ជាតិ
អ្នកប្រឹក្សាឲ្យជនជាតិដើមភាគតិច លោក គ្រឿង តុលា នឹងចូលតុលាការ តាមបណ្ដឹងបរិហាកេរ្តិ៍ និងញុះញង់
08, Apr 2022 , 7:59 pm        
រូបភាព
 លោក គ្រឿង តុលា អ្នកប្រឹក្សាយោបល់នៃបណ្ដាញជនជាតិដើមភាគតិចនៅមណ្ឌលគិរី។ រូបពីហ្វេសប៊ុកលោក តុលា
លោក គ្រឿង តុលា អ្នកប្រឹក្សាយោបល់នៃបណ្ដាញជនជាតិដើមភាគតិចនៅមណ្ឌលគិរី។ រូបពីហ្វេសប៊ុកលោក តុលា
ភ្នំពេញ៖ លោក គ្រឿង តុលា អ្នកប្រឹក្សាយោបល់នៃបណ្ដាញជនជាតិដើមភាគតិចនៅមណ្ឌលគិរី ថា លោកនឹងចូលបំភ្លឺក្នុងតុលាការតាមការកោះហៅ ពាក់ព័ន្ធនឹងការជួយអន្តរាគមន៍លើវិវាទដីធ្លី រវាងពលរដ្ឋជនជាតិដើមភាគតិច និងក្រុមហ៊ុនវីឡា ឌីវេឡុបមេន។

 
ដីកាកោះហៅរបស់ព្រះរាជអាជ្ញារង លោក អ៊ាង សុគន្ធ បានហៅលោក គ្រឿង តុលា ចូលបំភ្លឺនៅចុងខែមេសានេះ តាមបណ្ដឹងរបស់ កាក់ រតនា។ ដីកាកោះហៅរបស់តុលាការ កាលពីចុងខែមីនា បានបញ្ជាក់ថា កាក់ រតនា បានប្ដឹងជនជាតិដើមភាគតិច៤រូប រួមមានឈ្មោះ ផ្លឹក ភឺរុំ, ផ្លឹក ណារី, ខ្លើង ទុំ និងគ្រឿង តុលា។ ដើមបណ្ដឹងនោះ បានប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ(Thmey Thmey) នៅថ្ងៃទី៨ មីនានេះ លោក គ្រឿង តុលា បញ្ជាក់ថា លោកនឹងចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី២៦ មេសា ។ អ្នកប្រឹក្សាយោបល់នៃបណ្ដាញជនជាតិដើមភាគតិចនៅមណ្ឌលគិរីរូបនេះ បានអះអាងថា លោកគ្រាន់តែជាអ្នកជួយសម្របសម្រួលពលរដ្ឋកុំឲ្យបង្កហិង្សាប៉ុណ្ណោះ ក្នុងករណីវិវាទដីធ្លីរវាងពលរដ្ឋជនជាតិដើមភាគតិច និងក្រុមហ៊ុនវីឡា ឌីវេឡុបមេន ។ ចំពោះ ការចែកចាយព័ត៌មានបន្តលើបណ្ដាញសង្គមវិញ លោក អះអាងថា សុទ្ធតែជាព័ត៌មានពិត។ 


 ពលរដ្ឋនិងក្រុមហ៊ុនវីឡា ឌីវេឡុបមេន ផ្ទុះការតវ៉ាកាលពីថ្ងៃទី១៥មីនា ឆ្នាំ២០២០។ រូបពីហ្វេសប៊ុករបស់លោក តុលា

លោកថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃហ្នឹង(ថ្ងៃកើតហេតុជម្លោះពលរដ្ឋ និងក្រុមហ៊ុន) មានមន្រី្តទូរស័ព្ទមកខ្ញុំថា តុលា ឥឡូវមានរឿងធំហើយ! ពលរដ្ឋអាចនឹងបង្កហិង្សា មានតែ តុលា ទេ ជួយពន្លត់កំហឹងហ្នឹង ហើយខ្ញុំក៏ទាក់ទងទៅពលរដ្ឋ ស្នងការ និងខាងមន្ទីរបរិស្ថាន ជួយអន្តរាគមន៍ ដើម្បីឲ្យជួយកុំឲ្យមានហិង្សា។ ឥឡូវឃើញប្ដឹងខ្ញុំអ៊ីចឹងវិញ វាជារឿងចម្លែកបំផុតសម្រាប់ខ្ញុំ»។ 
 
