សុខភាព
អន្តរជាតិ
ការសិក្សា៖ ការគេងពេលថ្ងៃយូរម៉ោង អាចជាសញ្ញាដំបូងនៃជំងឺវង្វេង
16, Apr 2022 , 9:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ជាទូទៅ គ្រូពេទ្យតែងតែណែនាំឱ្យគ្រប់គ្នាគេងឱ្យបានច្រើនពេលថ្ងៃជំនួសវិញ ប្រសិនបើ​ការគេងនៅពេល​យប់មិនបានគ្រប់គ្រាន់។ ប៉ុន្តែ​សម្រាប់​មនុស្ស​ចាស់ ការ​ងងុយគេង​ច្រើន ឬគេងពេលថ្ងៃ​យូរម៉ោង​អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​វង្វេង។ ការសិក្សាបានរកឃើញថា មនុស្សចាស់គេង​យ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ បានប្រឈមហានិភ័យនៃការវិវដ្ត​ទៅមានជំងឺវង្វេង ប្រមាណ ៤០ភាគរយច្រើនជាងមនុស្សធម្មតា ឬគេងតិចជាងមួយម៉ោង​នៅពេលថ្ងៃ។

 
ការសិក្សាមួយដែលចុះផ្សាយលើទិនានុប្បវត្ដិ Alzheimer’s association បានរកឃើញថា ការងងុយគេងនៅពេលថ្ងៃ ឬគេងយូរជាងមួយម៉ោងនៅពេលថ្ងៃ គឺជារោគសញ្ញាដំបូង​នៃជំងឺវង្វេងកម្រិត​ស្រាលទៅមធ្យម ចំពោះមនុស្សចាស់។ ជំងឺវង្វេងអាចនឹងវិវដ្តទៅធ្ងន់ធ្ងរ​នៅពេលដែលអ្នក​ជំងឺចាប់ផ្ដើមលែងសូវងងុយគេងយប់ ហើយឧស្សាហ៍ភ្ញាក់ឡើងនៅ​ពេលយប់ និងមាន​អារម្មណ៍ងងុយគេងខ្លាំងតែនៅពេលថ្ងៃ។
 
ដើម្បីពិនិត្យមើលទំនាក់ទំនងរវាងការងងុយគេងពេលថ្ងៃ និងជំងឺវង្វេង ក្រុមអ្នកស្រាវជ្រាវ​បានសិក្សាលើមនុស្សចាស់ចំនួន ១៤០១នាក់ដែលមានអាយុជាមធ្យម ៨១ឆ្នាំ ដោយពិនិត្យ​មើលការថយចុះនៃការយល់ដឹង និងជំងឺវង្វេង។ នៅពេលចាប់ផ្តើមការសិក្សា អ្នកចូលរួម​ប្រហែល ៧៥ភាគរយមិនមានការចុះខ្សោយកម្រិតយល់ដឹងនោះទេ ខណៈ ២០ភាគរយ​មានការថយចុះការយល់ដឹងកម្រិតស្រាល ដែលជាដើមហេតុវិវដ្តទៅជំងឺវង្វេង។ ក្នុង​ចំណោមអ្នក​ចូលរួមដែលនៅសល់ ៤ភាគរយទៀតគឺមានជំងឺវង្វេង។
 
ក្នុងអំឡុងពេលសិក្សា អ្នកចូលរួមបានកែប្រែទម្លាប់នៃការគេងប្រចាំថ្ងៃ។ វាមានភាពខុសគ្នា​រវាងការគេងរបស់អ្នកដែលកើតជំងឺវង្វេង និងអ្នកដែលមិនបានកើតជំងឺវង្វេង នៅចុងបញ្ចប់​នៃការសិក្សា។ ចុងក្រោយ ការសិក្សាបានរកឃើញថា មនុស្សចាស់គេងយ៉ាងហោចណាស់ មួយម៉ោង​ក្នុងមួយថ្ងៃ បានប្រឈមហានិភ័យនៃការវិវដ្តទៅមានជំងឺវង្វេង ប្រមាណ ៤០ភាគរយច្រើន​ជាងអ្នកដែលមិនដែលគេងនៅពេលថ្ងៃ ឬគេងតិចជាងមួយ​ម៉ោងនៅពេលថ្ងៃ។
 
នេះដោយសារអ្នកដែលមានជំងឺវង្វេង មានណឺរ៉ូនថយចុះតិចជាងមុន ហើយទំនាក់ទំនង​រវាងណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត ក៏ត្រូវបានរំខាន ដែលជំរុញឱ្យសរីរាង្គមនុស្សបាត់បង់​តួនាទី។ ការណ៍នេះបានធ្វើឱ្យមនុស្សមានស្មារតីពេញលេញនិងមិនងងុយគេងនៅពេល​យប់ តែបែជាងងុយនៅពេលថ្ងៃវិញ។
 
គួរបញ្ជាក់ថា ណឺរ៉ូនគឺជាអ្នកដឹកនាំព័ត៌មានទៅខួរក្បាល និងត្រឡប់មកសាច់ដុំឱ្យឆ្លើយតប​ឱ្យបានសមស្របទៅនឹងស្ថានភាព។ ដូច្នេះនៅពេលវាត្រូវបានរំខាននោះ វានឹងបង្កឱ្យសរីរាង្គ​ណាមួយនៃរាងកាយធ្វើការមិន​ប្រក្រតី៕ 
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com