អន្តរជាតិ
មន្ត្រីបក្សប្រឆាំងប្រេស៊ីលឲ្យរដ្ឋាភិបាលពន្យល់លើការបញ្ជាទិញថ្នាំ Viagra ឲ្យកងទ័ព
16, Apr 2022 , 8:45 am        
រូបភាព
ដោយ: ធីតា
ករណីដ៏ប្រទាំងប្រទើសមួយបានកើតឡើងនៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំង បានស្រាវជ្រាវឃើញការបញ្ជាទិញថ្នាំសម្រើប Viagra ចំនួន៣៥ ០០០គ្រាប់សម្រាប់កងទ័ព។

 
តាមរយៈ Twitter របស់ខ្លួន លោក Elias Vaz សមាជិកសភាបក្សកណ្តាល-ឆ្វេងរបស់ប្រេស៊ីល បានសរសេរថា៖ «បណ្តាមន្ទីរពេទ្យខ្វះថ្នាំ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Bolsonaro និងមន្ត្រីគាត់ បានចំណាយថវិកាជាតិដើម្បីទិញថ្នាំគ្រាប់តូចៗពណ៌ខៀវសម្រាប់ទាហាន»។ 
 
លោកបានចាត់ទុកថា នេះជាទង្វើអសីលធម៌ ហើយបានទាមទារឲ្យមានការបកស្រាយពីក្រសួងការពារជាតិ ដោយសមាជិកសភាបក្សប្រឆាំងរូបនេះ អះអាងថា ទទួលបានព័ត៌មានពីបណ្តាលព័ត៌មានតម្លាភាពរបស់រដ្ឋាភិបាល ដែលអាចឲ្យលោកចូលឆែកមើលទិន្នន័យទាក់ទងនឹងការចំណាយសាធារណៈ។
 
បើតាមលោក Elias Vaz ឯកសារពិតប្រាកដមិនបានបញ្ជាក់ថា ជាប្រភេទថ្នាំសម្រើប Viagra ឡើយ ប៉ុន្តែបង្ហាញពីចំនួនថ្នាំរាប់ពាន់គ្រាប់ផ្ទុកសារធាតុ Sildenafil ដែលជាប្រភេទឱសថដ៏ល្បីល្បាញក្នុងការព្យាបាលបញ្ហាប្រដាប់ភេទបុរស។
 
ក្រៅពីប្រភេទថ្នាំ Viagra លោក Vaz ក៏បានស្រាវជ្រាវឃើញថា ក្រសួងការពារជាតិប្រេស៊ីល ក៏បានទិញលិង្ហសិប្បនិម្មិតចំនួន៦០ដែលមានតម្លៃចន្លោះពី ១០ ៦០០ ទៅ១២ ៨០០ដុល្លារ សម្រាប់មន្ទីរពេទ្យយោធាចំនួន៣ផងដែរ ដោយតម្លៃសរុបគឺជាង៧០ម៉ឺនដុល្លារអាម៉េរិក។
 
យោងតាមការផ្សាយរបស់ AFP ក្រសួងការពារជាតិប្រេស៊ីល ទទួលស្គាល់ថា មានការបញ្ជាទិញប្រភេទថ្នាំ Sildenafil ពិតមែន ប៉ុន្តែវានឹងត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺដែលមានបញ្ហាលើសលើសឈាម សរសៃឈាមសួត ហើយដែល Viagra ក៏មានប្រសិទ្ធភាពក្នុងការព្យាបាលផងដែរ។
 
ស្របពេលជាមួយ សមាជិកសភាគណបក្សឆ្វេងនិយម លោក Marcelo Freixo ក៏បានរដ្ឋាភិបាលរបស់លោក Jair Bolsonaro ឲ្យផ្តល់សក្ខីភាពច្បាស់លាស់លើការបញ្ជាទិញថ្នាំ ដែលកន្លងមក ប្រមុខរដ្ឋាភិបាល ក៏បានប្រឆាំងនឹងគោលការណ៍ចែកសំឡីអនាម័យដោយឥតគិតថ្លៃដល់ស្ត្រីក្រីក្រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com