ជាតិ
សេដ្ឋកិច្ច
យុវជន​សម័យ​ថ្មី ជាច្រើន ​មាន «គណនី​ធនាគារ» ចុះរបៀបសន្សំសំចៃ?
16, Apr 2022 , 7:15 pm        
រូបភាព
ភ្នំពេញ៖ ពីការ​សន្សំដាក់កូន​ជ្រូកដី ដាក់បំពង់ឫស្សី រហូតមកដល់​ការទុក​ដាក់​លុយ​នៅ​ធនាគារ ឬគ្រឹះស្ថានមី ក្រូហិរញ្ញ​វត្ថុ។ នេះជា​ការវិវត្តប្រែប្រួល​របៀប​រស់នៅ​របស់​មនុស្សទាក់ទង​នឹង​ការទុក​ដាក់លុយ។ បើតាម​​លោក អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមធនាគារនៅកម្ពុជា (ABC) យុវជន​ដែល ​ប្រើ​ប្រាស់គណនីធនាគារ (កុងធនាគារតាមភាសានិយាយ) នៅឆ្នាំ២០២២ មានជាង​២លាន​នាក់។ ការសន្សំលុយ ក្នុងសម័យ​ឌីជីថល ពិតជាមានភាពងាយស្រួល​សម្រាប់ ​យុវជន ប៉ុន្តែផល​អវិជ្ជមានក្នុងការចាយ​វាយក៏មាន​ផងដែរ។



ការគ្រប់គ្រងហិរញ្ញវត្ថុ ពិតជាសំខាន់សម្រាប់មនុស្សគ្រប់រូបក្នុងការរស់នៅប្រចាំថ្ងៃ។ សំខាន់ជាងនេះទៅទៀត ការសន្សំលុយ រឹតតែមានសារសំខាន់មនុស្ស ដើម្បីមានថវិកាត្រៀមសម្រាប់ប្រើប្រាស់ពេលមានតម្រូវការចាំបាច់។ វិល​ត្រឡប់ទៅក្រោយ​កាលពីប៉ុន្មាន​ទសវត្សរ៍មុន ការសន្សំលុយហាក់ខុសប្លែកពីយុវជនសម័យបច្ចុប្បន្ន ដោយការសន្សំលុយភាគច្រើន គឺសន្សំក្នុងកូនជ្រូកដី ក្នុងសៀវភៅ ក្រោមខ្នើ​យ ឬការយក​លុយទៅ​ វិនិយោគលើការចិញ្ចឹមសត្វជាដើម។

លោក អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមធនាគារនៅកម្ពុជា (ABC) និងជា​អតីត​ប្រធាន ដែល​ទើបផុតអាណត្តិ បាន​ប្រាប់​សារព័ត៌មានថ្មីៗ២៥ កន្លងមកថា បច្ចុប្បន្ន​មិន​សូវមាន​ការសន្សំលុយ​បែប​ បុរាណឡើយ ដោយសារ​ការ​ប្រើ​ប្រាស់គណនី​ធនាគារ​ដើម្បីសន្សំលុយ និង​សម្រាប់ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ មាន​កាន់តែច្រើន។

«ចំនួនគណនីនៅក្នុងធនាគារកាលពីឆ្នាំ២០១២មានចំនួន ១លាន៤សែននាក់ ហើយ​មក​ដល់ឆ្នាំ ២០២០ មានចំនួន ៦លាន២សែននាក់។ ចំពោះយុវជន នៅឆ្នាំ២០១៧មានចំនួន ២៥ម៉ឺននាក់ រហូតដល់ឆ្នាំ២០២២ កើន ឡើងដល់ ២លាន៣សែននាក់»។ នេះជាការកត់សម្គាល់​របស់​លោក អ៊ិន ចាន់នី ដែលជានាយកប្រតិបត្តិធនាគារ អេស៊ីលីដា ផងដែរ។

ការប្រើប្រាស់គណនីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីចំណាយ រួមទាំងសន្សំ គឺជាបរិបទថ្មីនៅកម្ពុជា ខណៈ យុវជន សម័យមុនមិនសូវទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ទូលំទូលាយឡើយ។ អ្នក ស្រី ប៉ែន បុប្ផា នាយិកាក្រុមហ៊ុនឫទ្ធិពល បានលើកឡើងថា៖« កាលពី១០ឆ្នាំមុន អ្នកខ្លះចាយក៏ចាយទៅ អ្នកខ្លះ ចាយហើយកត់ គិតក្បិតក្បៀត។ អ្នកខ្លះគាត់មានស្រោមសំបុត្រក៏ដាក់ជាកញ្ចប់លុយសម្រាប់រៀន សម្រាប់ទិញ ខោអាវ និង​សម្រាប់ជួបជុំមិត្តអ៊ីចឹងទៅ។ បើឱ្យពួក​គាត់មានការកត់ត្រា ស្រួលបួលដូចមិនទាន់មានទេ ហើយ កាលនោះក៏យើងមិនទាន់ប្រើទូរសព្ទសម្បូរបែបដែរ»។

