ជាតិ
សង្គមជាតិ
ក្រសួងដែនដី ហាម​វិស្វករទទួល​ការងារសាងសង់ ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត
08, Apr 2022 , 3:47 pm        
រូបភាព
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំ​វិស្វករ ដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជា​ មិនឱ្យទទួលអនុវត្តការងារសាងសង់ ដែលមិនទាន់មានលិខិតអនុញ្ញាតសាងសង់ ​ជួសជុល ​រុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ បម្រាមនេះ ធ្វើឡើងតាមរយៈលិខិតមួយរបស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ប្រាប់ទៅអគ្គលេខាធិការនៃគណៈវិស្វករកម្ពុជា ចុះថ្ងៃទី៨ មេសានេះ។

 
នៅក្នុងលិខិតនេះ លោក ជា សុផារ៉ា បានប្រាប់​ទៅអគ្គលេខាធិការនៃគណៈវិស្វករកម្ពុជា ឱ្យហាមវិស្វករដែលចុះបញ្ជី​នៅគណៈវិស្វករកម្ពុជា ​ទទួលអនុវត្តការងារសាងសង់នានា ​ដែលមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរ។ សម្រាប់លោករដ្ឋមន្ត្រីដែនដី ការទទួលអនុវត្តការងារសាងសង់នានា ​ដែលមិនទាន់មានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់។ 
 
«ការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច អាចល្មើស នឹងបទប្បញ្ញត្តិ ស្តីពីធ្លាគម្លាតនគរូបនីយកម្ម និងអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភ័ណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន»។ នេះជាការបញ្ជាក់របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នៅក្នុងលិខិតនោះ ដោយលោក បានគូសបញ្ជាក់ថា ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាការដ្ឋានសំណង់ ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់។
 
គួរកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២២នេះ ក្រសួងដែនដី បានចេញនូវគោលការណ៍​ថ្មីមួយ ដើម្បីពង្រឹងវិស័យសំណង់នៅកម្ពុជា នោះគឺការត្រួតពិនិត្យជាមុនសិន មុននឹងចេញលិខិត អនុញ្ញាតឲ្យសំណង់ណាមួយចាប់ផ្តើមដំណើរការសាងសង់។ ទោះជាយ៉ាងណា គោលការណ៍នេះ មិនគ្រប់ដណ្តប់​ចំពោះ​សំណង់ ជាពិសេសសំណង់ជាផ្ទះរបស់ប្រជាពលរដ្ឋ ដែលមានផ្ទៃតូចជាង៥០០ម៉ែត្រការ៉េ ​នោះទេ។ គោលការណ៍ថ្មី កំណត់ថា សំណង់រដ្ឋ ចាំបាច់ត្រូវមានការត្រួតពិនិត្យ ដោយក្រុមការងារជំនាញរបស់ក្រសួងដែនដីជាមុនសិន មុននឹងផ្តល់លិខិតអនុញ្ញាតឲ្យសាងសង់សំណង់នោះ ហើយសំណង់ឯកជន ចាំបាច់ត្រូវមានការត្រួតពិនិត្យដោយក្រុមហ៊ុនឯកជន និងអ្នកមានវិជ្ជាជីវៈជាមុនសិន មុននឹងត្រូវផ្តល់លិខិតអនុញ្ញាតឲ្យសាងសង់សំណង់នោះ។ ក្រុមហ៊ុន និងអ្នកមានវិជ្ជាជីវៈ អាចត្រួតពិនិត្យសំណង់ឯកជនបាន លុះត្រាតែទទួលបានអាជ្ញាបណ្ណពីក្រសួងដែនដី៕
 
 
 
 
 
 
 

Tag:
 សំណង់
 វិស្វករ
 ជា សុផារ៉ា
  ក្រសួងដែនដី
© រក្សាសិទ្ធិដោយ thmeythmey.com