អន្តរជាតិ
លោក វ៉ាង យី៖ បទឈប់បាញ់មិនអាចទៅរួចឡើយ បើនៅតែបន្តផ្គត់ផ្គង់អាវុធទំនើបៗ
09, Apr 2022 , 4:29 pm        
រូបភាព
ដោយ ពុធ មីនា
 
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយក្នុងកិច្ចសន្ទនាតាម​ទូរសព្ទ​ជាមួយទីប្រឹក្សាការទូតប្រធានាធិបតីបារាំង លោក Emmanuel Bonne ថា អតុល្យភាពនៅក្នុងប្រព័ន្ធសន្តិសុខអឺរ៉ុបបន្តនាំ​វិបត្តិ​សម្រាប់ប្រទេសអ៊ុយក្រែន។

 
ឫសគល់នៃបញ្ហាអ៊ុយក្រែនចុងក្រោយ គឺ​ស្ថិតត្រង់ថា សន្តិសុខអឺរ៉ុប បាន​បាត់បង់តុល្យភាព។ នេះ​បើតាម​ការគូសបញ្ជាក់​របស់​ប្រមុខការទូតចិន ដែលត្រូវបាន​ដកស្រង់ដោយសារព័ត៌មាន​ RIA Novosti។
 
លោក វ៉ាង យី ​បាន​ថ្លែងប្រាប់ លោក Emmanuel Bonne ករណីនេះ ចាំបាច់តម្រូវឲ្យមាន​ការកសាងប្រព័ន្ធសន្តិសុខអឺរ៉ុប ដែលមានតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាពឡើងវិញ ស្របតាមគោលការណ៍នៃសន្តិសុខដែលមិនអាចបំបែកបាន។ ស្ថិរភាពរយៈពេលវែង និងសណ្តាប់ធ្នាប់យូរអង្វែងនៅអឺរ៉ុបត្រូវសម្រេចឲ្យបាន​យ៉ាងពិតប្រាកដ។
 
លោកបានអះអាង ក្រុងប៉េកាំង​ប្រឹងប្រែងយ៉ាងខ្លាំង​ក្នុងការសម្រេចឲ្យបាន​បទឈប់​បាញ់ ហើយ​ស្នើ​ឲ្យភាគីទាំងអស់​គួរ​បង្កើត​បរិយាកាស និងលក្ខខណ្ឌចាំបាច់ ដើម្បីជំរុញការចរចាសន្តិភាព មិនត្រូវដើរតួនាទីដុតរោល​បន្ថែមទៀតនោះទេ។
 
លោក វ៉ាង យី បាននិយាយថា បទឈប់បាញ់ និង​ការ​បញ្ចប់​ជម្លោះ មិនអាចទៅ​រួចឡើយ ប៉ុន្តែ​នៅតែមាន​ការបន្ត​ផ្គត់ផ្គង់​អាវុធ និងឧបករណ៍ទំនើប​ជាច្រើន ដែល​បណ្តាលឲ្យមាន​ការ​កើនឡើង​នូវអរិភាព។
 
លោកបានបន្ថែមថា វាក៏មិនអាច​ទៅ​រួច​នៅ​ដែល​ក្នុង​ការ​ប្រកាសការគាំទ្រការសន្ទនា និង​កិច្ច​ចរចា​សន្តិភាព ខណៈ​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​នៅតែ​បន្តមិន​ចេះចប់។
 
រដ្ឋមន្ត្រីការបរទេសចិនបានសន្និដ្ឋានថា ករណីនេះវាក៏មិនអាចទទួលយកបានដែរក្នុងការប្រកាសការគាំទ្រសម្រាប់ការសន្ទនា និងកិច្ចចរចាសន្តិភាព ស្របពេលជាមួយគ្នានេះ ការដាក់ទណ្ឌកម្មឯកតោភាគីមិនចេះចប់ ដែលជំរុញឱ្យមានការកើនឡើងនៃភាពផ្ទុយគ្នាបន្ថែមទៀត៕
 

Tag:
 ខេត្តស្ទឹងត្រែង
  ដើមរំចេក
  ដួលរំ
  ការប្រែប្រួល
© រក្សាសិទ្ធិដោយ thmeythmey.com