ជាតិ
ក្រុម«របាំត្រុដិ» លោក សាវ៉ាង នៅទទួលបានប្រជាប្រិយភាព ក្រោយអាកខានចេញសម្ដែង២ឆ្នាំ
14, Apr 2022 , 5:59 pm        
រូបភាព
ក្រុមរបាំត្រុដិ របស់ លោក ស៊ូ សាវ៉ាង សម្ដែងនៅក្រសួងបរិស្ថាន។
ក្រុមរបាំត្រុដិ របស់ លោក ស៊ូ សាវ៉ាង សម្ដែងនៅក្រសួងបរិស្ថាន។
ភ្នំពេញ៖ ក្រុមរបាំត្រុដិ របស់ លោក ស៊ូ សាវ៉ាង ត្រឡប់មកសម្ដែងជូនដល់បណ្ដាជនឡើងវិញ ក្រោយអាកខានសម្ដែង ២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ បើតាមលោក សាវ៉ាង ការអាកខានសម្ដែង២ឆ្នាំនេះ មិនបានធ្វើឱ្យក្រុមរបាំត្រុដិខ្លួន ធ្លាក់ចុះប្រជាប្រិយភាពឡើយ។


 
«ហាអឺយ...កំប្លង់ៗអើយនាំគ្នាលេងត្រុដិ តាំងចិត្តបរិសុទ្ធជារបាំខ្មែរ ឆាឆារ៉ា ឆារ៉ាម៉ុមបង វើយៗក្រមុំ បង»។ នេះជាសូរសព្ទបន្លឺឡើងនៃរបាំត្រុដិ របស់ក្រុមអ្នករបាំមួយក្រុម ដែលកំពុងដើរដង្ហែក្រោមពន្លឺព្រះសូរិយា នាពេលរសៀល ចូលទៅក្នុងអគារក្រសួងបរិស្ថាន។ ក្រុមរបាំនោះ ជាក្រុមរបាំត្រុដិ របស់លោក ស៊ូ សាវ៉ាង នាយកប្រតិបត្តិនៃសមាគមចលនាវប្បធម៌ជាតិ។ 

  សកម្មភាពសម្ដែងរបាំត្រុដិ។

ការរីករាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឱ្យក្រុមរបាំត្រុដិ របស់លោក សាវ៉ាង អាកខានសម្ដែង រយៈពេល២ឆ្នាំមកនេះ។ ការវិលត្រឡប់មករកប្រក្រតីភាពថ្មី នៃការបើកប្រទេសឡើងវិញនេះ ក៏ជាឱកាសសម្រាប់ក្រុមសម្ដែងរបាំត្រុដិ របស់លោក សាវ៉ាង ក្នុងការបញ្ចេញសមត្ថភាពជាថ្មីម្ដងទៀតផងដែរ។ ការណ៍នេះ បានធ្វើឱ្យលោក សាវ៉ាង ត្រេកអរជាខ្លាំង ក្រោយបាត់បង់ចំណូលប្រមាណ២ឆ្នាំមកនេះ។ 
 
អង្គុយលើសាឡុងពណ៌ខ្មៅ ក្នុងអគារក្រសួងបរិស្ថាន លោក សាវ៉ាង បាន​រៀបរាប់ពីអារម្មណ៍របស់ខ្លួន ប្រាប់អ្នកសារព័ត៌មានថ្មីៗដូច្នេះ៖ « និយាយពីអរគុណរដ្ឋាភិបាល ដែលគាត់បានបើកផ្លូវឱ្យយើងរស់ឡើងវិញ។ រំភើបក្នុងចិត្ត! ហើយបាន(សម្ដែង)ច្រើនទៀត ក្នុងពេលនេះ បើចេញទៅសម្ដែងច្រើនវាហួសពីកាលពេល បើកទំលំទូលាយនោះទៀត»។

 លោក ស៊ូ សាវ៉ាង នាយកប្រតិបត្តិនៃសមាគមចលនាវប្បធម៌ជាតិ។ រូបភាពសហការី Thmey Thmey 25។ 

សម្រាប់ឆ្នាំនេះ ក្រុមរបាំត្រុដិ របស់លោក សាវ៉ាង ទទួលបានការអញ្ជើញទៅសម្ដែងជាង២០កន្លែង ដែលភាគច្រើនជាស្ថាប័នរដ្ឋ តាមបណ្ដាក្រសួងជាដើម។ បើតាមលោក សាវ៉ាង មុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្រុមរបាំខ្លួន តែងតែសម្ដែងតាមបណ្ដាក្រសួង និងក្រុមហ៊ុនធំៗផ្សេងៗ។ 
 
ជាមួយគ្នានេះ លោកបានរំឭកពីគ្រាលំបាកនៃអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ថា ក្រុមរបាំលោក ជួបការខ្វះខាតថវិកាផ្គត់ផ្គង់ក្រុម និងជីវភាព ដោយសារមិនអាចចេញទៅសម្ដែងបាន។ ចំណែកក្រុមរបាំ ដែលហ្វឹតហាត់កន្លែងខ្លួន ត្រូវបង្ខំចិត្តចាកចេញ ទៅរកការងារធ្វើផ្សេងៗ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ។ 
 
បុរសវ័យ៨០ឆ្នាំរូបនេះ បន្ថែមទៀតថា ដ្បិតរយៈពេល២ឆ្នាំកន្លងមក គ្មានការសម្ដែងក្តី ក៏មិនបានធ្វើឱ្យពលរដ្ឋភ្លេចនូវរបាំត្រុដិឡើយ។ «គាត់បានអញ្ជើញយើងមកហ្នឹង ដែលយើងបានដាក់សំណើទៅ អត់មានបដិសេដទេ។ ដូច្នេះយើងជាថ្នាក់ដឹកនាំនេះ ទាំងអស់គ្នានេះ សប្បាយចិត្ត ដោយសារយើងបានរាំវិញហើយ»។ នេះបើតាមលោក សាវ៉ាង។

មនុស្សម្នាច្រើនកោះករ ទស្សនារបាំត្រុដិ។  
 
ពាក់ព័ន្ធជាមួយការសម្ដែងវិញ លោក ស៊ូ សាវ៉ាង លើកឡើងថា បច្ចុប្បន្នមានការប្រែប្រួលបន្តិច ត្រង់ការសម្លាប់សត្វប្រើស។ ត្រង់ចំណុចនេះលោក សាវ៉ាង ពន្យល់ថា ក្រសួងខ្លះគេតម្រូវឱ្យតួអង្គសត្វប្រើសនោះ ត្រូវគេសម្លាប់ រួចថ្នាក់ដឹកនាំក្រសួងនោះ ប្រស់ឱ្យរស់ឡើងវិញ ឯស្ថាប័នខ្លះតម្រូវឱ្យសត្វនោះរត់គេចខ្លួន និងខ្លះទៀតនៅរក្សាទម្រង់ដើមដដែល។ 
 
ជាមួយគ្នានេះ លោក ស៊ូ សាវ៉ាង អំពាវនាវដល់សាធារណជនបន្តការគាំទ្រ «របាំត្រុដិ»នេះ ច្រើនកោះករបន្ថែមទៀត ដើម្បីរក្សាវត្តមាននៃរបាំនេះ ដល់កូនចៅជំនាន់ក្រោយ៕
 
 

Tag:
 ThmeyThmey25
  របាំត្រុដិ
  ស៊ូ សាវ៉ាង
© រក្សាសិទ្ធិដោយ thmeythmey.com