ជាតិ
គម្រោង «ម៉ាស់២» ជួយកសិករប្រមាណ២០០០នាក់ លើដំណាំ​បន្លែសុវត្ថិភាព
09, Apr 2022 , 10:59 am        
រូបភាព
កសិករចំនួន ១៧០២នាក់នៅខេត្តកណ្ដាល និងតាកែវ កំពុងទទួលផលពីការដាំបន្លែសុវត្ថិភាព ដែលគាំទ្របច្ចេកទេស និងទីផ្សារដោយគម្រោង«ពង្រីកសេវាកសិកម្ម និងសិទ្ធិលក់ដូរខ្នាតតូច(ម៉ាស់២)» របស់អង្គការទស្សនៈពិភពលោក ក្រោមជំនួយថវិកា ៤លានដុល្លារពីអូស្រ្តាលី។ បន្លែសុវត្ថិភាពមានតម្លៃខ្ពស់ និងទីផ្សារច្រើន ខណៈកម្ពុជាកំពុងខ្វះខាតបន្លែប្រភេទនេះពី២០ ទៅ៣០ភាគរយទៀត។


លោក ឃិត សុភឿន អ្នកបច្ចេកទេសក្នុងគម្រោងម៉ាស់២ របស់អង្គការទស្សនៈពិភពលោក បានលើកឡើងថា «ម៉ាស់២» កំពុងប្រែក្លាយកសិករពីការដាំបន្លែគីមី ទៅដាំបន្លែសុវត្ថិភាព តាមខេត្តគោលដៅចំនួន ២ ក្នុងនោះខេត្តកណ្ដាល មាន២ស្រុកគឺស្អាង និងខ្សាច់កណ្ដាល និងតាកែវ មាន ៥ស្រុក រួមមាន គីរីវង់ កោះអណ្ដែត បុរីជលសារ ទ្រាំង និងស្រុក​សំរោង។
«ម៉ាស់២» ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពកសិករ តាមរយៈការផ្ដល់បច្ចេកទេស ពូជ និងចំណេះដឹងពាក់ព័ន្ធនឹងការដាំបន្លែសុវត្ថិភាព។ មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏បានជួយផ្ដល់ទីផ្សារ ដល់ប្រជាកសិករផងដែរ។ មកដល់ពេលនេះ មានកសិករចំនួន១៧០២ កំពុងទទួលផលពីការដាំបន្លែសុវត្ថិភាព ក្នុងនោះមានស្រី្ត និងជនមានពិការភាព ជាដើម។
 
លោក ឃិត សុភឿន ប្រាប់ដូច្នេះថា៖«កសិករខ្លះគាត់មានដី តែគាត់អត់មានសម្ភារសម្រាប់ធ្វើកសិកម្ម អ៊ីចឹង ខាងគម្រោងម៉ាស់២ យើងបានផ្ដល់សម្ភារ ចំណេះ និងជំនាញដល់គាត់។ យើងបានបង្រៀន ពួកគាត់(កសិករ)ឱ្យចេះធ្វើជីកំប៉ុស ដោយខ្លួនឯង និងបង្រៀនឱ្យពួកគាត់ពាក់ព័ន្ធនឹងបញ្ហាស្តង់ដាសុវត្ថិភាព ជាដើម»។
 
អ្នកបច្ចេកទេសក្នុងគម្រោងម៉ាស់២រូបនេះ បានបន្តថា ពីមុនស្រុកស្អាង ត្រូវបានគេចាត់ចូលបញ្ជីខ្មៅ ដោយសារបន្លែនៅទីនោះភាគច្រើនប្រើប្រាស់សារធាតុគីមី ឬថ្នាំច្រើនលើសលុប។ ប៉ុន្តែ ៣ ឆ្នាំចុងក្រោយនេះ កសិករមួយចំនួនក្នុងស្រុកស្អាង បានកែប្រែពីការដាំបន្លែគីមី មកដាំបែបធម្មជាតិ ឬសិរីរាង្គវិញ ដែលអនុវត្តស្តង់ដាសុវត្ថិភាព និងអនាម័យ។
 
