ជាតិ
យុទ្ធនាការ« ផ្ទះ១អំពូល១» សម្រេចជិត ២០ភូមិហើយ ខណៈជាង ១០ភូមិទៀត អាជ្ញាធរកំពុងរៀបចំ
08, Apr 2022 , 7:59 am        
រូបភាព
អំពូលភ្លើង នៅតាមផ្លូវ ក្នុងស្រុកបន្ទាយស្រី ស្របតាមយុទ្ធនាការ«ផ្ទះ១អំពូល១) ។ រូបភាពពីទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
អំពូលភ្លើង នៅតាមផ្លូវ ក្នុងស្រុកបន្ទាយស្រី ស្របតាមយុទ្ធនាការ«ផ្ទះ១អំពូល១) ។ រូបភាពពីទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
ដោយ៖ ញឹក សំអូន

សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី បានអនុវត្តយុទ្ធនាការ«ផ្ទះ១អំពូល១» ដោយបំពាក់អំពូលសូឡាជូនប្រជាពលរដ្ឋតាមមូលដ្ឋាន បានជិត២០ភូមិហើយ ខណៈជាង ១០ភូមិទៀត អាជ្ញាធរកំពុងបន្តរៀបចំ។ យុទ្ធនាការរបស់រដ្ឋបាលស្រុកបន្ទាយស្រីនេះ បានទទួលជំនួយពីសប្បុរសជនក្នុងស្រុក និងក្រៅប្រទេស។


លោក ឃឹម ​ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្រុមការងារស្រុក និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានបំពាក់អំពូលភ្លើង ប្រមាណ ៦០០០អំពូលហើយ តាំងពីបើកយុទ្ធនាការ« ផ្ទះ១អំពូល១» មក ។
  


អភិបាលស្រុកបន្ទាយស្រីរូបនេះ បានបញ្ជាក់ថា៖ «អំពូលយើងកៀងគរពីសប្បុរសជនទាំងស្រុង យើងមិនប្រើប្រាស់ថវិការដ្ឋទេ។ ការងារនេះ យើងធ្វើដើម្បីជួយបងប្អូនប្រជាពលរដ្ឋ បើថាយើងតម្រូវឱ្យបងប្អូនយើងចេញប្រាក់នោះ គឺមិនតម្រូវទេ តែបើបងប្អូនប្រជាពលរដ្ឋគាត់ស្មគ្រ័ចិត្តទិញដាក់ម្នាក់ៗ ដើម្បីចូលរួមជាមួយអាជ្ញាធរ នោះក៏ជារឿងដ៏ល្អ។ តែយើងឃើញថា សព្វថ្ងៃពួកគាត់បានជួយ(ថវិកា)ទៅលើដងអំពូលរួចហើយ អ្នកខ្លះគាត់ប្រើជាបង្គោលគ្រាក អ្នកខ្លះគាត់ប្រើបង្គោលដែក»។
 
លោក ឃឹម ហ្វីណង់ បានបន្តថា អំពូលដែលបានដាក់បំពាក់នៅតាមភូមិនីមួយៗ គឺមានប្រភេទអំពូលខុសៗគ្នា ដោយនៅតាមតំបន់ទីប្រជុំជនប្រើអំពូលធំ ដែលមានតម្លៃប្រមាណ ៤០ទៅ ៥០ដុល្លារ ហើយនៅតាមតំបន់ធម្មតាប្រើអំពូលខ្នាតតូច ដែលតម្លៃអំពូលមួយប្រមាណ ៣០ដុល្លារ។
 


លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ឈរសំណេះសំណាលជាមួយប្រជាពលរដ្ឋ

កាលពីថ្ងៃទី ៣១មីនា លោក ឃឹម ហ្វីណង់ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា យុទ្ធនាការ«ផ្ទះ១អំពូល១» បានដាក់បំពាក់ទៅដល់គ្រប់ឃុំ​ទាំងអស់ នៅក្នុងស្រុកបន្ទាយស្រី ហើយគ្រាន់តែឃុំខ្លះ បានបំពាក់អំពូលភ្លើងគ្រប់ភូមិ ហើយឃុំខ្លះទៀតមិនទាន់បានបំពាក់អំពូលគ្រប់ភូមិនៅឡើយ។ ភូមិដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ផ្លូវកៅស៊ូ ឬផ្លូវបេតុង ដែលមានចរាចរណ៍ឆ្លងកាត់ច្រើន ត្រូវបានផ្តល់អាទិភាពមុនគេ៕
 
 

Tag:
 ឃឹម ហ្វីណង់
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com