កន្លងមកលោក គឿង តុលា បានសរសេរលើហ្វេសប៊ុកថា មានករណីផ្ទុះការតវ៉ា រវាងពលរដ្ឋការពារដីធ្លីព្រៃឈើរដ្ឋ និងក្រុមហ៊ុនមួយ ដែលគ្រប់គ្នាតែងហៅថា «យឹមលុច» (ក្រុមហ៊ុនវីឡា ឌីវេឡុបមេន ខូអិលធីឌី ) ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ ចំណុចនេះ លោក គឿង តុលា បកស្រាយថា ឈ្មោះ យឹមលុច គឺជាបុគ្គលមានតួនាទីនៅក្រុមប្រឹក្សាខេត្ត ដែលអាចពាក់ព័ន្ធនឹងក្រុមហ៊ុនវីឡា ឌីវេឡុបមេន ខូអិលធីឌី ទើបពលរដ្ឋនៅទីនោះ ហៅភ្ជាប់ថា «ក្រុមហ៊ុន យឹមលុច» ។ បើតាមលោក តុលា មូលហេតុដែលអ្នកភូមិជនជាតិដើមភាគតិចនៅទីនោះ ហៅក្រុមហ៊ុន វីឡា ឌីវេឡុបមេន ខូអិលធីឌី ថា ក្រុមហ៊ុន យឹម លុច ដោយសារពួកគេមិនសូវដឹង និងមិនចេះអានភាសាបរទេសឡើយ ទើបហៅឈ្មោះក្រុមហ៊ុន ភ្ជាប់នឹងឈ្មោះបុគ្គលបែបនេះ ។ 
 
ក្រោយលោក គឿង តុលា បានទទួលព័ត៌មាននេះ ហើយសរសេរលើហ្វេសប៊ុកថា ខាងក្រុមហ៊ុន យឹម លុច (ហៅតាមពលរដ្ឋ) បានកាយក្រវ៉ាត់ព្រំដី ហើយថែមទាំងឈូសឆាយដីព្រៃសហគមមក។ ស្រាប់តែមានបណ្ដឹងលើលោក តុលា ពីបទបរិហាកេរ្តិ៍ទៅវិញ។ ជុំវិញការប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈនេះ លោក គឿង តុលា មិនច្បាស់ថា ភាគីខាងក្រុមហ៊ុនប្ដឹងពីអ្វីនោះទេ។ 
 
កន្លងមកពលរដ្ឋ ក៏បានប្ដឹងក្រុមហ៊ុនវីឡា ឌីវេឡុបមេន ខូអិលធីឌី ទៅតុលាការផងដែរ។ យោងតាមពាក្យបណ្ដឹងរបស់តំណាងប្រជាពលរដ្ឋ ដែលបានបណ្ដឹងឈ្មោះ កាក់ រតនា នាយិកាក្រុមហ៊ុនវីឡា ឌីវេឡុបមេន ខូអិលធីឌី ដែលនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ពីបទ កាប់រុករានឈូសឆាយព្រៃសាធារណៈ និងបំផ្លិចបំផ្លាញដើមជ័រទឹកនៃដែនជម្រកសត្វព្រៃភ្នំព្រិច។​ ពួកគេស្នើឲ្យភាគីក្រុមហ៊ុនវាស់វែងដីជាក់ស្ដែង ដោយការចូលរួមគ្រប់ភាគីពាក់ព័ន្ធ។ លើសពីនេះ ពលរដ្ឋសុំឲ្យក្រុមហ៊ុនប្រគល់ដី ដែលបានឈូសឆាយឲ្យសហគមន៍វិញ ហើយស្នើឲ្យមានការផ្តន្ទាទោស ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើស៕  
 

Tag:
 ដីធ្លី
  ជនជាតដើមភាពតិច
© រក្សាសិទ្ធិដោយ thmeythmey.com