ចំណែក អ្នកស្រី ហុង ស្រូយ កសិករដាំបន្លែម្នាក់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ខេត្តកណ្ដាល បានឱ្យដឹងថា តាមរយៈគម្រោងម៉ាស់២ កសិករបានយល់ដឹងពីបញ្ហាប្រឈមនៃបន្លែមានសារធាតុគីមីច្រើន ខណៈបន្លែគីមីនេះ ក៏ពុំសូវមានទីផ្សារដូចមុនដែរ។ ដូច្នេះ ទើបកសិករ ប្ដូរមកដាំបន្លែសុវត្ថិភាពវិញ។ បន្លែសុវត្ថិភាពមានទីផ្សារល្អ និងតម្លៃខ្ពស់ ពិសេសមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ 

អ្នកស្រី ហុង ស្រូយ កសិករដាំបន្លែសុវត្ថិភាពនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ខេត្តកណ្ដាល 

កសិកររូបនេះ អះអាងថា បច្ចុប្បន្ន មានកសិករមួយចំនួនតូចប៉ុណ្ណោះ ដែលនៅដាំបន្លែគីមី ខណៈអ្នកស្រី បានព្យាយាមណែនាំឱ្យកសិករទាំងនោះ ងាកមកដាំ និងបរិភោគបន្លែសុវត្ថិភាពវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។ អ្នកស្រី ស្រូយ ប្រាប់យ៉ាងដូច្នេះថា៖«អ្នកខ្លះដាំដាក់ជី និងប្រើប្រាស់ថ្នាំគីមីច្រើនពេក រហូតលែងហ៊ានហូបខ្លួនឯង។ ហើយអ្នកខ្លះក៏មកទិញបន្លែសុវត្ថិភាពពីខ្ញុំទៅហូបវិញ។​ ខ្ញុំ បានពន្យល់គាត់ឱ្យងាកមកដាំបន្លែសុវត្ថិភាព ព្រោះវាអត់ប៉ះពាល់ដល់សុខភាព»។​


 
អ្នកស្រី​ តូច ផិច ប្រធានសហគមន៍ស្វាយប្រទាលក្នុងក្ដីសង្ឃឹមក្នុងឃុំស្វាយប្រទាល ខេត្តកណ្ដាល បានលើកឡើងថា ក្នុងមួយ១ថ្ងៃ សហគមន៍ អាចផលិតបន្លែសុវត្ថិភាពបានជាង១តោន។ ឃុំស្វាយប្រទាល មានពលរដ្ឋជាង ២០០គ្រួសារ បានងាកមកដាំបន្លែសុវត្ថិភាព ដែលស្មើនឹង ៧០ភាគរយនៃចំនួនពលរដ្ឋសរុប។ 


 
ជាកសិករ និងជាប្រធានត្រួតពិនិត្យសហគមន៍សំភ្លីរស្សីនៅស្រុក​កោះអណ្ដែត ខេត្តតាកែវ អ្នកស្រី ម៉ុម ចន បានលើកឡើងថា ពីដើមកសិករ ចេះតែដាំដុះបន្លែតាមប្រពៃណី គ្មានបច្ចេកទេស ស្តង់ដារត្រឹមត្រូវ។ ប៉ុន្តែ ចាប់តាំងពីគម្រោងម៉ាស់២ ចូលមកដល់ បានបង្រៀន​ឱ្យកសិករយល់ដឹងពីជំនាញ និងបច្ចេកទេស ដាំដុះច្រើន។​

ការដាំបន្លែក្នុងផ្ទះសំណាញ់ក្នុងស្រុកសំរោង ខេត្តតាកែវ 

«យើងលែងបារម្ភថា បន្លែដាំហើយគ្មានទីផ្សារទៀតហើយ។ ឱ្យតែយើងដាំបាន ខាងសហគមន៍គេប្រមូលទិញទាំងអស់។ ការវិវត្តខ្លះពីការបន្លែគីមី មកសុវត្ថិភាពនេះល្អ ព្រោះទី១ វាអត់ប៉ះពាល់សុខភាព ទី២ គឺយើងបានតម្លៃខ្ពស់។ ជាក់ស្ដែង ពីមុនស្ពៃចង្កឹះ មួយគីឡូតែ ៥រយរៀលប៉ុណ្ណោះ តែឥឡូវ ឡើងដល់២៥០០រៀល»។ នេះជាការលើកឡើងរបស់​អ្នកស្រី ចន ដោយបន្តថា កសិករគួរផ្លាស់ប្ដូរការដាំបន្លែគីមី ទៅដាំបន្លែសុវត្ថិភាពវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូលបន្លែគីមី។