ធ្លាប់ឆ្លង​កាត់​ជីវិត​ជាយុវជន អ្នកស្រី​ បុប្ផា បានរំលឹកថា កាលណោះ មិន​សូវអ្នក​​គិតគូរបញ្ហាហិរញ្ញ​វត្ថុ​អ្វីឡើយ ​លើក ​លែងតែគ្រួសារខ្លះ ​ជាអ្នករកស៊ីដែល​តែងតែ​អប់រំបង្រៀនកូនឱ្យយកចិត្តទុកដាក់រឿងលុយកាក់ឱ្យចេះសន្សំសំចៃ។ គ្រួសារខ្លះទិញមាស ខ្លះ​ទិញគោ ជ្រូក ខ្លះ​ទិញទ្រព្យសម្បត្តិដើម្បីតម្កល់ទុក ហើយទាំងនេះ ជាចំណេះផ្នែកហិរញ្ញវត្ថុ ដែលគាត់បានបង្រៀនទៅកូនតាមបែបប្រពៃណី។


អ្នក ស្រី ប៉ែន បុប្ផា នាយិកាក្រុមហ៊ុនឫទ្ធិពល

នាពេល​បច្ចុប្បន្ន នាយិកាក្រុមហ៊ុនឫទ្ធិពលរូបនេះ បានសង្កេតឃើញថា យុវជនភាគច្រើនសន្សំក្នុងគណនីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ព្រោះវាមានភាពងាយស្រួល និងទំនើប។ ភាពជឿនលឿននៃបច្ចេកវិទ្យា បានធ្វើឱ្យយុវជនសម័យថ្មី មានជម្រើសច្រើនក្នុងការចាយវាយ ដែលជាផលអវិជ្ជមានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថរបស់ពួកគេ។ អ្នកស្រី ប៉ែន បុប្ផា បានលើកឡើងថា៖« ពីមុនមិនសូវមានជម្រើសចាយវាយច្រើនឡើយ ហើយមធ្យោបាយចាយលុយក៏មិនទាន់ សម្បូរបែបប៉ុន្មាន។ ឥឡូវស្រួលណាស់តាមទូរសព្ទ ដើរតែចុចក៏ចាយបាន មានតែកាតមួយក៏ឆូតបាន។ ជម្រើស ទាំងនេះមិនមែនអាក្រក់ទេ តែយុវជនត្រូវចេះគ្រប់គ្រងខ្លួន កុំតាមភាពទំនើប មិនមើលស្ថានភាពខ្លួន»។
 
អ្នកស្រីយល់ឃើញថា យុវជនគួរស្វែងយល់ពីចំណូលចំណាយរបស់ខ្លួនឱ្យច្បាស់ ជាពិសេសត្រូវដឹងពីចំណាយ ចាំបាច់ប្រចាំថ្ងៃ បើមិនដូច្នេះទេ យុវជនអាចចាយតាមចំណង់ ទិញសម្ភារនិយម ឬទិញនេះទិញនោះ មិនបានគិតគូរ ជាមុនសិន។ អ្នកស្រីបានបន្ថែមថា យុវជនគួរតែរៀបចំផែនការលុយកាក់ ដែលហៅថាផែនការហិរញ្ញវត្ថុ។ ហេតុនេះ យុវជនគួរតែមានគោលដៅជីវិតខ្លួនឯង គួរចាប់ផ្តើមគិតថាតើចង់ឃើញខ្លួនយ៉ាងណានៅថ្ងៃមុខ ហើយត្រូវគិតថាខ្លួនឯងគួររៀនអ្វីបន្ថែម ដើម្បីអាចរកចំណូលបានច្រើនជាងមុន។ ក្រៅពីនេះ យុវជនក៏គួរមានវិន័យសម្រាប់ខ្លួន ដើម្បីជៀសវាងការបំពាន់លើផែនការហិរញ្ញវត្ថុ។

