ជាតិ
សង្គមជាតិ
សមណបញ្ញវន្តខ្មែរ ព្រះអង្គ ងិន ភេន ទទួលអនិច្ចធម្ម ក្នុងព្រះជន្ម៩៤ព្រះវស្សា នៅបារាំង
12, Apr 2022 , 3:59 pm        
រូបភាព
ព្រះតេជគុណ ងិន ភេន (រូបពីទំព័រហ្វេសប៊ុករបស់ព្រះអង្គ)
ព្រះតេជគុណ ងិន ភេន (រូបពីទំព័រហ្វេសប៊ុករបស់ព្រះអង្គ)
ព្រះភិក្ខុ ឥន្ទប្បញ្ញោ ងិន ភេន ដែលត្រូវគេ ចាត់ទុកជាបញ្ញវន្តជាន់ខ្ពស់មួយព្រះអង្គពីសម័យសង្គមរាស្រ្តនិយមមក បានទទួលអនិច្ចធម្ម ដោយរោគាពាធ ក្នុងព្រះជន្ម៩៤ព្រះវស្សា នៅវត្តពោធិវង្ស ប្រទេសបារាំង នាវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ (កាលបរិច្ឆេទនៅបារាំង)។ នេះជាការបញ្ជាក់របស់លោក ឃិន សុផល អគ្គលេខាធិការសមាគមឧបត្ថម្ភពុទ្ធសាសនាខ្មែរ។



ពីប្រទេសបារាំង លោក ឃិន សុផល ថ្លែងមកកាន់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ថា ព្រះតេជគុណ ងិន ភេន មានជំងឺបេះដូង និងជំងឺផ្សេងទៀត។ លោក មានប្រសាសន៍ថា៖«មួយរយៈចុងក្រោយនេះ ព្រះអង្គ ខ្សោយទៅៗ ហើយព្រះអង្គ ចេះតែហើមដៃហើមជើង»។ 
 
លោក បង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ព្រះអង្គ ដែលជាអ្នកបួស មានការលះបង់ខ្ពស់ ដើម្បីអ្នកដទៃ។ លោក លើកឡើងថា៖«បច្ច័យរបស់ព្រះអង្គ ព្រះអង្គ គ្មានទុកទេ ព្រះអង្គ លះបង់ទាំងអស់ ដើម្បីកសាងវត្ត និងជួយប្រជាជន។ ខ្ញុំ បាត់បង្អែកធំណាស់។ ខ្ញុំ ក៏ចេះដឹងដោយសារព្រះអង្គដែរ»។ 
 
បើតាមលោក ឃិន សុផល ព្រះសង្ឃ និងពុទ្ធបរិស័ទ នឹងពិភាក្សាគ្នាអំពីការរៀបចំពិធីបុណ្យសពរបស់ព្រះអង្គ។ លោក ផ្តល់ព័ត៌មានខ្លីជាបឋមថា សពរបស់ព្រះអង្គ នឹងត្រូវបូជា តែលោក មិនទាន់ដឹងថា បូជានៅពេលណាឡើយ។ 
 
លោក ប្រាប់ថា វត្តពោធិវង្ស ត្រូវបានបង្កើតឡើងតាំងអំឡុងឆ្នាំ១៩៨១ ហើយព្រះអង្គ ងិន ភេន បាននិមន្តទៅគង់ក្នុងវត្តនេះ តាំងពីអំឡុងទសវត្សរ៍៩០ (លោក មិនចាំឆ្នាំច្បាស់ទេ តែលោក និយាយថា ប្រហែលជាក្នុងឆ្នាំ១៩៩៥)។ 
 
ក្នុងវីដេអូឃ្លីបមួយ ព្រះតេជគុណ ងិន ភេន ដែលជាប្រធានសមាគមឧបត្ថម្ភពុទ្ធសាសនាខ្មែរ បានមានសង្ឃដីកាសង្ខេបអំពីប្រវត្តិរបស់ព្រះអង្គ។ ព្រះអង្គ មានស្រុកកំណើតនៅក្នុងឃុំភ្នំឌិន ស្រុកគិរីវង្ស ខេត្តតាកែវ។ ព្រះអង្គ បានសាងផ្នួសតាំងពីក្មេង និងបានរៀនចប់សាលាបាលីជាន់ខ្ពស់ពីសម័យដើម (ប្រហែលមុនសម័យសង្គមរាស្រ្តនិយម)។ 
 
ក្រោយកម្ពុជា ទទួលបានឯករាជ្យពីបារាំងវិញ ក្នុងឆ្នាំ១៩៥៣ (ឈានចូលសម័យសង្គមរាស្រ្តនិយម) ព្រះអង្គ បានទទួលអាហារូបករណ៍ទៅរៀនថ្នាក់មហាវិទ្យាល័យរយៈពេល៧-៨ឆ្នាំ នៅថៃ។ ក្នុងសម័យខ្មែរក្រហម ព្រះអង្គ ត្រូវបានបង្ខំឲ្យសឹក ហើយក្រោយមក ព្រះអង្គ បានសាងផ្នួសវិញ រហូតដល់ព្រះអង្គ អស់ព្រះជន្ម។ 
 
ព្រះអង្គ ជាភិក្ខុមួយព្រះអង្គ ដែលគេ ឲ្យតម្លៃថា មានការចេះដឹងជ្រៅជ្រះទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ។ ព្រះអង្គ បានសរសេរសៀវភៅជាច្រើន ដូចជា សៀវភៅទសពិធរាជធម៌ សៀវភៅគុណធម៌ កសាងជាតិ សៀវភៅកម្មជាច្បាប់ធម្មជាតិ សៀវភៅទុក្ខកើតព្រោះអញ សៀវភៅសង្គាយនា សៀវភៅប្រស្នាអដ្ឋង្គិកមគ្គ សៀវភៅប្រជុំគោលធម៌ សៀវភៅសមថវិបស្សនា សៀវភៅវិបស្សនាភូមិ សៀវភៅវិបស្សនាកម្មដ្ឋានសង្ខេប សៀវភៅអានាបានស្សតិ សៀវភៅកើត ស្លាប់ សៀវភៅហីនយាន មហាយាន សៀវភៅដៃគូអ្នកកាន់ពុទ្ធសាសនា សៀវភៅដៃគូមនុស្ស សៀវភៅត្រៃសិក្ខា និង ត្រៃលក្ខណ៍ សៀវភៅបុណ្យ និង បាប សៀវភៅចំរើនព្រះជន្ម និងធម៌នាំឲ្យអាយុវែង ជាដើម។ 
 
អ្នកដែលធ្លាប់តាមដានសកម្មភាពរបស់ព្រះអង្គ ប្រាកដជាសង្កេតឃើញថា ព្រះអង្គ តែងឈឺឆ្អាលនឹងរឿងសង្គមជាតិ។ ព្រះអង្គ ឧស្សាហ៍មានសង្ឃដីកាតាមបណ្តាញសង្គម អំពីបញ្ហាស្រុកទេស ដោយព្រះអង្គ មិនមែនមានសង្ឃដីកាតែពីរឿងសាសនានោះទេ។ តាមរយៈសារលើបណ្តាញសង្គម ព្រះសង្ឃ និងគ្រហស្ថមួយចំនួន ដែលគោរពស្រឡាញ់ព្រះអង្គ បានបង្ហាញការសោកស្តាយចំពោះការបាត់បង់ព្រះអង្គ៕  
 

Tag:
 ភិក្ខុ ងិន ភេន
© រក្សាសិទ្ធិដោយ thmeythmey.com