ជាតិ
សង្គមជាតិ
បុគ្គលិកណាហ្កាវើលដ៍ នៅតែសល់ក្តីសង្ឃឹមថាបានចូលធ្វើការវិញ ទោះក្រុមហ៊ុនប្រាប់ច្រើនលើកថាមិនទទួល
07, Apr 2022 , 9:59 pm        
រូបភាព
មេសហជីព និងបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នា កាលពីខែមករា ឆ្នាំ២០២២ ដោយពេលនោះ មេសហជីព បានធ្វើសន្និសីទអំពីជំហររបស់ពួកគេ ក្នុងការតវ៉ា។
មេសហជីព និងបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នា កាលពីខែមករា ឆ្នាំ២០២២ ដោយពេលនោះ មេសហជីព បានធ្វើសន្និសីទអំពីជំហររបស់ពួកគេ ក្នុងការតវ៉ា។
នៅចំពោះមុខតំណាងក្រុមហ៊ុនណាហ្កាវើលដ៍ តំណាងបុគ្គលិក បានបង្ហាញក្តីរំពឹងថា បុគ្គលិក ដែលត្រូវបានបញ្ឈប់ពីការងារ អាចនឹងបានចូលធ្វើការងារវិញ។ តំណាងក្រុមហ៊ុនណាហ្កាវើលដ៍ និងតំណាងបុគ្គលិក បានជួបចរចាគ្នាលើកទី៧ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ដោយមានតំណាងក្រសួងការងារ ជាអ្នកសម្របសម្រួល។



សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ស្តីពីលទ្ធផលនៃការចរចាលើកទី៧ បានសរសេរថា តំណាងបុគ្គលិកណាហ្កាវើលដ៍ សង្ឃឹមថា នឹងមានពន្លឺនៃដំណោះស្រាយលើវិវាទរវាងពួកគេជាមួយក្រុមហ៊ុន ហើយពួកគេ នឹងតែរក្សាជំហរទាមទារសុំចូលធ្វើការងារវិញ។ 
 
«ក្រុមហ៊ុន បានយកហេតុផលវិបត្តិជំងឺកូវីដ-១៩ មកបញ្ឈប់ជនរងគ្រោះ។ ពួកយើងជាជនរងគ្រោះ យល់ថា វា ជាហេតុផលអមនុស្សធម៌បំផុត ពីព្រោះក្រុមហ៊ុន នៅតែចំណេញ គ្រាន់តែចំណេញតិចជាងមុន។ វា ធ្វើឲ្យពួកយើង ដែលជាជនរងគ្រោះ មានការឈឺចាប់ខ្លាំងបំផុត។ ក្នុងនាមតំណាងកម្មករនិយោជិត ស្នើទៅក្រសួងពាក់ព័ន្ធទាំងអស់ សូមផ្តល់យុត្តិធម៌ និងកុំធ្វើឲ្យពួកយើង ឈឺចាប់ម្តងហើយម្តងទៀត»។ នេះជាសម្តីរបស់តំណាងបុគ្គលិក ដែលត្រូវបានសរសេរក្នុងសេចក្តីជូនដំណឹង។ 
 
តំណាងក្រុមហ៊ុន បានឆ្លើយតបថា ក្រុមហ៊ុន នៅតែរក្សាជំហរដូចមុនដដែល ដែលបានបញ្ជាក់ក្នុងកិច្ចចរចាកន្លងមក។ ការឆ្លើយតបរបស់តំណាងក្រុមហ៊ុនបែបនេះ មានន័យថា ក្រុមហ៊ុន នៅតែមិនទទួលយកបុគ្គលិក ដែលត្រូវបានបញ្ឈប់ពីការងារ ឲ្យចូលធ្វើការងារវិញ។ 
 
ក្នុងចំណោមបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបានបញ្ឈប់ពីការងារ មានមួយចំនួន បានយល់ព្រមនឹងការបញ្ឈប់នេះ ហើយស្ម័គ្រចិត្តទទួលយកការទូរទាត់ប្រាក់ដំណាច់ការងាររបស់ពួកគេ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅសល់បុគ្គលិកជាង២០០នាក់ទៀត ដែលមិនសុខចិត្តនឹងការបញ្ឈប់ ហើយពួកគេ នៅតែទាមទារឲ្យក្រុមហ៊ុន ទទួលយកពួកគេ ចូលធ្វើការវិញ។ 
 
ក្នុងកិច្ចចរចាកាលពីលើកមុន តំណាងបុគ្គលិក បានជម្រាបទៅតំណាងក្រុមហ៊ុនថា មានបុគ្គលិក៣០០នាក់ ដែលកំពុងបម្រើការងារឲ្យក្រុមហ៊ុនណាហ្កាវើលដ៍ សុខចិត្តលាឈប់ពីការងារ បើក្រុមហ៊ុន យល់ព្រមទទួលយកបុគ្គលិកជាង២០០នាក់ ដែលត្រូវបញ្ឈប់ពីការងារនោះ។ សំណើសុំដោះដូរនេះ ក៏ត្រូវតំណាងក្រុមហ៊ុន បដិសេធដែរ។ 
 
កាលពីខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនណាហ្កាវើលដ៍ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលាតត្រដាងថា ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្រុមហ៊ុន បានខាតអស់ប្រាក់៧៧លានដុល្លានដុល្លារ ហើយការខាតបង់ទំហំទឹកប្រាក់៧៧លានដុល្លារនេះ គឺជាមូលហេតុចម្បង ដែលក្រុមហ៊ុន ត្រូវកាត់បន្ថយបុគ្គលិកមួយចំនួន។ 
 
បុគ្គលិកណាហ្កាវើលដ៍ បាននាំគ្នាចេញតវ៉ា តាំងពីខែធ្នូ ឆ្នាំ២០២១មក គឺក្រោយក្រុមហ៊ុន បញ្ឈប់បុគ្គលិកជាង៣៦០នាក់នោះ។ សេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ភាគីបុគ្គលិក និងភាគីក្រុមហ៊ុន នឹងជួបចរចាគ្នាជាលើកទី៨៕ 
 
 

Tag:
 វិវាទណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com