កីឡាជាតិ
ជាតិ
ក្រោនទទួលណាហ្គា ថាយហ្គឺរទៅដីព្រះខ័នរាជ ទ័ពប៉ះវិសាខា ក្រោយបឹងកេតតទល់ជាមួយគិរីវង់
09, Apr 2022 , 3:42 pm        
រូបភាព
ANDRES NIETO របស់ភ្នំពេញ_ក្រោន រកបាន_៣គ្រាប់_នាជ័យជម្នះ ៦-១លើគិរីវង់កាលពីសប្តាហ៍ទី៥។ រូបថត CPL
ANDRES NIETO របស់ភ្នំពេញ_ក្រោន រកបាន_៣គ្រាប់_នាជ័យជម្នះ ៦-១លើគិរីវង់កាលពីសប្តាហ៍ទី៥។ រូបថត CPL
សប្តាហ៍ទី៦នៃ​ក្របខណ្ឌ​ខេមបូឌាន​ព្រីមៀលីគ (Cambodian Premier League) នា​រសៀលថ្ងៃសៅរ៍ នេះ បឹងកេតស្វាគមន៍​អង្គរ​ថាយហ្គឺរ នា​វេលាម៉ោង​៣ និង​៤៥នាទី នៅមុន​ជំនួប​បីគូទៀត​នា​វេលាម៉ោង​៦ និង៣០នាទី។ ក្នុងនោះ ភ្នំពេញក្រោនត្រូវស្វាគមន៍ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀងទទួល ​អង្គរថាយហ្គឺរ ខណៈកងយោធពលខេមរភូមិន្ទ (Tiffy Army) តទល់ជាមួយភ្ញៀវវិសាខា។

 
ភ្នំពេញក្រោន​ទើប​ទទួលបាន​ជ័យ​ជម្នះ​លើកដំបូង​ប្រចាំរដូវកាល ក្រោយឈ្នះ​គិរីវង់សុខសែនជ័យ ៦-១ ខណៈណាហ្គាវើលដ៍ ធ្វើ​ឲ្យ​ព្រះខ័នរាជស្វាយរៀងបញ្ចប់​កំណត់ត្រាឈ្នះរហូត តាមរយៈការសម្រេចបានគ្រាប់បាល់តាមស្មើ ១-១ នាសប្តាហ៍ទី​៥។
 
សម្រាប់ជំនួបនៅ​កីឡដ្ឋានស្មាត អ.អេស.អិន នេះ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ទំនងជា មានវត្តមាន ឡើងវិញ ក្រោយពីសម្រាកព្យាបាលរបួសអស់រយៈពេលប្រមាណជាង២ខែ ។ ពត៌មានលម្អិតយ៉ាងណា ក្លិបមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ។ ដោយឡែក ណាហ្គាវើលដ៍ ៤ប្រកួតចុងក្រោយឈ្នះ៣ និងស្មើ១ ហើយ​មិនមាន​បញ្ហាកីឡាករនោះឡើយ។ 
 
 
នៅឯកីឡដ្ឋាន​ខេត្តស្វាយរៀងឯណោះវិញ  ក្រុមកំពូល​តារាង​ព្រះខ័នរាជស្វាយរៀងស្វាគមន៍អង្គរថាយហ្គឺរ ដែល​កំពុងឡើង​ជើង។ ទោះត្រឹមស្មើណាហ្គា ក្រុម​ម្ចាស់ផ្ទះបន្តឈរ​លើកំពូលតារាង និង​បន្តរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ ខណៈអង្គរថាយហ្គឺរពីខេត្តសៀមរាប នឹង​បន្ត​ប្រកួត​ប្រកបដោយការជឿជាក់ ដូចជាអ្វីដែលពួកគេបាន​តាម​វាយ​បក​យកឈ្នះ Tiffy Army ៥-៤។
 
ស្របពេលជាមួយគ្នា Tiffy Army បើកកីឡដ្ឋានស្តាតចាស់ ស្វាគមន៍វិសាខា ដែល​ខក​ចិត្ត​ដូចគ្នា ​កាលពីសប្តាហ៍ទី​៥។ នាបរាជ័យនៅទឹកដីសៀមរាប Tiffy Army បាត់បង់សមាជិកម្នាក់ ដោយ ឈិន ឈឿន ទទួលបាន​កាតក្រហម រីឯវិសាខា បានចាញ់​បឹងកេត ២-១។ 
 
ដោយឡែក ជំនួប​ដំបូងប្រចាំសប្តាហ៍ បឹងកេត ស្វាគមន៍គិរីវង់សុខសែនជ័យ នា​កីឡដ្ឋានខេមបូឌាអ៊ែរវេ។ ម៉ាត់ ណូរុន និង សៀង ចន្ធា នៅតែជាដៃគូរដល់ល្អក្នុងការជួយបឹងកេតឲ្យបាន៣ពិន្ទុកាលពីសប្ដាហ៍ទី៥ ខណៈគិរីវង់សុខសែនជ័យ នៅតែបន្តស្វែងរកជ័យជម្នះ​លើក​ដំបូង។ ក្លិបពីខេត្តតាកែវ បាន​បញ្ជាក់ថា ទោះលទ្ធផល​មិនគាប់ប្រសើរ ប៉ុន្តែបានកែប្រែ និងអភិវឌ្ឍជាច្រើន ហើយក្លិបត្រូវការពេលវេលាបន្ថែម ដើម្បីពង្រឹងសមត្ថភាពកីឡាករ។
 
ចំពោះចំណាត់ថ្នាក់បណ្តោះអាសន្នគិត​ត្រឹមសប្តាហ៍ទី៥ ព្រះខ័នរាជស្វាយរៀង បន្តឈរលេខ​១ (១៣ពិន្ទុ) តាមពីក្រោយដោយណាហ្គាវើលដ៍ (១០ពិន្ទុ), បឹងកេត (៩ពិន្ទុ), វិសាខា, អង្គរថាយហ្គឺរ (៧ពិន្ទុ), ភ្នំពេញក្រោន (៥ពិន្ទុ), Tiffy Army (៤ពិន្ទុ) និង​គិរីវង់សុខសែនជ័យ (១ពិន្ទុ)។ 
 
កីឡាករ​ដែលទទួលបានស្លាករង្វាន់ជាកីឡាករល្អប្រចាំការប្រកួត​សប្តាហ៍ទី៥ (Man of the Match) រួមមាន Takumu Nishihara (Tiffy Army), ម៉ាត់ ណូរុន (បឹងកេត), Andres Nieto (ភ្នំពេញក្រោន) និង មិន រតនៈ (ព្រះខ័នរាជស្វាយរៀង)។
 
ជាមួយគ្នានេះ ខ្សែប្រយុទ្ធកាណាដា Marcus Haber នៃក្លិបព្រះខ័នរាជស្វាយរៀង បន្តឈរលេខមួយ​ក្នុង​បញ្ជីកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេដោយរក​បាន​៨គ្រាប់ ម៉ាត់ នូរុណ (បឹងកេត), Andres Nieto (ភ្នំពេញក្រោន) ម្នាក់​៤គ្រាប់ រីឯ Takumu Nishihara (Tiffy Army), Silva Gabriel, Keaveny Joseph (អង្គរថាយហ្គឺរ), Fareed Sadat (ភ្នំពេញក្រោន) រកបានម្នាក់៣គ្រាប់៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com