បច្ចុប្បន្ន វិស័យដឹកជញ្ជូនដឹកជញ្ជូននៅកម្ពុជាមានតម្រូវការខ្ពស់ ដោយពលរដ្ឋខ្មែរភាគច្រើនបង្កើតចំណូល ពីការនាំទំនិញពីស្រុកក្រៅមកប្រកបរបររកស៊ី។ ហេតុនេះហើយ ការចាយវាយតាមរយៈគណនី ធនាគារបែបឌីជីថលបានជួយអាជីវករ ងាយស្រួលក្នុងការទូទាត់ចំណូលចំណាយ។ ជាមួយគ្នានោះ យើងសង្កេតឃើញថា យុវជនមួយចំនួនបានចំណាយច្រើនលើការទិញទំនិញតាមប្រព័ន្ធអនឡាញ និងការបរិភោគអាហារថ្មីៗជាដើម។

លោក ពេជ្រ ពង្សបុញ្ញប្ញទ្ធិ ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Twd. ហើយ​លោកបានបង្កើតទំព័រហ្វេសប៊ុក «កាក់សេន» ដើម្បីផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុ និងរបៀបគ្រប់គ្រងហិរញ្ញវត្ថុ។ លោកបានលើកឡើងថា របៀបចាយវាយ និងរបៀបសន្សំ របស់យុវជនបច្ចុប្បន្ន គឺខុសគ្នាច្រើនពីយុវជនកាលពីមុន។ យុវជនសម័យបច្ចុប្បន្ន ប្រើប្រាស់ឌីជីថលច្រើនជាងយុវជនកាលពី១០ឆ្នាំមុន ដែលពួកគេមិនសូវខ្វាយខ្វល់ និងមានចំណេះដឹង​រឿងបច្ចេកវិទ្យាឡើយ។


លោក ពេជ្រ ពង្សបុញ្ញប្ញទ្ធិ ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Twd.

ក្រៅពីនេះ លោកសង្កេតឃើញថា ជម្រើសនៃការចាយវាយរបស់យុវជនក្នុងយុគសម័យឌីជីថល គឺមានភាពសម្បូរបែប ជាពិសេសទៅលើតម្រូវការរស់នៅប្រចាំថ្ងៃ។ តួយ៉ាង នៅពេល«កាក់សេន» បង្កើតមាតិកាទាក់ទងទៅនឹងការទិញអីវ៉ាន់អនឡាញ ប្រិយមិត្តរបស់កាក់សេនភាគច្រើនចែករំលែកបន្ត និងបញ្ចេញមតិដែលទាក់ទងនឹងរឿងរបស់ខ្លួន។

លោក ពង្សបុញ្ញប្ញទ្ធិ បានបន្ថែមថា៖‍« បើប្រៀបធៀបជាមួយ១០ឆ្នាំមុន ខ្ញុំគិតថាវាខុសគ្នាច្រើន ដោយសារវាពាក់ព័ន្ធនឹងសកលភាវូបនីយកម្មផង និងជីវិតក្នុងសម័យឌីជីថលផង មានន័យថា ការប្រើប្រាស់ការចាយវាយហ្នឹង វាស្រួលចាយជាងមុន។ ទី១ ដោយសារផលិតផល និងតម្រូវការ វាកើតមានច្រើនជាងមុន ហើយទី២ ពាក់ព័ន្ធនឹងឱកាសនៃចាយវាយរបស់គាត់។ មនុស្សពីមុនមិនមានការកម្មង់ទិញអីវ៉ាន់ពីស្រុកក្រៅអីទេ ដូច្នេះវាមិនមានតម្រូវការអ្វីឡើយ អ៊ីចឹងការចាយវាយអាចតិច»។

នៅកម្ពុជា យុវជនដែលរស់នៅជាមួយអាណាព្យាបាល ទទួលបានការផ្គត់ផ្គង់ច្រើន​ និងមានលទ្ធភាពគ្រប់គ្រង់ហិរញ្ញវត្ថុប្រសើរជាង យុវជន ដែលរស់នៅពឹងផ្អែកលើខ្លួនឯង។ ជាក់ស្តែង សិស្សនិស្សិត ដែលមករស់នៅរាជធានី​ភ្នំពេញ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ត្រូវចំណាយច្រើនលើការស្នាក់នៅ និងបរិភោគ។

