កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ប្រទេសទាំងអស់សប្បាយចិត្ត ដោយកម្ពុជា ធ្វើស៊ីហ្គេមលើកដំបូង តែយើងធ្វើបានល្អ
08, Apr 2022 , 6:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ រូបពី VDO សម្ផាស របស់ Camsoc
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ រូបពី VDO សម្ផាស របស់ Camsoc
កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF-Council) ប្រព្រឹត្តធ្វើទៅនៅថ្ងៃទី៨-១០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។ ប្រទេសជាសមាជិក ដែលបានចូលរួមបានគាំទ្ររាល់ប្រភេទកីឡា ដែលកម្ពុជាបានដាក់បញ្ចូលទៅក្នុងការប្រកួត ស៊ីហ្គេមលើកទី៣២ ។


ចាប់ផ្ដើមកិច្ចប្រជុំនាថ្ងៃទី១នេះ កម្ពុជាទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីបណ្ដាប្រទេសដែលចូលរួម ។ វាជាកិច្ចប្រជុំដំបូង ដែលកម្ពុជា បានធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។ 
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រាប់ដល់អ្នកសារពត៌មានថា ប្រទេស ជាសមាជិកមិនជំទាស់ទៅលើប្រភេទកីឡាមួយណា ដែលកម្ពុជាបានដាក់ចូលទៅក្នុងការប្រកួតនោះទេ ។ កម្ពុជា ទទួលបានការគាំទ្រពីបណ្ដាសមាជិកទាំងនោះ ។ 
 
«ប្រទេសទាំងអស់សប្បាយចិត្ត ដោយកម្ពុជា ធ្វើជា(ម្ចាស់ផ្ទះស៊ីហ្គេម)លើកដំបូង តែយើងធ្វើបានល្អ» ។ លោក វ៉ាត់ ចំរើន និយាយដូចនេះ ។
 
បើតាមលោក ចំរើន កិច្ចប្រជុំនេះ ក៏បានដាក់ការរបៀបវារៈស្ដីអំពី ការលក់សិទ្ធចែកចាយ ចំពោះការផ្សព្វផ្សាយនានាផងដែរ។ ប្រទេសចូលរួមទាំងអស់ មានស្មារតីដូចកម្ពុជាដែរ ដោយចង់ឲ្យការចែកចាយផ្សព្វផ្សាយ មានភាពទូលំទូលាយ ជាពិសេសការលក់សិទ្ធទៅឲ្យស្ថានីយ៍ទូរទស្សន៍ ។ 
 
អគ្គលេខាធិការរូបនេះ បន្ថែមថា៖«ការលក់សិទ្ធទូរទស្សន៍ គឺជាការលក់សិទ្ធទាំងអស់របស់ប្រទេស របស់កីឡាករទាំងអស់ ដែលបានមកប្រកួត ។ ដូចនេះ ត្រូវមានការបែងចែកផលប្រយោជន៍គ្នាទៅវិញទៅមក តែអ្វីដែលត្រូវតែមានការឯកភាពគ្នានោះ គឺការឯកភាពគ្នាទៅលើកការផ្លាស់ប្ដូរធម្មនុញ្ញរបស់ស៊ីហ្គេម ដែលធម្មនុញ្ញនេះ មានការក្បិតក្បៀតទៅលើការលក់សិទ្ធទូរទស្សន៍ ។ កម្ពុជា បានបើកផ្លូវ ដោយប្រទេសទាំងអស់មានការគាំទ្រ សម្រាប់ពិភពលោកមួយនេះ មានការផ្សព្វផ្សាយទូលំទូលាយ» ។ 
 
ម្ចាស់ផ្ទះកម្ពុជា ចង់ឲ្យការផ្សព្វផ្សាយមានភាពទូលំទូលាយ អាចឲ្យសង្គម និងពិភពលោកទាំងមូល បានយល់ដឹងពីវិស័យកីឡាផ្សេងៗ ជាពិសេសយុវជន ដែលពួកគេកំពុងស្រឡាញ់នូវវិស័យកីឡា ។ ម្យ៉ាងវិញទៀត អត្ថប្រយោជន៍ពីការលក់សិទ្ធផ្សព្វផ្សាយ នឹងត្រូ​វបានចែកដល់គណៈកម្មការជាសមាជិកទាំងអស់ ។ នេះ គឺជាការឯកភាពមួយ ដែលប្រទេសទាំងអស់ពេញចិត្តក្នុងការចូលរួមជាមួយកម្ពុជា ។ នេះបើតាមលោក វ៉ាត់ ចំរើន។
 
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មាន១១ប្រទេសចូលរួម បើទោះជាមានប្រទេសខ្លះមិនបានមកផ្ទាល់ តែក៏បានចូលប្រជុំតាមរយៈប្រព័ន្ធOnline ហើយបានទទួលការពេញចិត្តយ៉ាងខ្លាំង ៕
 

Tag:
 ស៊ីហ្គេម
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com