ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ បង្គាប់សមត្ថកិច្ច ឲ្យនាំខ្លួនលោក សៀម ភ្លុក ស្ថាបនិកបក្សបេះដូងជាតិ
08, Apr 2022 , 5:07 pm        
រូបភាព
លោក លិ សុខា ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បានបង្គាប់ទៅសមត្ថកិច្ច ឲ្យនាំលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ទៅឲ្យលោក មុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីសាកសួរពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង។ ដីការបស់លោកចៅក្រមស៊ើបសួរ ចេញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។


លោក សៀម ភ្លុក ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ថា ការបង្គាប់សមត្ថកិច្ច ឲ្យនាំខ្លួនលោក គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។ លោក បញ្ជាក់ថា៖«ខ្ញុំ នឹងពិភាក្សាជាមួយមេធាវីរបស់ខ្ញុំ ថាតើ ខ្ញុំ គួរចូលខ្លួនមុនថ្ងៃកំណត់ ឬឲ្យសមត្ថកិច្ចនាំខ្លួនខ្ញុំទៅ។ ខ្ញុំ មិនរត់គេចទេ»។ 
 
ចៅក្រមស៊ើបសួរ អះអាងក្នុងដីកាថា សមត្ថកិច្ច បានបញ្ជូនដីកាលើកទី១ ទៅកាន់អាសយដ្ឋានរបស់លោក សៀម ភ្លុក គឺផ្ទះលេខ៩២E1 ផ្លូវលេខ១៩៣ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តែអាសយដ្ឋានរបស់លោក ត្រូវបានបិទតាំងឆ្នាំ២០២១មកម្ល៉េះ ហើយសមត្ថកិច្ច មិនអាចទាក់ទងលោកបានថែមទៀត។ ចៅក្រមស៊ើបសួរ បន្តថា ដើម្បីធានាដល់ការស៊ើបសួរ សមត្ថកិច្ច គប្បីនាំខ្លួនលោក សៀម ភ្លុក ទៅឲ្យចៅក្រមស៊ើបសួរ។ 
 
លោក សៀម ភ្លុក លើកឡើងថា លោក ពិតជារស់នៅក្នុងអាសយដ្ឋានខាងលើមែន តែអាសយដ្ឋានរបស់លោក ពុំបានបិទចោលដូចការអះអាងក្នុងដីការបស់ចៅក្រមស៊ើបសួរនោះទេ។ លោក បញ្ជាក់ថា៖«ខ្ញុំ រស់នៅហ្នឹងជាអចិន្ត្រៃយ៍តើ»។ 
 
កាលពីខែកុម្ភៈ ឆ្នាំ២០២២ ចៅក្រមស៊ើបសួរ បានចេញដីកាម្តងរួចមកហើយ ដោយបង្គាប់ឲ្យលោក សៀម ភ្លុក ចូលទៅបំភ្លឺ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ លោក អះអាងថា ពុំបានទទួលដីកាលើកទី១នេះជាផ្លូវការទេ ហើយលោក ក៏ពុំបានឃើញដីកា ដែលបិទនឹងអាសយដ្ឋានរបស់លោកដែរ។ 
 
ស្ថាបនិកគណបក្សបេះដូងជាតិរូបនេះ បន្តថា ដោយសារលោក ពុំបានទទួលដីកាដោយផ្ទាល់ដៃ និងមិនបានឃើញបិទនៅនឹងអាសយដ្ឋានរបស់លោក ទើបលោក សម្រេចមិនចូលទៅបំភ្លឺតាមការបង្គាប់របស់ចៅក្រមស៊ើបសួរ ហើយមេធាវីរបស់លោក ក៏ផ្តល់យោបល់មិនឲ្យលោក ចូលទៅបំភ្លឺដែរ។ លោក បន្ថែមថា សូម្បីដីកាលើកទី២នេះ ដែលចៅក្រមស៊ើបសួរ បង្គាប់សមត្ថកិច្ចឲ្យនាំខ្លួនលោក ក៏លោក មិនទាន់បានទទួលជាផ្លូវការពីសមត្ថកិច្ចដែរ។ 
 
មិនមែនមានតែលោក សៀម ភ្លុក ទេ នៅមានមន្រ្តីគណបក្សបេះដូងជាតិជាង២០នាក់ទៀត ដែលរងការចោទប្រកាន់ពីបទបន្លំ និងប្រើប្រាស់លិខិតក្លែង។ លោក សៀម ភ្លុម និយាយចំពោះករណីរបស់លោកថា ការចោទប្រកាន់លើលោក ហាក់ដូចជាចេតនានយោបាយច្រើនជាង។   
 
លោក សៀម ភ្លុក និងស្ថាបនិកផ្សេងទៀត បានរួមគ្នាបង្កើតគណបក្សបេះដូងជាតិ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ តែមិនអាចបង្កើតឡើងបាន ដោយសារក្រសួងមហាផ្ទៃ មិនព្រមចុះបញ្ជីឲ្យ។ ក្រសួងមហាផ្ទៃ សម្រេចមិនចុះឈ្មោះគណបក្សបេះដូងជាតិ ទៅក្នុងបញ្ជីគណបក្សនយោបាយ ដោយសាររកឃើញថា ស្ថាបនិក និងមន្រ្តីរបស់គណបក្សបេះដូងជាតិ ក្លែងបន្លំស្នាមមេដៃក្នុងការបង្កើតគណបក្សនេះ។ មិនត្រឹមមិនចុះបញ្ជីឲ្យគណបក្សបេះដូងជាតិទេ តែក្រសួងមហាផ្ទៃ នៅបានប្តឹងស្ថាបនិក និងមន្រ្តីជាង២០នាក់នៃគណបក្សនេះ ទៅតុលាការថែមទៀត ពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង។ 
 
យ៉ាងណាក៏ដោយ លោក សៀម ភ្លុក ធ្លាប់ច្រានចោលចំពោះការចោទប្រកាន់ថា គណបក្សបេះដូងជាតិ ក្លែងបន្លំស្នាមមេដៃ ហើយលោក ចាត់ទុកការចោទប្រកាន់នេះ ថាមិនមែនជាការពិតឡើយ៕  
 
 

Tag:
 សៀម ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com