ជាតិ
ជីផាត អារ៉ែង បណ្តា​ឆ្នេរ និងកោះ​ ជាតំបន់ទេសចរណ៍​ដ៏មានសក្តានុពល​នៅកោះកុងនាឱកាសចូលឆ្នាំ
09, Apr 2022 , 8:59 am        
រូបភាព
ដោយ៖ ហេង ស្រីលីន

ភ្ញៀវទេសចរ បានកក់កន្លែងស្នាក់នៅ ក្នុងខេត្តកោះកុង ដើម្បីទៅលេងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ។​​​​​ ភ្ញៀវនឹងទៅលេង តាមតំបន់ទេសចរណ៍ពេញនិយមជាច្រើនកន្លែង ក្នុងនោះក៏មាន ដូចជាតំបន់សហគមន៍ជីផាត អារ៉ែង ព្រមទាំងការកម្សាន្តតាមឆ្នេរ និងកោះ។

 
ខេត្តកោះកុង​សម្បូរ តំបន់ទេសចរណ៍ល្បីៗជាច្រើនដូចជា រមណីយដ្ឋានព្រៃកោងកាងពាមក្រសោប រមណីយដ្ឋានអេកូទេសចរណ៍តាតៃ តំបន់ប្រជុំកោះ ឆ្នេរ ស្រុកគិរីសាគរ រួមទាំងកន្លែងពេញនិយមជាច្រើនទៀត។ លើសពីនេះ ខេត្តកោះកុង តែងតែមានភ្ញៀវទៅកម្សាន្ត នាថ្ងៃចុងសប្តាហ៍ និងពិធីបុណ្យទានផ្សេងៗ។
 
ជាមួយគ្នានេះ លោក ឃឹម​ ចន្ទឌី អភិបាលរងខេត្តកោះកុង ប្រាប់សារព័ត៌មានថ្មីៗ២៥ ថា ភ្ញៀវទេសចរនឹងមកកម្សាន្តច្រើន នាបុណ្យចូលឆ្នាំខ្មែរ។ ជាក់ស្តែង កន្លែងស្នាក់នៅទាំងអស់ ក្នុងខេត្តកោះកុង ត្រូវបានភ្ញៀវបានកក់បណ្តើរៗ។ ក្នុងនោះ ​បន្ទប់ប្រមាណ៤០ភាគរយ នៃបន្ទប់សរុប ត្រូវបានភ្ញៀវកក់រួចរាល់ សម្រាប់ត្រៀមបុណ្យចូលឆ្នាំខ្មែរ។
 
លោក ឃឹម ចន្ទឌី បន្ថែមថា៖ «​ ភ្ញៀវទេសចរតែងសម្រុកមកលេងនៅខេត្តនេះ​ ច្រើនកុះករ ហើយតែងតែខ្វះបន្ទប់ ដើម្បីទទួលភ្ញៀវទេសចរ។ ខ្ញុំសង្ឃឹមថា ឆ្នាំនេះខេត្តកោះកុង នឹងទទួលបានទេសចរកាន់តែច្រើន ជាងឆ្នាំមុនៗទៀត។»
 
លើសពីនេះ ផ្ទះស្នាក់ក្នុងសហគមន៍ជាង៤០កន្លែង ក្នុងសហគមន៍ជីផាត និងអារ៉ែង ក៏ជាគោលដៅយ៉ាងសំខាន់ សម្រាប់ភ្ញៀវ នាបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ភ្ញៀវទេសចរ ភាគច្រើន នឹងទៅកម្សាន្តតំបន់សម្បូរទៅដោយធនធានធម្មជាតិ និងមានបរិយាកាសស្ងប់ស្ងាត់។
 
លោក ឃឹម ចន្ទឌី បានសំណូមពរដល់ អាជីវករទាំងអស់ កុំដំឡើងថ្លៃហួសហេតុ និងចូលរួមអនុវត្ត ឱ្យបានជាប្រចាំនូវវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីឱ្យខេត្តកោះកុង ក្លាយជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ក្នុងប្រទេសកម្ពុជា។ រដ្ឋបាលខេត្តកោះកុង ក៏បានរៀបចំសោភ័ណភាពក្នុងខេត្ត និងតំបន់គោលដៅទេសចរណ៍រួចរាល់ ដើម្បីត្រៀមទទួលទេសចរថ្ងៃចូលឆ្នាំខាងមុខ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com