ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រៀមឈាម ១ពាន់ប្លោក សម្រាប់សង្រ្គោះបន្ទាន់អំឡុងបុណ្យចូលឆ្នាំ
07, Apr 2022 , 6:49 pm        
រូបភាព
រូបភាពតំណាងពីហ្វេសប៊ុក Yuthyia William
រូបភាពតំណាងពីហ្វេសប៊ុក Yuthyia William
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រៀមឈាមចំនួន ១ពាន់ប្លោក ដើម្បីទុកជួយសង្រ្គោះដល់អ្នកដែលអាចរងគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃ ១៤ មេសាខាងមុខ។

 
លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការត្រៀមបម្រុងឈាមនេះគឺជាការត្រៀមលក្ខខណៈទុកជាមុន ដ្បិតគ្រោះថ្នាក់អាចកើតមានឡើងច្រើនក្នុងពេលដែលមនុស្សធ្វើដំណើរក្នុងពេលបុណ្យប្រពៃណីជាតិនេះ។
 
«បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រាជរដ្ឋាភិបាលបើកឱ្យប្រារព្ធជាធម្មតា អ៊ីចឹងយើងមានការព្រួយបារម្ភទាក់ទងនឹងកង្វះខាតការសង្រ្គោះ។ ដូច្នេះយើងត្រូវតែត្រៀមលក្ខណៈដើម្បីជួយសង្រ្គោះអ្នកជំងឺ។ យើងដឹងស្រាប់ហើយ គ្រោះថ្នាក់ចរាចរណ៍ត្រូវការឈាមសំខាន់ណាស់ បើអត់មានឈាម គឺចប់ហើយបាទ»។ នេះជាការលើកឡើងរបស់លោក សុខ ប៉ូ។ 
 
លោក សុខ ប៉ូ បញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏នឹងរៀបចំកម្មវិធីបរិច្ចាគឈាមនៅមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី៨ ខែមេសា ស្អែកនេះដែរ។ វេជ្ជបណ្ឌិតរូបនេះក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ដើម្បីគាំទ្រដល់ការត្រៀមលក្ខខណៈសម្រាប់ជួយសង្គ្រោះនេះ។
 
មជ្ឈមណ្ឌលជាតិនឹងផ្តល់ឈាមចំនួន ៥០០ ប្លោកសម្រាប់ក្រុងភ្នំពេញ និងខេត្តចំនួន ៤ ទៀតដូចជា បាត់ដំបង សៀមរាប តាកែវ និងកំពង់ចាម នឹងទទួលបានចំនួន១០០ ប្លោកក្នុងមួយខេត្តៗ។ ចំណែកឈាមដែលនៅសេសសល់គឺ ត្រូវផ្តល់ជូនទៅខេត្តដទៃផ្សេងទៀត។ នេះបើតាមប្រសាសន៍របស់លោក សុខ ប៉ូ៕

© រក្សាសិទ្ធិដោយ thmeythmey.com