ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញផលិតផលពីដំឡូងមីកើនឡើង១២ភាគរយ ក្នុងត្រីមាសទី១
08, Apr 2022 , 10:36 am        
រូបភាព
ភ្នំពេញ៖ ការនាំចេញចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម៉្សៅដំឡូងមី និងកាកសំណល់ដំឡូងមី ទៅទីផ្សារក្រៅប្រទេស មានការកើនឡើងក្នុងត្រីមាសទី១ នៃ​ឆ្នាំ​២០២២។ នេះបើតាមរបាយការណ៍បង្ហោះលើទំព័រហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម។


៣ខែដើមឆ្នាំ២០២២ កម្ពុជាបាន​នាំចេញ​ចំណិតដំឡូងមីក្រៀមចំនួន ១ ២៥២ ៣៤០ តោន ដោយកើនឡើង ១២,៧៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ​២០២១។ ក្នុងចំណោមបរិមាណនៃការនាំចេញនោះ ត្រូវ​បាន​នាំចេញទៅថៃចំនួន ៩១៩ ០៥០តោន និងវៀតណាមចំនួន ៣៣៣ ២៩០តោន។ ចំណែក​ការនាំចេញដំឡូងមីស្រស់ មាន​ការកើនឡើង ៤៥,៨១ភាគរយ ដោយមានចំនួន ៣៥៣ ៩៥០តោន។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ២៩៩ ០០០តោន និងថៃចំនួន ៥៤ ៩៥០តោន។
 
របាយការណ៍​បង្ហោះលើទំព័រហ្វេសប៊ុក​លោក វេង សាខុន បង្ហាញថា ម៉្សៅដំឡូងមីចំនួន ២៥ ២៦១តោន ត្រូវបាន​ចេញទៅចិនចំនួន ២៤ ៧៥៨តោន, អាម៉េរិកចំនួន ៤០៨តោន, ណេដឺឡែនចំនួន ៧៦តោន និងអ៊ីតាលីចំនួន ១៩តោន។ បរិមាណនៃការនាំចេញនេះ កើនដល់៩០,១៥ភាគរយ ធៀបនឹង​រយៈពេល៣ខែនៃឆ្នាំ២០២១។
 
ដោយឡែកការនាំចេញកាកសំណល់ដំឡូងមីវិញ រឹតតែមានកើនឡើងខ្ពស់ដល់ ១៣៩,៣២ភាគរយ។ បើតាមរបាយការណ៍ខាងលើ ក្នុងត្រីមាសទី១ ការនាំចេញកាកសំណល់ដំឡូងមី​ មានចំនួន ៦ ១២២,៨៩តោន ដែលបាននាំចេញទៅចិនចំនួន ៥ ៦២២,៨៩ តោន និងវៀតណាមចំនួន ៥០០តោន៕ 
 

Tag:
 កសិកម្ម
  ដំឡូងមី
© រក្សាសិទ្ធិដោយ thmeythmey.com