ជាតិ
នារីៗ​គប្បី​ស្លៀក​ពាក់ឱ្យ​បាន​​សម​រម្យ​ពេល​ចូល​​វត្ត
14, Apr 2022 , 8:19 pm        
រូបភាព
ភ្នំពេញ​៖ វត្ត​អារាម​គឺ​ជា​កន្លែង​បដិបត្តិ​ធម៌វិន័យ​របស់​ព្រះ​សង្ឃ​ក្នុងព្រះ​​ពុទ្ធសាសនា​ ជា​ស្រែ​បុណ្យ​ ជា​កន្លែង​សន្សំ​បុណ្យ​កុសលធ្វើ​ឱ្យ​ចិត្ត​ស្ងប់​​ សម្រាប់​មនុស្ស​ទូទៅ​ទាំង​ក្មេង​ទាំង​ចាស់​។ ដូច្នេះ​ការ​ស្លៀក​ពាក់​​ឱ្យ​បាន​សមរម្យ​​ចូល​វត្ត​អារាម​ នារដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ សម្រាប់​ទាំង​នារី​និង​បុរស​ គឺ​ជា​រឿង​ប្រពៃគួរ​គប្បី​ធ្វើ​។ សម្លៀក​បំពាក់​ហូល​ ផាមួង​ អាវ​ប៉ាក់​ និង​​សម្លៀក​បំពាក់សម​រម្យ​ជា​ច្រើន​ទៀត​​ ស័ក្ដិសមបំផុត​សម្រាប់​មិត្ត​នារី ដោយ​មិន​ចាំ​បាច់​ស្លៀក​ខើច​ខ្លីបង្ហាញ​សាច់​​នោះ​ទេ​។​


 
កន្លង​មក​គេ​សង្កេត​ឃើញ​ថា​ មាន​នារី​ៗស្ថិត​ក្នុង​វ័យ​ជំទង់​​មួយ​ចំនួន ​​ បាន​ស្លៀក​សម្លៀក​បំពាក់​ខើច​ខ្លី ​ឬ​វាល​ផ្នែក​ខាង​លើខ្លាំង ​ចូល​​ទៅក្នុង​​វត្ត​នា​​រដូវ​ចូល​ឆ្នាំ​ថ្មី​។ បើ​មើល​ទៅ​ជ្រុង​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​ខ្មែរ​ តាំង​ពី​បុរាណ​និង​ត​មក​ដល់​បច្ចុប្បន្ន​ ការ​ស្លៀក​ពាក់​បែប​នេះ មិន​ត្រូវ​បាន​សង្គ​ម​ខ្មែរ​ជា​ទូទៅ​​ ឱ្យ​តម្លៃ​ឡើយ​។ គេ​ក៏​អាច​ចាត់​ទុក​ថា​ការ​ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​ចូលវត្ត គឺ​​ជាផ្នែក​មួយ​រួម​ចំណែក​​​បំផ្លាញ​ទំនៀម​ទម្លាប់​ដ៏​ល្អ​របស់​ខ្មែរ​ផង​ដែរ​។​ 
 
ជា​ការ​ពិត​សេរី​ភាព​ក្នុង​ការ​ស្លៀក​ពាក់​​ពិត​ជា​មាន​ ប៉ុន្តែ​​គេក៏​​ត្រូវ​មើល​ពី​កម្ម​វិធី​ដែល​នឹង​​ចូល​រួមនោះ​​ដែរ​។ សម្លៀក​បំពាក់​ខើចខ្លី​​បញ្ចេញ​សាច់​ច្រើន​ ពេញ​និយម​សម្រាប់យុវជន​​ជំនាន់​ថ្មី​នេះ អាច​ស្លៀក​បាន​តាម​ចំណូល​ចិត្ត​ ទៅ​ក្នុង​កម្ម​វិធី​បែប​យុវវ័យ​ក្មេង​ៗ។​​ ប៉ុន្តែ​បើ​ស្លៀក​ពាក់​បែប​នេះ​ចូល​វត្ត​អារាម ពិត​ជា​ត្រូវ​គេ​រិះគន់​ ជាក់​ជា​មិន​ខាន​៕
 
ដើម្បី​ចូល​រួម​អប​អរ​សាទរ​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ សារព័ត៌​មាន​ថ្មី​ៗ​ សូម​ជូន​វីដេអូ​អប់​រំ​ខ្លី​ ស្ដី​ពី​ការ​ស្លៀក​ពាក់​ពេល​ទៅ​វត្ត​ក្នុង​រដូវ​ចូល​ឆ្នាំ។ តទៅ​នេះ​សូម​អស់​លោក លោក​ស្រី​ អ្នក​នាង​កញ្ញា​ អញ្ជើញ​ទស្សនា​ដោយ​ក្ដី​រីក​រាយ​៖
 
 
 
 

Tag:
 ចូល​ឆ្នាំ​
 ​សម្លៀក​បំពាក់​
  វត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com