កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យលើក្លិបទ័ព ដោយហាមមិនឲ្យអ្នកគាំទ្រចូលទស្សនា ក្នុងជំនួបវិសាខាឡើយ
08, Apr 2022 , 12:15 pm        
រូបភាព
កីឡដ្ឋានស្ដាតចាស់ រូបពីសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ
កីឡដ្ឋានស្ដាតចាស់ រូបពីសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ
ការប្រកួតនៅកីឡដ្ឋានស្ដាតចាស់ នាថ្ងៃទី៩ ខែមេសា នៃពានរង្វាន់ Cambodian Premier League រវាងជំនួប ក្លិបកងយោធពលខេមរភូមិន្ទ និងវិសាខា មិនត្រូវបានអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាទេ ។ នោះក៏ព្រោះតែក្លិបទ័ព រងការពិន័យពីបទអ្នកគាំទ្រ Ultra Army ជេប្រមាថ «មន្ដ្រីការប្រកួត» ។


 
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Cambodian Premier League ការប្រកួតរវាង ក្លិបទ័ព និងវិសាខា នៅកីឡដ្ឋានស្ដាតចាស់ ដែលមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រ ឬទស្សនិកជ​ន ចូលរួមទស្សនានេះ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិ អនុវត្តទៅតាម ប្រការ៥៤ ប្រការ៦០ និងប្រការ៦៧ នៃក្រមវិន័យសហព័ន្ធកីឡាបាល់ទាត់ជាតិ ។
 
ប្រការ៥៤ ស្ដីពីការញុះញុងសាធារណជន ចែងថា ជនណា ដែលញុះញុងសាធារណជន អំឡុងពេលប្រកួត និងត្រូវព្យួរចំនួនពីរប្រកួត និងពិន័យជាប្រាក់ ៥,០០០,០០០រៀល យ៉ាងតិច ។
 
ចំណែកប្រការ៦០ ស្ដីពីការបង្ខិតបង្ខំ ចែងថា ជនណា ដែលប្រើប្រាស់អំពើហឹង្សា ឬគំរាមកំហែង ដើម្បីដាក់សម្ពាធទៅលើមន្ដ្រីការប្រកួត ណាមួយឲ្យចាត់វិធានការច្បាស់លាស់ ឬរារាំងមិនឲ្យបំពេញភារកិច្ចដោយសេរី តាមវិធីណាមួយផ្សេងទៀត និងទទួលទណ្ឌកម្ម ដោយការពិន័យជាប្រាក់ យ៉ាងហោចណាស់ ៣.០០០.០០០៛ និងព្យួរមួយប្រកួត ។ ទណ្ឌកម្មនេះប្រាសចាកប្រការ៣២ ដែលចែងថាទណ្ឌកម្មមិនអាចបូកផ្សំជាមួយទណ្ឌកម្មផ្សេងទៀត ។
 
ដោយឡែកប្រការ៦៧ ស្ដីពីទំនួលខុសត្រូវ ចំពោះការប្រព្រឹត្តិរបស់ទស្សនិកជន ។ ១ សមាគម​ម្ចាស់ផ្ទះ ឬក្លិបម្ចាស់ផ្ទះ ត្រូវតែទទួលខុសត្រូវ ចំពោះការប្រព្រឹត្តមិនសមរម្យ របស់ទស្សនិកជន ដោយមិនគិតថាជា ឥរិយាបទមានពិរុទ្ធភាព ឬការភាន់ច្រឡំមានពិរុទ្ធភាពឡើយ និងអាស្រ័យតាមស្ថានភាពអាចទទួលកាតផាកពិន័យ ។ ទណ្ឌកម្មបន្ថែមអាចត្រូវបានអនុវត្ត ក្នុងករណីធ្ងន់ ។ ២ ការទទួលខុសត្រូវ ដូចបានរៀបរាប់ក្នុងវក្យខ័ណ្ឌ១និង២ ពាក់ព័នផង ដែរជាមួយការប្រកួត ដែលរៀបចំនៅលើទីលានអព្យាក្រឹត្យ និងនៅពេលប្រកួតប្រជែងផ្ដាច់ព្រ័ត្រ ។
 
ការដាក់ពិន័យនេះ ធ្វើឡើងក្រោយការប្រកួតរវាងក្លិបទ័ព និងព្រះខ័នរាជស្វាយរៀង នាថ្ងៃទី២៦ ខែមីនា ក្នុងជំនួបនាសប្ដាហ៍ទី៤ នៃការប្រកួតCPL ។  
 
លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army) បានបញ្ជាកប្រាប់សារពត៌មានថ្មីៗថា ក្លិបប្ដឹងតវ៉ាលើការពិន័យនេះដែរ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា នៅតែសម្រេចបែបនេះ។
 
តែយ៉ាងណាលោក ខូវ ឆាយ ព្យាយាមពន្យល់ថា ក្លិបតែងតែមានវិធានការទប់ស្កាត់ មិនឲ្យមានការចោលដបទឹកសុទ្ធ ឬសម្ភារៈផ្សេងទៀតនៅក្នុងទីលានប្រកួតឡើយ ។ ប៉ុន្តែចំពោះការជេប្រមាទ និងប្រើពាក្យសម្ដី អសុរសផ្សេង គឺជាការបញ្ចេញមតិរបស់អ្នកគាំទ្រ ដែលបង្ហាញពីអារម្មណ៍ពួកគេ ហើយក្លិបពិតជាពិបាកក្នុងការហាមមិនឲ្យពួកគាត់និយាយរិះគន់ណាស់ ។ 
«យើង អាចទប់ស្កាត់ការចោលសម្ភារៈ និងការរត់ចូលទីលាន អំឡុងពេលប្រកួត តែយើង ពិបាកក្នុងការទទួលខុសត្រូវណាស់ ចំពោះការស្រែកជេ ការស្រែឌឺដង ពីព្រោះយើងមិនបិទមាត់អ្នកគាំទ្របានទេ» ។ លោក ខូវ ឆាយ បានបញ្ជាក់ដូចនេះ ។
 
លោក បន្តថា ៖ «អ្វី ដែលយើងអាចធ្វើបាន គឺបានត្រឹមជូនដំណឹងផ្សេងៗ សម្រាប់អ្នកគាំទ្រ មិនឲ្យមានការជេរ ឬប្រើពាក្យមិនសមរម្យ ចំពោះមន្ត្រីប្រកួត ប៉ុណ្ណោះ ។ ប៉ុន្ដែជាក់ស្ដែង យ៉ាងណា យើងមិនអាចកំណត់បាន ព្រោះជាការចូលរួមចំណែករបស់អ្នកគាំទ្រ» ។
 
គួរបញ្ជាក់ផងដែរថា ការជេររបស់អ្នកគាំទ្រ ទៅលើមន្ដ្រីរៀបចំការប្រកួត និងមន្ដ្រីបច្ចេកទេស តែងតែមាននូវពេលមានភាពមិនប្រក្រតី ឬមិនពេញចិត្តលើការកាត់សេចក្ដីណាមួយក្នុងទីលាន ៕
 
 
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com