ជាតិ
សង្គមជាតិ
សមាជិកព្រឹទ្ធសភា៣រូប ទទួលបានគោរមងារជា «កិត្តិកោសលបណ្ឌិត» និង «កិត្តិសេដ្ឋាបណ្ឌិត»
11, Apr 2022 , 10:43 am        
រូបភាព
អ្នកស្រី ទី បូរ៉ាស៊ី លោក ម៉ុម ជឹមហ៊ុយ និង លោក ជា ជេដ្ឋ (រូបពីព្រឹទ្ធសភា)
អ្នកស្រី ទី បូរ៉ាស៊ី លោក ម៉ុម ជឹមហ៊ុយ និង លោក ជា ជេដ្ឋ (រូបពីព្រឹទ្ធសភា)
បុគ្គល៣រូបទៀត ដែលសុទ្ធតែជាសមាជិកព្រឹទ្ធសភា គឺអ្នកស្រី ទី បូរ៉ាស៊ី វ័យ៨៣ឆ្នាំ លោក ម៉ុម ជឹមហ៊ុយ វ័យ៨៣ឆ្នាំ និង លោក ជា ជេដ្ឋ វ័យ៧៤ឆ្នាំ ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារកិត្តិយលនៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលថ្វាយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការប្រទានគោរមងារ ដល់ពួកគាត់ទាំង៣រូប ធ្វើឡើងតាមព្រះរាជក្រឹត្យ៣ផ្សេងពីគ្នា ចេញដោយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២តែមួយ។



បើតាមព្រះរាជក្រឹត្យ អ្នកស្រី ទី បូរ៉ាស៊ី  និងលោក ម៉ុម ជឹមហ៊ុយ ទទួលបានគោរមងារជា «កិត្តិកោសលបណ្ឌិត» ដូចគ្នា ឯលោក ជា ជេដ្ឋ ទទួលបានគោរមងារជា «កិត្តិសេដ្ឋាបណ្ឌិត»។ ពួកគាត់ទាំង៣ សុទ្ធតែជាប្រធានគណៈកម្មការជំនាញរបស់ព្រឹទ្ធសភា ដោយ អ្នកស្រី ទី បូរ៉ាស៊ី ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន (គណៈកម្មការទី៥), លោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង ទេសចរណ៍ (គណៈកម្មការទី៧), លោក ជា ជេដ្ឋ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម (គណៈកម្មការទី២)។ 
 
កិត្តិ​នីតិកោសល​បណ្ឌិត មកពី​ពាក្យ​ថា កិត្តិ + នីតិ + កោសល + បណ្ឌិត​។
 
កិត្តិ ប្រែ​ថា សេចក្ដី​ថ្កុំថ្កើង​, រុងរឿង​, ល្បីល្បាញ ឬក៏​អាច​សំដៅលើ​កិត្តិយស​។ នីតិ ប្រែ​ថា ច្បាប់​។ កោសល ឬ​កុសល ប្រែ​ថា ល្អ​, ប្រពៃ​, បុណ្យ តែ​ក្នុង​ទីនេះ អាច​សំដៅថា ប៉ិនប្រសប់​, ឈ្លាស​វាងវៃ​។
 
​កិត្តិ​នីតិកោសល​បណ្ឌិត មានន័យថា បណ្ឌិត ដែល​ប្រកបទៅដោយ​កិត្តិយស និង​មាន​ភាពឈ្លាសវៃ ឬ​មាន​ជំនាញ​ខ្ពស់​ផ្នែក​ច្បាប់​។​
 
កិត្តិ​សេដ្ឋា​បណ្ឌិត មកពី​ពាក្យ​ថា កិត្តិ + សេដ្ឋា + បណ្ឌិត​។​
 
​សេដ្ឋ ឬ សេដ្ឋា ប្រែ​ថា ប្រសើរ​ផុត​, ប្រសើរ​លើសលុប​, ឧដុង្គឧត្តម​, ខ្ពង់ខ្ពស់​។​
 
​កិត្តិ​សេដ្ឋា​បណ្ឌិត មានន័យថា បណ្ឌិត​ដ៏​ប្រសើរ​ឬ​ដ៏​ឧដុង្គឧត្តម និង​ប្រកបដោយ​កិត្តិយស​៕ 
 
 

 

Tag:
 គោរមងារ
  កិត្តិកោសលបណ្ឌិត
  កិត្តិសេដ្ឋាបណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com