ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំឲ្យពិភាក្សាឡើងវិញនូវសេចក្តីព្រាងច្បាប់ «ពពោះជំនួស» ដើម្បីឈានទៅអនុវត្ត
08, Apr 2022 , 2:33 pm        
រូបភាព
សម្តេច ស ខេង ធ្វើជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
សម្តេច ស ខេង ធ្វើជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ឲ្យនាំគ្នាសិក្សា និងពិភាក្សាឡើងវិញលើសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួសនៅកម្ពុជា ក្រោយពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានសម្តេច ប្រាប់ឲ្យផ្អាកមួយរយៈកន្លងមក។ ការណែនាំរបស់សម្តេច ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។



ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្តេច ស ខេង បានថ្លែងដូច្នេះថា៖«ខ្ញុំ ឯកភាពជាគោលការណ៍ថា យើង យកច្បាប់នេះមកសិក្សាបន្តទៀត ដើម្បីច្បាប់ហ្នឹង ឈានទៅចូលជាធរមានបាន ក្រោយពីយើងសិក្សាហ្មត់ចត់គ្រប់ជ្រុងជ្រោយហើយនោះ»។  
 
អ្នកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកិច្ចការនារី ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមថា ក្រសួងកិច្ចការនារី បានសហការជាមួយក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច ក្រសួងការបរទេស និងអ្នកពាក់ព័ន្ធមួយចំនួន រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួសនេះលើកទីមួយរួចរាល់ហើយ ប៉ុន្ដែដោយសារច្បាប់នេះ ថ្មីសម្រាប់កម្ពុជា ទើបក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាឲ្យបានហ្មត់ចត់ជាមួយអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុនដាក់ជូនគណៈរដ្ឋមន្រ្តី។

អ្នកស្រី មានប្រសាសន៍ដូច្នេះថា៖«ចំពោះពេលវេលា [ដែលត្រូវដាក់ជូនគណៈរដ្ឋមន្រ្តី] យើង មិនអាចកំណត់បាននោះទេ ប៉ុន្តែក្រសួងកិច្ចការនារី ដែលជាស្ថាប័នសម្របសម្រួលការងារនេះ នឹងពន្លឿននីតិវិធីក្នុងការរៀបចំ។ ចំពោះខ្លឹមសារគោលបំណងជាក់លាក់នៃច្បាប់នេះ យើង មិនទាន់អាចនិយាយបានទេ ប៉ុន្តែគោលបំណងសំខាន់គឺ ច្បាប់នេះ បង្កើតឡើងដើម្បីការពារសិទ្ធិ ផលប្រយោជន៍ស្ដ្រី ជាពិសេសធានាឧត្តមប្រយោជន៍ទារក»។
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានផ្តល់គំនិតសំខាន់មួយដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គឺត្រូវសិក្សាពីប្រទេសដទៃ ដែលមានច្បាប់ស្តីពីការពពោះជំនួសនេះ ហើយបែរជាលុបចោលវិញ។ សម្តេច សង្កត់ធ្ងន់ថា ក្រសួង-ស្ថាប័ន ត្រូវស្វែងរកមូលហេតុឲ្យឃើញ «ហេតុអ្វី ប្រទេសទាំងនោះ លុបច្បាប់ស្តីពីការពពោះជំនួសចេញវិញ?»។
 
រដ្ឋមន្រ្តីមហាផ្ទៃ អះអាងថា ក្រោយប្រទេសខ្លួន លុបច្បាប់ស្តីពីការពពោះជំនួស ពលរដ្ឋខ្លះនៃប្រទេសទាំងនោះ បាននាំគ្នាមកកម្ពុជា ដើម្បីឲ្យស្រ្តីកម្ពុជា ពពោះកូនឲ្យពួកគេ ខណៈកម្ពុជា មិនទាន់មានច្បាប់ស្តីពីការពពោះជំនួសនៅឡើយ។ សម្តេច បន្តថា ទោះច្បាប់ស្តីពីការពពោះជំនួស មិនទាន់ចូលជាធរមានក្តី តែនៅតែមានករណីស្រ្តីខ្មែរខ្លះ លួចលាក់ពពោះកូនជំនួស តាមការជួលរបស់ជនបរទេសទាំងនោះ។   
 
សូមបញ្ជាក់ថា កម្ពុជា ចាប់ផ្តើមសិក្សា និងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួស តាំងពីអំឡុងឆ្នាំ២០១៩មក។ ក្រសួងមហាផ្ទៃ ផ្សាយលើគេហទំព័រខ្លួន កាលពីខែធ្នូ ឆ្នាំ២០១៩ ថា សេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួស មានគោលបំណងធានាការអនុវត្តឲ្យបានត្រឹមត្រូវនូវការពពោះជំនួស ហើយការពារសិទ្ធិរបស់ជនដែលពាក់ព័ន្ធនឹងការពពោះជំនួស ជាពិសេសស្រ្តី និងកុមារ។ ក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា ច្បាប់នេះ នឹងការពារមិនឲ្យមានអាជីវកម្ម តាមរយៈសេវាពពោះជំនួស៕ 
 

Tag:
 ច្បាប់ពពោះជំនួស
© រក្សាសិទ្ធិដោយ thmeythmey.com