ជាតិ
៣ខែ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់សម្លាប់មនុស្ស៤នាក់ និង​ខូតខាតផ្ទះជាង ៧០០ខ្នង
09, Apr 2022 , 11:59 am        
រូបភាព
លំនៅដ្ឋានពលរដ្ឋរងការខូចខាត ដោយខ្យល់កន្ត្រាក់ នាពេលកន្លងមក។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម។
លំនៅដ្ឋានពលរដ្ឋរងការខូចខាត ដោយខ្យល់កន្ត្រាក់ នាពេលកន្លងមក។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងត្រីមាស នៃឆ្នាំ២០២២ គ្រោះខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និងរបួស៤នាក់ ដោយប៉ះពាល់សំណង់អាគារចំនួន ៧៣១ខ្នង នៅទូទាំងប្រទេស ដែលភាគច្រើនជាលំនៅដ្ឋានពលរដ្ឋ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។


 
ក្នុងរយៈពេល៣ខែនាកន្លងទៅនេះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ កើតឡើងជាញឹកញាប់ បង្កឱ្យមានការខូចខាត លំនៅដ្ឋាន អគារនានា និងឆក់យកជីវិតពលរដ្ឋផងដែរ។ យោងតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះខ្យល់កន្ត្រាក់បានប៉ះពាល់ដល់ខេត្ត១០ រួមមាន ខេត្តកំពង់ធំ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ កណ្ដាល ស្វាយរៀង ព្រះសីហនុ កំពត និងខេត្ត​កំពង់ស្ពឺ។
 
សម្រាប់ខែមីនា គ្រោះខ្យល់កន្ត្រាក់ បានបណ្ដាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ៦៧ខ្នង, របើកដំបូល និងខូចខាតមធ្យមចំនួន ៦២១ខ្នង, របើកដំបូលសាលារៀន ៦អាគារ និងមណ្ឌលសុខភាព ១អាគារ ព្រមទាំងបណ្ដាលឱ្យពលរដ្ឋស្លាប់២នាក់ និង៣នាក់របួស។ ជាមួយគ្នានេះ គ្រោះរន្ទះបាញ់ ក៏បានបណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ និងរបួស១នាក់ និងខូចខាតផ្ទះមួយខ្នង។
 
រីឯខែកុម្ភៈវិញ គ្រោះខ្យល់កន្ត្រាក់ បានប៉ះពាល់ដល់ខេត្តចំនួន២ គឺខេត្តតាកែវ និងបន្ទាយមានជ័យ ដែល​បណ្ដាលឱ្យរលំផ្ទះ និងខូច​ខាតធ្ងន់ធ្ងរចំនួន ៩ខ្នង, របើកដំបូល និងមធ្យមចំនួន ២៥ខ្នង និងរបើកដំបូងប៉ុស្ដិ៍រដ្ឋបាលនគរបាលចំនួន ១កន្លែងផងដែរ។ ខណៈខែមករាមិនមានករណីខ្យល់កន្ត្រាក់ និងគ្រោះរន្ទះបាញ់ឡើយ។ នេះបើតាមរបាយការណ៍ លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
 
គួរជម្រាបផងដែរថា តាមការព្យាការអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី​៥ មេសានេះ កម្ពុជានឹងរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន ក្នុងកម្រិតពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ហើយឥទ្ធិពលនេះ មានកម្រិតខ្សោយទៅវិញ នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមេសា។
 
ស្ថានភាពបែបនេះ និងធ្វើឱ្យតំបន់វាលទំនាបកណ្ដាល អាចមានភ្លៀង ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើៗ និងអាចមានភ្លៀងធ្លាក់កម្រិតខ្សោយ នៅតំបន់ជួរជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី១១ និងទី១២ ខែមេសា។ ដូច្នេះពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ពីគ្រោះខ្យល់កន្ត្រាក់ រន្ទះ ដែលអាចកើតមានជាយថាហេតុ៕
 
 
 

Tag:
 គ្រោះមហន្តរាយ
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com