ជាតិ
ក្រុមប្រឹក្សាជាតិគាំពារសង្គម និងសង្គមស៊ីវិល បើកយុទ្ធនាការផ្សព្វផ្សាយកិច្ចគាំពារស្រី្តនិងកុមារ នៅតំបន់ដាច់ស្រយាល
08, Apr 2022 , 9:09 am        
រូបភាព
ស្រី្តនិងកុមារ នៅតំបន់ដាច់ស្រយាល។ រូបពី អុកស្វាម
ស្រី្តនិងកុមារ នៅតំបន់ដាច់ស្រយាល។ រូបពី អុកស្វាម
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) និងអង្គការអុកស្វាម រួមជាមួយសង្គមស៊ីវិល៦ទៀត បើកយុទ្ធនាការផ្សព្វផ្សាយទូទាំងប្រទេស ស្ដីពីការទទួលបានកិច្ចគាំពារដល់ស្រី្តនិងកុមារ។ ការផ្សាយនេះ គឺផ្ដោតលើតំបន់ដាច់ស្រយាល ពិសេសមានជាភាសាជនជាតិដើមភាគតិចយ៉ាងសម្បូរបែប។

 
សេចក្ដីប្រកាសព័ត៌មានរួមរបស់សង្គមស៊ីវិល និងNSPC ចេញថ្ងៃទី៦ មេសា បានឲ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយ គឺផ្ដោតសំខាន់លើសារៈសំខាន់នៃបណ្ណសមធម៌ ស្ដីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រី្តមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ រួមទាំងមូលនិធិសមធម៌សុខាភិបាល។ ការផ្សាយនេះ ធ្វើឡើងតាមគ្រប់មធ្យោបាយ ដូចជាវិទ្យុក្នុងស្រុក ដំណឹងតាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម និងប្រជុំដោយផ្ទាល់តាមសហគមន៍ជាដើម។ ជាពិសេសរៀបចំជាកម្មវិធីសម្ភាសន៍វិទ្យុជាភាសាភ្នង គ្រឹង កួយ ទំពូន និងចារាយជាដើម សម្រាប់ឲ្យស្ត្រី និងកុមារនៅតំបន់ដាច់ស្រយាលទាំងនោះ ទទួលបានព័ត៌មានពីកិច្ចគាំពារសង្គមនេះ។ 
 
របាយការណ៍អុកស្វាម បានរកឃើញថា ពលរដ្ឋនៅកម្ពុជាទូទៅពុំទាន់ស្គាល់ពីកម្មវិធីគាំពារសង្គមសំខាន់ៗ ដូចកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោមពីឆ្នាំ រួមទាំងមូលនិធិសមធម៌សុខាភិបាលឡើយ។ ក្នុងចំណោមពលរដ្ឋដែលអង្គការនេះ បានសម្ភាសន៍ គឺមានត្រឹម៥៤ភាគរយប៉ុណ្ណោះ ដែលដឹងពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ហើយ៤១ភាគរយ ដឹងពីមូលនិធិសមធម៌សុខាភិបាល។ 
 
ក្នុងលិខិតប្រកាសព័ត៌មាន លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានឲ្យដឹងថា កិច្ចគាំពារសង្គម ជាឧបករណ៍ដ៍សំខាន់ សម្រាប់កាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជារាស្រ្ត ពីផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម នៅពេញវដ្តជីវិតរបស់ពួកគេ។ កិច្ចគាំពារសង្គម បង្ហាញពីសក្តានុពលក្នុងការគាំទ្រដល់ជនក្រីក្រ ឬជនប្រឈមមុខនឹងការធ្លាក់ចូលក្នុងភាពក្រីក្រវិញ។ 
 
«ដូច្នេះ ជាការចាំបាច់និងបន្ទាន់ ដែលត្រូវធ្វើការសម្របសម្រួលកិច្ចសហការពហុភាគី ដើម្បីដោះស្រាយបញ្ហាកង្វះខាតចំណេះដឹងនិងការយល់ដឹង»។ នេះជាការបញ្ជាក់របស់លោកស្រី ភាណ សោភ័ណ។ 
 
ទន្ទឹមនឹងនេះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម យល់ថា យុទ្ធនាការនេះ គឺមានភាពចាំបាច់បំផុត ដែលត្រូវលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ដើម្បីឈានទៅពង្រីកការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបន្ថែមទៀត។ លោកថ្លែងយ៉ាងដូច្នេះ៖ «បុគ្គលដែលទទួលបានព័ត៌មានច្បាស់​ អំពីអត្ថប្រយោជន៍នៃកិច្ចគាំពារសង្គម នឹងកាន់តែសកម្មក្នុងការប្រើប្រាស់កម្មវិធីនេះ នៃកិច្ចគាំពារសង្គម»។ 
 
អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមរូបបានបន្ថែមថា គ្រប់គ្នានៅក្នុងសង្គម គឺមានទំនួលខុសត្រូវក្នុងការអប់រំសាធារណជន អំពីអត្ថប្រយោជន៍ដែលប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គមផ្តល់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕ 
 
 
 

Tag:
 កិច្ចគាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com