ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន មើលឃើញពីផលវិជ្ជមាននៃការកំណែទម្រង់គោលនយោបាយសារពើពន្ធ
08, Apr 2022 , 8:59 pm        
រូបភាព
 កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាននិងទេសាភិបាលធនាគារកណ្តាលអាស៊ានតាមរយអនឡាញ។ រូបភាព ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាននិងទេសាភិបាលធនាគារកណ្តាលអាស៊ានតាមរយអនឡាញ។ រូបភាព ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ ៖ ធន់ សេងហុង 

ភ្នំពេញ ៖ តួនាទីសំខាន់នៃគោលនយោបាយសារពើពន្ធ ជាមួយការអភិវឌ្ឍបៃតងក្នុងការធានាឱ្យបាននូវការស្តារសង្គមសេដ្ឋកិច្ចក្នុងតំបន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្លាយជាប្រធានបទធំមួយ ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី​០៧ មេសា។


 
ស្របពេលបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ កំពុងប្រឈមនឹងការកើនឡើងតម្រូវការចំណាយនោះ ការពង្រឹងអភិបាលកិច្ចចំណាយសាធារណៈ គឺជាគន្លឹះមួយដ៏សំខាន់នៃការគ្រប់គ្រងឱ្យបានល្អប្រសើរនូវស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាល​ ។ ទន្ទឹមនឹងនេះ ការបង្កើនចំណូលបន្ថែម តាមរយៈការពង្រឹងគុណភាពគោលនយោបាយពន្ធ, ការពង្រីកមូលដ្ឋានយកពន្ធ និងការពង្រឹងប្រសិទ្ធភាពនៃរដ្ឋបាលពន្ធ គឺជាកិច្ចការដ៏មានអាទិភាពបំផុត ដើម្បីធានាចីរភាពសារពើពន្ធ។
 
ពាក់ព័ន្ធនិងការកែទម្រង់សារពើពន្ធ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី Lawrence Wong បានលើកឡើងថា  ការផ្តោតលើសារៈសំខាន់នៃការប្រមូលពន្ធ  ប្រកបសមធម៌ និងមានចរិតកើនឡើងស្របតាមកាំប្រាក់ចំណូល ឬមូលដ្ឋានយកពន្ធជាក់ស្តែង ( Fair and progressive tax collection ) គឺជាការអនុវត្តវិធានការសារពើពន្ធ ក្នុងការដោះស្រាយនូវផលប៉ះពាល់ផ្សេងៗ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ។
 
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុកម្ពុជា​ បានលើកឡើងថា ការគិតគូរគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបញ្ញាប្រឈមផ្នែកសារពើពន្ធ ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញនោះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួតរវាងប្រទេសជាសមាជិក និងបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
 
« កម្ពុជា​បាន​ ផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងប្រសិទ្ធភាពថវិកា ព្រមទាំងកម្រិតវិភាជ និងប្រតិបត្តិការ ការកែលម្អរដ្ឋបាលពន្ធ និងធ្វើវារណកម្ម គោលនយោបាយពន្ធ ក៏ដូចជាការពង្រឹងការធ្វើពិពិធកម្មមូលដ្ឋាននៃការប្រមូលចំណូលដើម្បីធានាឱ្យបាន​នូវចីរភាពហិរញ្ញវត្ថុសាធារណៈ ទន្ទឹមការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ឱ្យត្រលប់ទៅគន្លង​នូវកំណើនសក្តានុពល »។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានស្រង់សម្តី លោក អូន ព័ន្ធមុនីរ័ត្ន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ឋអាស៊ាន។
 
គោលនយោបាយសារពើពន្ធ ត្រូវបានជជែកវែកញែក ក្នុងសន្និសីទជាន់ខ្ពស់រួមមួយ ក្រោមប្រធានបទ « ហិរញ្ញប្បទានប្រកបដោយចីរភាព ៖ ការកៀងគរហិរញ្ញប្បទានសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ » ដែលធ្វើឡើងតាមរយៈអនឡាញ ។ កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្រ្តីហិរញ្ញវត្ថុ ទាំង១០ប្រទេសនៃសមាជិកអាស៊ាន ជាមួយបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រឹះស្ថានស្រាវជ្រាវជាច្រើនទៀត។ 
 
នៅក្នុងសន្និសីទជាន់ខ្ពស់ក្រោមប្រធានបទ « ហិរញ្ញប្បទានប្រកបដោយចីរភាព ៖ ការកៀងគរហិរញ្ញប្បទានសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ » ដែលធ្វើឡើងតាមរយៈអនឡាញ មានការចូលរួមពីរដ្ឋមន្រ្តីហិរញ្ញវត្ថុទាំង១០ប្រទេសនៃសមាជិកអាស៊ាន  ជាមួយបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រឹះស្ថានស្រាវជ្រាវជាច្រើនទៀត នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
៣ខែដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូល ពន្ធ-អាករគ្រប់ប្រភេទបានជាង៥០០លានដុល្លារ។ ចំណូលពន្ធដែលប្រមូលបានសម្រាប់ថវិកាជាតិនេះ គឺកើនដល់២២,៦៩ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕
 

Tag:
 គោលនយោបាយសារពើពន្ធ អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com