យុវជន ង៉ែត មិនា ជានិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាបុគ្គលិកក្នុងហាងកាហ្វេមួយកន្លែង ហើយ​បាន​មក​រស់នៅ​ក្នុងរាជធានី​ភ្នំពេញ រយៈពេល៤ឆ្នាំហើយ។ មិនា បាន​ប្រាប់ ThmeyThmey25 ថា ប្រាក់ខែដែលទទួលបានជាង១លានរៀល​ ត្រូវចំណាយទៅលើថ្លៃផ្ទះជួល ទឹកភ្លើង និងសន្សំសម្រាប់បង់ថ្លៃសាលា រួមជាមួយការចាយវាយប្រចាំថ្ងៃផងដែរ។


យុវជន ង៉ែត មិនា ជានិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាបុគ្គលិកក្នុងហាងកាហ្វេមួយកន្លែង

យុវជនវ័យ ២២ឆ្នាំរូបនេះបានលើកឡើងថា៖« ពេលខ្លះខ្ញុំចាយមិនដល់ខែទេ ព្រោះតម្រូវការប្រចាំថ្ងៃច្រើន ជាពិសេសនៅពេលដល់ថ្ងៃបង់សាលា ខ្ញុំចំណាយច្រើនជាងខែធម្មតា។ ម្យ៉ាង ខ្ញុំចំណាយខ្លះទៅលើសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សំលៀកបំពាក់ និងថ្លៃសាំងផង»។

យុវជន មិនា បានជ្រើសរើសការសន្សំតាមគណនីធនាគារមួយ ព្រោះយល់ថាងាយស្រួល រហ័ស និងមិនពិបាក។ យុវជនរូបនេះប្រើប្រាស់ការទូទាត់បែបឌីជីថលច្រើន ព្រោះបច្ចុប្បន្នមិនពិបាកចាយវាយឡើយ ហើយតាមស្ថានីយ ប្រេងឥន្ធនៈមួយចំនួនក៏មានទទួលលុយតាមប្រព័ន្ធឌីជីថលដែរ។

មិនខុសគ្នាប៉ុន្មានពីយុវជនខាងលើ កញ្ញា តាន់ ចាន់សុវណ្ណមុន្នីនាថ ជាបុគ្គលិកហាងកាហ្វេម្នាក់ដែរ ក៏បាន ជ្រើសរើសការសន្សំលុយតាមគណនីធនាគារមួយ។ កញ្ញាបានឱ្យដឹងថា ការចំណាយប្រចាំរបស់ខ្លួនមិនមានច្រើន ដោយសារកញ្ញារស់នៅជាមួយឪពុកម្តាយ។


កញ្ញា តាន់ ចាន់សុវណ្ណមុន្នីនាថ ជាបុគ្គលិកហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ

«ខ្ញុំធ្វើការនៅហាងកាហ្វេតាំងពីចប់វិទ្យាល័យ មិនទាន់ចូលរៀនសាកលទេ ព្រោះមិនទាន់ដឹងថាខ្លួនស្រលាញ់អ្វី។ ខ្ញុំបានប្រាក់ខែ១៨៥ដុល្លារ ខ្ញុំឱ្យទៅអ្នកផ្ទះ និងសន្សំខ្លះក្នុងគណនីធនាគារ»។ នេះជាការលើកឡើងរបស់កញ្ញា ចាន់សុវណ្ណមុន្នីនាថ ដោយបន្ថែមថា ការចាយវាយភាគច្រើន គឺទៅលើអាហារដែលកញ្ញាចូលចិត្ត។ មួយចំណែកទៀត គឺកញ្ញាចំណាយទៅលើមធ្យោបាយធ្វើដំណើរ ព្រោះកញ្ញាជិះតុតុទៅធ្វើការជាប្រចាំ។

ទន្ទឹមនឹងការកើនឡើងនៃចំនួនយុវជនដែលប្រើប្រាស់គណនីធនាគារ និងមីក្រូហិរញ្ញវត្ថ លោក អ៊ិន ចាន់នី ជឿជាក់ថា ទៅថ្ងៃមុខចំនួននៃអ្នកប្រើប្រាស់គណនេយ្យសន្សំនឹងកើនឡើងច្រើនទៀត។ លោកបានបញ្ជាក់ថា រៀងរាល់ឆ្នាំ គណនីសន្សំក្នុងធនាគារកើនឡើង២០ភាគរយ ដូច្នេះរយៈពេល១០ឆ្នាំទៅមុខនឹងកើនកាន់តែច្រើន៕


© រក្សាសិទ្ធិដោយ thmeythmey.com