© រក្សាសិទ្ធិដោយ thmeythmey.com