 អ្នកស្រី ម៉ុម ចន ជាកសិករ និងប្រធានត្រួតពិនិត្យសហគមន៍សំភ្លីរស្សីនៅស្រុក_កោះអណ្ដែត ខេត្តតាកែវ (ឈរកណ្ដាល)

លោក នួន ទុម ប្រធានផ្នែកការអភិវឌ្ឍអាជីវកម្ម ប្រមូលទិញបន្លែសុវត្ថិភាព ក្រុមហ៊ុន Khmer Organic បានបញ្ជាក់ថា តាមរយៈគម្រោងម៉ាស់២ ក្រុមហ៊ុនរបស់លោក បានចាប់ផ្ដើមទិញបន្លែសុវត្ថិភាពពីកសិកររយៈពេល៣ឆ្នាំហើយ ក្នុងនោះលោកទិញបន្លែពីកសិករពីសហគមន៍ស្វាយប្រទាលក្នុងក្ដីសង្ឃឹម ចំនួន ២០ទៅ៣០តោនក្នុងមួយខែ។
 
លោក បន្តថា ក្រុមហ៊ុនលោកបានរួមចំណែកជួយកសិករ តាមរយៈការជួយផ្ដល់ប្រាក់ចំណូល និងពង្រឹងសមត្ថិភាពដាំដុះឱ្យស្របតាមស្តង់ដា អនាម័យ ដើម្បីនាំចេញទៅកាន់ទីផ្សារ និងហាងមួយចំនួននៅភ្នំពេញ។ ដ្បិត បច្ចុប្បន្ន បន្លែសុវត្ថិភាពមានសន្ទុះគាំទ្រច្រើន ប៉ុន្តែ លោក នួន ទុម ថា កម្ពុជាត្រូវប្រើវេលាច្រើនទៀត ដើម្បីឱ្យពលរដ្ឋជឿទុកចិត្ត និងប្រើប្រាស់បន្លែសុវត្ថិភាពច្រើនជាងនេះទៀត។
 
លោក អះអាងដូច្នេះថា៖«មូលហេតុដែលទិញនៅក្នុងស្រុកស្អាងនេះ ដោយសារតែកសិករយើងបានផ្លាស់ប្ដូរឥរិយាបទពីការដាំដុះបែបប្រើប្រាស់សារធាតុគីមីខ្លាំង មកប្រើប្រាស់តាមស្តង់ដារដែលក្រុមហ៊ុនយើងតម្រូវវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទូទៅ»។
 
នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា កាលពីថ្ងៃទី១ មករា លោក វេង​ សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា កង្វះបរិមាណបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅតែជាបញ្ហាប្រឈម ខណៈកម្ពុជាត្រូវការបន្លែសុវត្តិភាពពី២០ ទៅ៣០ភាគរយទៀត ទើបអាចបំពេញតម្រូវការទូទាំងប្រទេស។ ដូច្នេះ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងពង្រីកទីផ្សារក្រៅប្រទេស​ លោក វេង សាខុន ជំរុញឲ្យកសិករផលិតបន្លែសុវត្តិភាពបន្ថែមទៀត ពិសេសកាត់បន្ថយការនាំចូលពីក្រៅប្រទេស។
 
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងប្រមាណពី ៥១ ៣៣៨ហិកតានៅឆ្នាំ២០១៤ ដល់ ៦៩ ៨៥០ហិកតា នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុបបានកើនជិតទ្វេដងពី ៤១៥ ២៣៩តោន នៅឆ្នាំ២០១៤ ដល់ ៨១០ ០៦៤ តោន។ ដោយឡែកទិន្នផលបន្លែក៏បានកើនឡើងពីប្រមាណ ៨តោនក្នុងមួយហិកតានៅឆ្នាំ២០១៤ ទៅជាង១២តោនក្នុងមួយហិកតានៅឆ្នាំ២០២១នេះ៕
 
 
 
 
 
 

Tag:
 ម៉ាស់២
  បន្លែសុវត្ថិភាព
  តាកែវ
  កណ្ដាល​
© រក្សាសិទ្ធិដោយ thmeythmey.com